(ភ្នំពេញ)៖ លោក ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ នៅអគារមិត្តភាព នៃទីស្តីការគណៈរដ្ឋមន្ត្រី ដោយក្នុងនោះអង្គប្រជុំប្រមូលបានមតិយោបល់ និងធាតុចូល៣ចំណុចធំៗ ក្នុងគោលដៅជួយឱ្យខេត្តសៀមរាប មានកំណើនទេសចរកាន់តែច្រើន។
អង្គប្រជុំនេះក៏មានការចូលរួម ពីលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការ តំណាងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រមទាំងតំណាងក្រសួង ស្ថាប័នរដ្ឋ និងវិស័យឯកជនពាក់ព័ន្ធ ក្នុងវិស័យទេសចរណ៍ផងដែរ។
លោកទេសរដ្ឋមន្ត្រី ថោង ខុន ក៏ដូចជាអង្គប្រជុំគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ បានផ្តល់ជាមតិយោបល់ល្អៗក្នុងកិច្ចពិភាក្សា ដើម្បីធ្វើឱ្យខ្លឹមសារនៃវិធានការគន្លឹះរយៈពេល១ឆ្នាំ និងផែនការអភិវឌ្ឍន៍សម្រាប់រយៈពេលពេញមួយអាណត្តិទី ៧នេះកាន់តែមានសង្គតិភាព គ្រប់ជ្រុងជ្រោយ និងសុក្រឹតភាព។
ទន្ទឹមនេះ អង្គប្រជុំបានឯកភាពជាគោលការណ៍ដូចខាងក្រោម៖
ចំណុចធំទី១. អង្គប្រជុំឯកភាពលើសេចក្តីព្រាងសេចក្តីសម្រេចរាជរដ្ឋាភិបាល ស្តីពីការដាក់ឱ្យអនុវត្ត «វិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥» សេចក្តីព្រាង «វិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥» សំដៅដាក់ចេញនូវវិធានការបន្ទាន់ចំពោះមុខ ដើម្បីកែលម្អនិងដោះស្រាយរាល់បញ្ហាប្រឈមនៅតាមខ្សែច្រវាក់តម្លៃ នៃការធ្វើដំណើរទេសចរជាតិ និងអន្តរជាតិមកកាន់ខេត្តសៀមរាប ដែលក្នុងវិធានការគន្លឹះនេះបានស្នើឡើងជា២ចង្កោម គឺទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងភ្ញៀវទេសចរក្នុងស្រុកមកទស្សនាខេត្តសៀមរាម រួមមាន៖
* ចង្កោមទី១. ទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនាខេត្តសៀមរាប មានវិធានការគន្លឹះចំនួន៥៖
- វិធានការគន្លឹះទី១. ការផ្សព្វផ្សាយឱ្យស្គាល់ និងទាក់ទាញឱ្យមកទស្សនាខេត្តសៀមរាប
- វិធានការគន្លឹះទី២. បង្កលក្ខណៈងាយស្រួលដល់ការសម្រេចចិត្ត និងការរៀបចំដំណើរទេសចរណ៍មកកាន់ខេត្តសៀមរាប
- វិធានការគន្លឹះទី៣. បង្កលក្ខណៈងាយស្រួលក្នុងការមកដល់របស់ភ្ញៀវទេសចរនៅខេត្តសៀមរាប
- វិធានការគន្លឹះទី៤. សម្រួលដល់ដំណើរកម្សាន្តក្នុងខេត្តសៀមរាប ស្របតាមទិសស្លោក «សៀមរាប៖ តារារះនាទិសឧត្តរ»
- វិធានការគន្លឹះទី៥. ដំណើរវិលត្រឡប់ទៅវិញប្រកបដោយការចងចាំល្អ
* ចង្កោមទី២. ទាក់ទាញភ្ញៀវទេសចរក្នុងស្រុកមកទស្សនាខេត្តសៀមរាប មានវិធានការគន្លឹះចំនួន២៖
- វិធានការគន្លឹះទី៦. បង្កើនភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិមកទស្សនាខេត្តសៀមរាប
- វិធានការគន្លឹះទី៧. បង្កើនភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរបរទេសផ្ទៃក្នុង។
ជារួម សេចក្តីព្រាង «វិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២៥» រួមមាន២ចង្កោម ក្នុងនោះមានវិធានការគន្លឹះចំនួន៧ វិធានការចំនួន២៤ និងសកម្មភាពចំនួន៧៣ ដែលនឹងត្រូវអនុវត្តសម្រាប់រយៈពេលពេញមួយឆ្នាំ២០២៥។ ទន្ទឹមនេះ សេចក្តីព្រាងវិធានការគន្លឹះនេះក៏បានរំលេចអំពីសកម្មភាពស្នើឡើងដែលត្រូវអនុវត្តដោយក្រសួងស្ថាប័ន អង្គភាពពាក់ព័ន្ធ ទាំងអង្គភាពនាំមុខ និងអង្គភាពចូលរួមអនុវត្ត រួមជាមួយនឹងការបញ្ជាក់ពីក្របខណ្ឌពេលវេលាសម្រាប់ការអនុវត្តសកម្មភាពនីមួយៗច្បាស់លាស់។
ចំណុចធំទី២. អង្គប្រជុំឯកភាពលើសេចក្តីព្រាង «ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២៥-២០២៨»
សេចក្តីព្រាង «ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២៥-២០២៨» មានចក្ខុវិស័យស្តារនិងលើកស្ទួយវិស័យទេសចរណ៍ខេត្តសៀមរាបឱ្យបានល្អប្រសើរ ក្នុងនោះ៖ ១-ជំរុញការទាក់ទាញភ្ញៀវទេសចរអន្តរជាតិនិងក្នុងស្រុកឱ្យទៅលម្ហែកម្សាន្តយ៉ាងច្រើនកុះករនៅខេត្តសៀមរាប ២-បង្កើនការរីកលូតលាស់អាជីវកម្មទេសចរណ៍ និងអាជីវកម្មក្នុងវិស័យគាំទ្រនៅខេត្តសៀមរាប និង៣-ធ្វើឱ្យប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប និងតំបន់ជុំវិញទទួលបានផលពីការរីកចម្រើននៃវិស័យទេសចរណ៍ឡើងវិញ។
សេចក្តីព្រាង «ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២៥-២០២៨» ត្រូវបានរៀបចំឡើងដើម្បីកំណត់នូវសកម្មភាពដែលផ្តល់ផលភ្លាមៗសម្រាប់រយៈពេលខ្លី និងរយៈពេលមធ្យម តាមរយៈការធ្វើអាទិភាវូបនីយកម្មសកម្មភាពរបស់គ្រប់តួអង្គលើការគ្រប់គ្រង ការអភិវឌ្ឍ និងការផ្សព្វផ្សាយទេសចរណ៍ខេត្តសៀមរាប ដោយបន្ស៊ីពីខ្លឹមសារនៃផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២១-២០៣៥ និងស្របតាមការវិវត្តជាក់ស្តែងនៃបរិបទទីផ្សារទេសចរណ៍ក្រោយវិបត្តិកូវីដ-១៩ ដើម្បីទាក់ទាញភ្ញៀវទេសចរចម្រុះជាតិសាសន៍មកកម្សាន្តក្នុងខេត្តសៀមរាបឱ្យបានគ្រប់រដូវកាល មកច្រើនដង ស្នាក់នៅយូរ និងចំណាយច្រើនជាងមុន។
ផែនការនេះនឹងធ្វើការវាយតម្លៃ និងវិភាគស្ថានភាពទេសចរណ៍ ទាំងផ្នែកតម្រូវការ និងផ្គត់ផ្គង់ក្នុងឧស្សាហកម្មទេសចរណ៍ខេត្តសៀមរាប ខ្សែច្រវាក់តម្លៃទេសចរណ៍អន្តរជាតិមកខេត្តសៀមរាប (ឥរិយាបថ ទំនោរក្នុងការធ្វើដំណើរទេសចរណ៍) និងបញ្ហាប្រឈម ព្រមជាមួយនឹងការសិក្សាការរៀបចំអភិក្រមយុទ្ធសាស្ត្រ និងសេណារីយ៉ូនៃការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ខេត្តសៀមរាប ក្រោយពេលវិបត្តិ ដោយមានសូចនាករសមិទ្ធកម្មសម្រាប់ឆ្នាំ២០២៨ រួមមាន៖ ចំនួនភ្ញៀវ រយៈពេលស្នាក់នៅជាមធ្យម អត្រាប្រើប្រាស់បន្ទប់ស្នាក់នៅ (Hotel Occupancy Rate) និងចំណាយរបស់ភ្ញៀវ ព្រមជាមួយការដាក់ចេញនូវសសរស្តម្ភចំនួន៥ ដូចខាងក្រោម៖
* សសរស្តម្ភទី១៖ ពិពិធកម្ម និងលើកកម្ពស់អត្តសញ្ញាណ «សៀមរាប៖ តារារះនាទិសឧត្តរ»
* សសរស្តម្ភទី២៖ ពង្រឹង និងពង្រីកទីផ្សារទេសចរណ៍ចម្រុះមកកាន់ខេត្តសៀមរាប
* សសរស្តម្ភទី៣៖ លើកកម្ពស់ភាពប្រកួតប្រជែងគោលដៅទេសចរណ៍ខេត្តសៀមរាប
* សសរស្តម្ភទី៤៖ លើកកម្ពស់ខេត្តសៀមរាបជាគោលដៅគួរឱ្យចងចាំ និងផ្តល់នូវបទពិសោធន៍ទេសចរណ៍ល្អ
* សសរស្តម្ភទី៥៖ កាត់បន្ថយគម្លាតរដូវកាលទេសចរណ៍នៅខេត្តសៀមរាប។
ជារួម ការព្យាករណ៍សេណារីយ៉ូនៃការស្តារនិងលើកស្ទួយទេសចរណ៍ខេត្តសៀមរាបសម្រាប់រយៈពេល៤ឆ្នាំ (២០២៥-២០២៨) ខាងមុខនេះ អាចលេចឡើងក្រោមរូបភាពជា២សេណារីយ៉ូ ដូចខាងក្រោម៖
* សេណារីយ៉ូទី១៖ ស្ថានភាពគ្មានកិច្ចអន្តរាគមន៍
តាមការព្យាករឆ្ពោះទៅឆ្នាំ២០២៨ ដោយ១-សម្រាប់ភ្ញៀវទេសចរអន្តរជាតិ ខេត្តសៀមរាបរំពឹងថានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ២.៥លាននាក់ ២-សម្រាប់ភ្ញៀវទេសចរក្នុងស្រុក ខេត្តសៀមរាបរំពឹងថានឹងទទួលបានទេសចរក្នុងស្រុកប្រមាណ៣លាននាក់។
* សេណារីយ៉ូទី២៖ ស្ថានភាពមានកិច្ចអន្តរាគមន៍ និងគោលនយោបាយគាំទ្រ
តាមការព្យាករឆ្ពោះទៅឆ្នាំ២០២៨ ដោយ១-សម្រាប់ភ្ញៀវទេសចរអន្តរជាតិ ខេត្តសៀមរាបរំពឹងថានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ៤លាននាក់ ២-សម្រាប់ភ្ញៀវទេសចរក្នុងស្រុក ខេត្តសៀមរាបរំពឹងថានឹងទទួលបានទេសចរក្នុងស្រុកប្រមាណ៤លាននាក់។
ជាលទ្ធផល នៅឆ្នាំ២០២៨ ករណីមានការអនុវត្តនិងដាក់ចេញផែនការបានល្អប្រសើរ (សេណារីយ៉ូទី២) ខេត្តសៀមរាបនឹងមានសមត្ថភាពទទួលស្វាគមន៍ភ្ញៀវទេសចរប្រមាណ៨លាននាក់ (ក្នុងនោះភ្ញៀវទេសចរអន្តរជាតិចំនួនប្រមាណ៤លាននាក់ និងភ្ញៀវទេសចរក្នុងស្រុកប្រមាណ៤លាននាក់) និងការចំណាយសរុបចាក់បញ្ចូលសេដ្ឋកិច្ចខេត្តសៀមរាបប្រមាណ៣.៩៨ពាន់លានដុល្លារអាម៉េរិក ជាមួយនឹងអត្រាបន្ទប់ប្រើប្រាស់ (Occupancy Rate) ឈានដល់ប្រមាណ៩០%។
ចំណុចធំទី៣. អង្គប្រជុំគាំទ្រលើគម្រោងអាទិភាពចំនួន៧ ដែលគាំទ្រដល់ការអភិវឌ្ឍទេសចរណ៍សៀមរាបក្នុងរយៈពេល៤ឆ្នាំខាងមុខនេះ រួមមាន៖
* គម្រោងទី១៖ អភិវឌ្ឍន៍សង្កាត់ទេសចរណ៍គំរូក្រុងសៀមរាប (ផ្សារចាស់ និងវត្តរាជបូណ៌)
* គម្រោងទី២៖ កែលម្អបទពិសោធន៍ទេសចរណ៍ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងតំបន់អង្គរ
* គម្រោងទី៣៖ លើកកម្ពស់ភាពទាក់ទាញទេសចរណ៍តំបន់ចុងឃ្នៀស
* គម្រោងទី៤៖ លើកកម្ពស់ភាពទាក់ទាញទេសចរណ៍ សម្រាប់សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក
* គម្រោងទី៥៖ អភិវឌ្ឍន៍ខ្សែច្រវាក់តម្លៃនៅក្នុងឧស្សាហកម្មទេសចរណ៍ខេត្តសៀមរាប
* គម្រោងទី៦៖ អភិវឌ្ឍន៍ទេសចរណ៍តំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន»
* គម្រោងទី៧៖ បង្កើតភាពទាក់ទាញទេសចរណ៍ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប។
ការរៀបចំគម្រោងអាទិភាពទាំង៧នេះ ពិតជាបានឆ្លុះបញ្ចាំងលើអភិក្រមចំនួន៤ គឺ៖ ទី១-ភាពចាំបាច់ ទី២-ត្រូវតែធ្វើ ទី៣-ភាពអាចធ្វើទៅបាន និងទី៤-ភាពសមហេតុផល។
ជាមួយគ្នានោះ លោកទេសរដ្ឋមន្ត្រី ថោង ខុន បានស្នើដល់លេខាធិការដ្ឋាន គ.អ.ទ.ស. យកមតិយោបល់ និងធាតុចូលដែលទទួលបានពីអង្គប្រជុំនាព្រឹកនេះ និងក៏ដូចជាយោបល់ជាលាយលក្ខអក្សរពីក្រសួងស្ថាប័នពាក់ព័ន្ធ យកទៅកែសម្រួលឱ្យបានឆាប់ ដើម្បីត្រៀមគោរពរាយការណ៍ជូនលោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ មុនគោរពដាក់ឆ្លងសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ដើម្បីពិនិត្យនិងសម្រេចដ៏ខ្ពង់ខ្ពស់នៅចុងខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ ដើម្បីជាមូលដ្ឋានឱ្យឯកសារទាំងពីរអនុម័តជាផ្លូវការនៅដំណាច់ឆ្នាំ២០២៤៕