(ភ្នំពេញ)៖ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បានលើកឡើងថា កំណើនថ្មីនៃការវិនិយោគបរទេសនៅកម្ពុជាក្នុងឆ្នាំ២០២៤នេះ ជាកត្តាដ៏សំខាន់ក្នុងការបង្កើតឱកាសការងារផ្នែកឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ជាពិសេសឧស្សាហកម្មវាយនភណ្ឌ កាត់ដេរ និងសម្លៀកបំពាក់ ខណៈមានការចុះបញ្ជិការបង្កើតរោងចក្រថ្មីៗជាច្រើនកន្លែងជាបន្តបន្ទាប់នៅក្នុងឆ្នាំនេះ។ 

លោករដ្ឋលេខា បានគូសបញ្ជាក់ថា តាមរយៈគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទាក់ទាញអ្នកវិនិយោគបរទេស ជាពិសេសកត្តាសន្តិភាព គឺជាកត្តាដ៏សំខាន់ក្នុងការស្រូបយកការវិនិយោគផ្ទាល់ពីបរទេសជាបន្តបន្ទាប់មកក្នុងប្រទេសកម្ពុជា និងអាចបង្កើតការងារនៅក្នុងស្រុកជូនដល់ពលរដ្ឋកម្ពុជាជាច្រើន។

លោក កត្តា អ៊ន បានកត់សំគាល់ថា ត្រឹមក្នុងខែតុលា ឆ្នាំ២០២៤កន្លងទៅនេះ តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគថ្មីពីបរទេសចំនួន៣០ និងពង្រីកផលិតកម្មចំនួន១គម្រោង ដែលគម្រោងទាំងអស់នេះអាចបង្កើតការងារថ្មីក្នុងស្រុកប្រមាណ ១៦ពាន់កន្លែង ក្នុងខេត្តកំពង់ស្ពឺ ស្វាយរៀង ព្រះសីហនុ ភ្នំពេញ កណ្តាល កំពង់ចាម កំពង់ឆ្នាំង កំពង់ធំ កំពត កោះកុង តាកែវ ព្រះវិហារ។ គម្រោងវិនិយោគថ្មីៗទាំងអស់នេះ មានទាំងគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់, ស្បែកជើង និងកាបូប, គម្រោងបង្កើតរោងចក ផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ, សម្ភារៈបរិក្ខារសម្រាប់បោះតង់, គ្រឿងសង្ហារឹម, គ្រឿងតុបតែងលម្អ ជាដើម។

ទន្ទឹមនេះ លោករដ្ឋលេខា ក៏បានលើកឡើងដែរថា ការស្វែងរកការងារធ្វើនៅក្នុងប្រទេសពុំមានការលំបាកនោះទេ ពីព្រោះឱកាសការងារជាច្រើនទាំងនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានាត្រូវបានប្រកាសស្ទើរតែរៀងរាល់សប្តាហ៍ ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ដូចនេះ លោកបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់សូមចាប់ឱកាសការងារនៅក្នុងស្រុកដ៏សម្បូរបែប ដើម្បីទទួលបានប្រាក់ចំណូលសមរម្យ។ 

លោករដ្ឋលេខាធិការ បានបន្ថែមថា ជម្រើសការងារក្នុងស្រុក និងក្រៅស្រុក គឺជាសិទ្ធិក្នុងការជ្រើសរើសរបស់ប្រជាពលរដ្ឋ ក៏ប៉ុន្តែសូមធ្វើការពិចារណាអំពីការងារនៅក្នុងស្រុកដែលកំពុងមានតម្រូវការជាខ្លាំងនៅឆ្នាំ២០២៤ ក្នុងនោះការធ្វើការនៅក្នុងស្រុកនាពេលបច្ចុប្បន្នគឺទទួលបានអត្ថប្រយោជន៍ច្រើនដូចទៅនឹងបណ្តាប្រទេសជិតខាងផងដែរ។ ក្នុងនោះមានដូចជា ទី១ ប្រាក់ឈ្នួលសមរម្យ ទី២ កន្លែងការងារនៅក្បែរផ្ទះ​ និងទី៣ ការចំណាយទាប ដែលអាចឱ្យ បងប្អូនប្រជាពលរដ្ឋអាចសន្សំសំចៃការចាយវាយជាប្រចាំបាន៕