(ភ្នំពេញ)៖ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសពីឱកាសការងារក្នុងស្រុកចំនួន ៤៤៩៣៥កន្លែង ក្នុងវិស័យសំខាន់ៗចំនួនបីធំៗនៅទូទាំងប្រទេស សម្រាប់សាធារណជន យុវជន ងាយស្រួលជ្រើសរើសចូលបម្រើការងារតាមជំនាញដែលខ្លួនមាន។

បើតាមលោករដ្ឋលេខាធិការ ឱកាសការងារជាង៤ម៉ឺនកន្លែងនោះ មានក្នុងវិស័យដូចជា វិស័យឧស្សាហកម្ម ចំនួន ៣២១៥៥កន្លែង វិស័យកសិកម្មចំនួន ៣០៧៦កន្លែង និងសេវាកម្មចំនួន ៩៧០៤កន្លែង ដែលត្រូវបានប្រកាសជ្រើសរើសនៅក្នុងបណ្តាខេត្តជាច្រើនដូចជា៖ ខេត្តកំពង់ស្ពឺ, ខេត្តកំពង់ឆ្នាំង, រាជធានីភ្នំពេញ, ខេត្តស្វាយរៀង, រតនគីរី, ក្រចេះ, តាកែវ, កណ្តាល, បន្ទាយមានជ័យ, ស្ទឹងត្រែង, កំពង់ចាម និងបណ្តាខេត្តផ្សេងៗទៀត។

ក្នុងនោះដែរ តម្រូវការកម្លាំងពលកម្មមានដូចជា មន្រ្តីឥណទាន និងប្រាក់កម្ចី, អ្នកបញ្ជាម៉ាសុីនដេរ, អ្នកត្រួតពិនិត្យដំណើរការផលិតលោហធាតុ, យន្តការី និងអ្នកដំឡើងអគ្គិសនី និងបុគ្គលិកផ្នែកកត់ត្រាស្ថិតិ ហិរញ្ញវត្ថុ និងធានារ៉ាប់រង និងមុខរបរផ្សេងៗជាច្រើនទៀត។ បងប្អូន យុវជន សិស្ស និស្សិត មេត្តាទាក់ទងទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈទូរសព្ទ 1297 ឬ 1286 ឬ តេលេក្រាម និង CoolApp លេខ 077 23 23 78 ដើម្បីចុះឈ្មោះ និងសម្ភាសភ្លាមៗ។

ទន្ទឹមនឹងឱកាសការងារនៅក្នុងស្រុកច្រើនសម្បូរបែប លោករដ្ឋលេខាធិការបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់សូមចាប់យកឱកាសការងារដែលនៅក្បែរខ្លួន ហើយសូមកុំទៅធ្វើការងារដោយខុសច្បាប់នៅក្រៅប្រទេស ខណៈឱកាសការងារនៅក្នុងស្រុកត្រូវបានប្រកាសជាហូរហែរ និងជាច្រើនមុឺនកន្លែងជារៀងរាល់សប្តាហ៍ ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោករដ្ឋលេខាធិការបានបន្ថែមថា បងប្អូនប្រជាពលរដ្ឋ សូមធ្វើការពិចារណាអំពីឱកាសការងារនៅក្នុងស្រុកដែលកំពុងមានតម្រូវការជាខ្លាំងនៅឆ្នាំ២០២៤ និងឆ្នាំ២០២៥ខាងមុខ ខណៈការធ្វើការនៅក្នុងស្រុកនាពេលបច្ចុប្បន្នគឺទទួលបានអត្ថប្រយោជន៍ច្រើនដូចទៅនឹងបណ្តាប្រទេសជិតខាងផងដែរ។ ក្នុងនោះ ទី១ ប្រាក់ឈ្នួលសមរម្យ ទី២កន្លែងការងារនៅក្បែរផ្ទះ​ និងទី៣ ការចំណាយទាបដែលអាចឱ្យបងប្អូនសន្សំសំចៃការចាយវាយជាប្រចាំបាន។

គួរបញ្ជាក់ថា ចាប់ពីខែសីហា ឆ្នាំ២០២៣ ដល់ខែសីហា ឆ្នាំ២០២៤ ពោលគឺមួយឆ្នាំដំបូងនៃរាជរដ្ឋាភិបាលអាណត្តិទី៧ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសម្រេចបានសមិទ្ធិផលគួរឱ្យកត់សម្គាល់លើកិច្ចការស្វែងរកឱកាសការងារជូនពលរដ្ឋកម្ពុជា។

ទន្ទឹមនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) បានរៀបចំកម្មវិធី "វេទិកាការងារ" ជាប្រចាំដើម្បីបង្កើតកន្លែងជួបគ្នាដោយងាយស្រួលរវាងនិយោជក និងអ្នកស្វែងរកការងារ ក្នុងការដាក់ពាក្យ និងសម្ភាសការងារភ្លាមៗ ដែលរួមមាន៖ កិច្ចសម្ភាសការងារ វេទិកាការងារ និងពិព័រណ៍ការងារថ្នាក់ខេត្ត និងថ្នាក់ជាតិ ដែលក្រុមហ៊ុន សហគ្រាប់ធំៗជាច្រើនអាចចូលរួមដាក់តាំងបង្ហាញឱកាសការងារជូនសាធារណជន។ លើសពីនេះ NEA ក៏មានមជ្ឈមណ្ឌលការងារចំនួន ១៤ និងមជ្ឈមណ្ឌលការងារចល័តចំនួន ៧ ដើម្បីផ្តល់ព័ត៌មាន និងសេវាការងារដោយផ្ទាល់ ជូនយុវជន សិស្ស/និស្សិតនៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាល និងសាកលវិទ្យាល័យនានានៅទូទាំងប្រទេសផងដែរ៕