(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡងថា កន្លងទៅឯកសារប្រវត្តិសាស្ត្រអំពីប្រទេសកម្ពុជា ហាក់នៅមិនទាន់មានភាពសម្បូរបែបនៅឡើយ ដែលការណ៍នេះនាំឱ្យមានការបកស្រាយផ្សេងៗគ្នាលើទិដ្ឋភាពជាច្រើន ក្នុងប្រវត្តិសាស្ត្រប្រទេសកម្ពុជា។

ការលើកឡើងបែបនេះរបស់ លោកបណ្ឌិតសភាចារ្យ សុខ ទូច បានធ្វើឡើងនៅក្នុងពិធីបើកសន្និសីទអន្តរជាតិស្តីពី «ប្រវត្តិសាស្ត្រប្រទេសកម្ពុជា៖ កម្ពុជាក្នុងសម័យអាណានិគមបារាំង» ដែលរៀបចំដោយ រាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

លោកបណ្ឌិតសភាចារ្យ សុខ ទូច បានថ្លែងថា ឯកសារដែលសរសេប្រវត្តិសាស្ត្រកម្ពុជារទៀតសោត ភាគច្រើនជាឯកសារបរទេស។ អាស្រ័យហេតុនេះហើយ ទើបរាជបណ្ឌិត្យសភាកម្ពុជា បានប្រមូលផ្តុំចងក្រងឯកសារប្រវត្តិសាស្ត្រនេះឡើង។ ក្រុមការងារសរសេរ ប្រវត្តិសាស្ត្រប្រទេសកម្ពុជា ត្រូវបានបង្កើតឡើងក្នុងគោលបំណង ស្រាវជ្រាវ រៀបចំ និងចងក្រងសៀវភៅ ប្រវត្តិសាស្ត្រប្រទេសកម្ពុជានៅគ្រប់សម័យកាល ដោយរាប់បញ្ចូលទាំងវិសាលភាពទឹកដី នយោបាយការគ្រប់គ្រងរដ្ឋ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់ៗ វប្បធម៌ និងការរស់នៅរបស់ប្រជាជន ព្រមទាំងសមិទ្ធផលសំខាន់ៗរបស់ព្រះរាជានិងថ្នាក់ដឹកនាំគ្រប់ជំនាន់។ ជាឯកសារសរសេរដោយស្ថាប័នជាតិដែលកើតចេញពីកូនខ្មែរ អ្នកសិក្សាស្រាវជ្រាវខ្មែរសហការគ្នា។

លោកបណ្ឌិតបានបន្ដថា ស្មារតីអង្គប្រជុំ បានបែងចែកក្រុមការងារសរសេរអំពីប្រវត្តិសាស្ត្រខ្មែរជា៥សម័យកាលគឺ ក្រុមសម័យបុរេប្រវត្តិសាស្ត្រ ក្រុមសម័យមុនអង្គរ ក្រុមសម័យអង្គរ ក្រុមសម័យក្រោយអង្គរ និងក្រុមសម័យទំនើប។ បច្ចុប្បន្ននេះ ក្រុមការងារសរសេរប្រវត្តិសាស្ត្រប្រទេសកម្ពុជាសម្រេចបាន៖

១៖ ក្រុមសម័យបុរេប្រវត្តិសាស្ត្រ៖ ទទួលបានការសរសេរ៥០ភាគរយ
២៖ ក្រុមសម័យមុនអង្គរ៖ បានបញ្ចប់ការសរសេរ និង កំពុងធ្វើកំណែនិងសម្អាតឃ្លោងឃ្លា
៣៖ ក្រុមសម័យអង្គរ៖ សរសេរបាន៧០ភាគរយ
៤៖ ក្រុមសម័យក្រោយអង្គរបញ្ចប់ការសរសេរ ព្រមទាំងកំណែបាន៩០ភាគរយ
៥៖ ក្រុមសម័យទំនើប បញ្ចប់ទាំងការសរសេរ និងកំណែ១០០ភាគរយ។

បន្ថែមពីលើនេះទៅទៀត លោកបណ្ឌិតសភាចារ្យ សុខ ទូច បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សន្និសីទអន្តរជាតិនេះ ក៏កំពុងតែដើរតួជាមជ្ឈមណ្ឌលជួបជុំគ្នា សម្រាប់អ្នកសិក្សាស្រាវជ្រាវ អ្នករៀបចំគោលនយោបាយ អ្នកអនុវត្តគោលនយោបាយ និងអ្នកចូលរួមផ្សេងៗទៀត ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធក៏ដូចជាការរៀនសូត្រពីគ្នាទៅវិញទៅមក»។ ជាមួយគ្នានេះផងដែរ សន្និសីទអន្តរជាតិនេះ មានវាគ្មិនជាតិសុទ្ធសឹងជាអ្នកជំនាញប្រវត្តិសាស្ត្រ មករាជបណ្ឌិត្យសភាកម្ពុជា ហើយអន្តរជាតិវិញជាអ្នកជំនាញនិងអ្នកសរសេរសៀវភៅ និងអត្ថបទស្រាវជ្រាវអំពីប្រវត្តិសាស្ត្រកម្ពុជាអំសម័យអាណានិគមបារាំងរួមមានមកពី ប្រទេសបារាំង សហរដ្ឋអាម៉េរិក សហព័ន្ធរុស្ស៊ី ឡាវ និងអូស្ត្រាលី ជាដើម។

សូមជម្រាបដែរថា សន្និសីទអន្តរជាតិ​នេះ មានគោលបំណងចំនួន៨រួមមាន៖
ទី១៖ ស្វែងរកធាតុចូលពីអ្នកជំនាញជាតិនិងអន្តរជាតិ ដើម្បីឱ្យអត្ថបទដែលបានសរសេររួចហើយ បានគ្រប់ជ្រុងជ្រោយពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រប្រទេសកម្ពុជា
ទី២៖ ពង្រឹងនិងការពារនិរន្តរភាពនៃការស្រាវជ្រាវប្រវត្តិសាស្ត្រប្រទេសកម្ពុជា
ទី៣៖ បញ្ញាបចំណេះដឹងប្រវត្តិសាស្ត្រខ្មែរទៅដល់អ្នកសិក្សាស្រាវជ្រាវ សិស្ស និស្សិត សាធារណជន និងយុវជនឱ្យយល់កាន់តែច្បាស់ អំពីប្រវត្តិសាស្ត្រប្រទេសកម្ពុជាជា ពិសេសក្នុងសម័យអាណានិគមបារាំង
ទី៤៖ លើកកម្ពស់ការយល់ដឹង និងកសាងបណ្តាញប្រវត្តិសាស្ត្រកម្ពុជា ក្នុងចំណោមអ្នក ស្រាវជ្រាវជាតិនិងអន្តរជាតិ
ទី៥៖ ពិនិត្យទស្សនៈផ្សេងគ្នាលើប្រវត្តិសាស្ត្រកម្ពុជាក្នុងសម័យអាណានិគមបារាំង
ទី៦៖ ពង្រឹងនិងជំរុញការស្រាវជ្រាវប្រកបដោយនិរន្តរភាពលើប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា
ទី៧៖ រួមចំណែកក្នុងជំរុញការសិក្សាប្រវត្តិសាស្ត្រខ្មែរ
និងទី៨៖ ផ្ទៀងផ្ទាត់ខ្លឹមសារនិងទិន្នន័យអំពីប្រវត្តិសាស្ត្រខ្មែររវាង អ្នកស្រាវជ្រាវមកពីប្រភពនានា៕