(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បានរៀបចំការចាប់រង្វាន់ផ្សងសំណាងពីកម្មវិធី «វិក្កយបត្រនាំសំណាង (GDT Lucky Draw App)» ដើម្បីផ្តល់សំណាងដល់សាធារណជន ក្រោមអធិបតីភាពលោក គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធនៃអគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងអ្នកឧកញ៉ា ឧកញ៉ា លោក-លោកស្រី ដែលជាដៃគូសហការគាំទ្រក្នុងកម្មវិធី។

ក្នុងឱកាសនោះ លោក គង់ វិបុល បានលើកឡើងពីអត្ថប្រយោជន៍នៃការប្រើប្រាស់ កម្មវិធីវិក្កយបត្រនាំសំណាង (GDT Lucky Draw App) និងជំរុញការប្រើប្រាស់កម្មវិធី GDT Lucky Draw នេះ តាមរយៈការបញ្ចូលវិក្កយបត្រឱ្យបានច្រើន ដើម្បីជាការរួមចំណែកមួយក្នុងការពង្រឹងការប្រមូលចំណូលពន្ធដារ ពង្រឹងកាតព្វកិច្ចសារពើពន្ធ ឱ្យបានត្រឹមត្រូវ តម្លាភាព អនុលោមភាពសារពើពន្ធ កាត់បន្ថយការគេចវេះពន្ធ តាមរយៈការចេញវិក្កយបត្រ ធានាថាការចេញ វិក្កយបត្រទាំងអស់របស់អ្នកផ្គត់ផ្គង់ទំនិញឬសេវា បានបំពេញកាតព្វកិច្ចសារពើពន្ធត្រឹមត្រូវតាមច្បាប់។

ទន្ទឹមនឹងការរួមចំណែក ជាមួយអគ្គនាយកដ្ឋានពន្ធដារ សាធារណជនក៏មានឱកាសឈ្នះរង្វាន់ជាច្រើនផងដែរ។ ដូច្នេះ ការចាប់រង្វាន់ផ្សងសំណាងនេះ គឺសម្រាប់សាធារណជនទាំងឡាយណាដែលបានបញ្ចូលវិក្កយបត្រចំណាយរបស់ខ្លួន តាមរយៈកម្មវិធីវិក្កយបត្រនាំសំណាង GDT Lucky Draw App ដែលអាចធ្វើការដោនឡូត(Download) កម្មវិធីនេះតាមរយៈ App Store ឬ Play Store បានដោយ ឥតគិតថ្លៃ។

ក្នុងនោះការចាប់រង្វាន់ផ្សងសំណាងត្រូវបានធ្វើឡើងចំនួន ២ លើក រួចមកហើយ ដែលរង្វាន់រួមមានដូចជា រថយន្ត សេរីទំនើប ម៉ូតូ Honda សេរីថ្មី ទូរស័ព្ទដៃ ទូរទស្សន៍ ទូទឹកកក និងរង្វាន់ផ្សេងៗជាច្រើនទៀត។ សូមសាធារណជនទាំងអស់ បន្តបញ្ចូល វិក្កយបត្រឱ្យបានច្រើនតាមកម្មវិធីវិក្កយបត្រនាំសំណាង (GDT Lucky Draw App) នឹងអាចមានសំណាងឈ្នះ រង្វាន់ធំៗជាច្រើនសន្ធឹកសន្ធាប់សម្រាប់ការចាប់រង្វាន់បន្ទាប់។

កម្មវិធីថ្ងៃនេះ គឺជាការចាប់រង្វាន់ផ្សងសំណាងលើកទី៣ ដែលអគ្គនាយកដ្ឋានពន្ធដារបានរៀបចំចាប់រង្វាន់ផ្សងសំណាងជូន សាធារណជន ដែលបានបញ្ចូលវិក្កយបត្រចំណាយរបស់ខ្លួន តាមរយៈកម្មវិធីវិក្កយបត្រនាំសំណាង (GDT Lucky Draw App)។

គួរបញ្ជាក់ផងដែរថា ការចាប់រង្វាន់ផ្សងសំណាងនាថ្ងៃនេះ អគ្គនាយកដ្ឋានពន្ធដារបានរកឃើញអ្នក ដែលមានសំណាងឈ្នះរង្វាន់ ចំនួន ៤០ រង្វាន់ រួមមានរថយន្ត Mazda CX-5 ចំនួន ១ រង្វាន់ ម៉ូតូ Honda Dream ចំនួន ៥ រង្វាន់ ទូរស័ព្ទ Iphone ចំនួន ៥ រង្វាន់ ទូរទស្សន៍ LG 43 អ៊ីញ ចំនួន ១០ រង្វាន់ ទូទឹកកក ចំនួន ៥ រង្វាន់ និងរង្វាន់លើកទឹកចិត្តផ្សេងៗទៀត ចំនួន ១៤ រង្វាន់ ហើយ ទីកន្លែង និងពេលវេលាក្នុងការប្រគល់រង្វាន់ អគ្គនាយកដ្ឋានពន្ធដារនឹងជូនដំណឹងនាពេលឆាប់ៗខាងមុខនេះ៕