(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារអនុគណៈកម្មការគ្រប់គ្រងទូក ដើម្បីបែងចែកទីតាំងស្នាក់នៅរបស់ កីឡាករអុំទូក និងទីលានប្រណាំងទូក ដែលមកពីតាមបណ្តាខេត្តនានា ដឹកនាំដោយលោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ និងអភិបាលរងរាជធានី លោក អុីម រ៉នហាស្សាន់ និងមានការចូលរួមពីតំណាងរដ្ឋបាលខេត្ត កងទ័ពជើងគោក កងទ័ពជើងទឹក និងសមាសភាពពាក់ព័ន្ធដទៃទៀត នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

កិច្ចប្រជុំសម្រេចបានលទ្ធផលដូចខាងក្រោម៖

* គ្រប់ខេត្តបានឯកភាពតាមប្លង់ ដែលកំណត់ដោយក្រុមការងារ សាលារាជធានីភ្នំពេញ

* មន្ទីររៀបចំដែនដី នគរូបនីយ៍កម្ម និងសំណង់រាជធានីភ្នំពេញ ត្រូវ សិក្សាបន្ថែមលើចំណតដាក់ឡានរបស់ខេត្តនីមួយៗ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងសម្ភារ និងស្បៀង

* ក្រុមការងារត្រូវបន្ថែមបន្ទប់ទឹកឱ្យបានគ្រប់គ្រាន់ និងពិនិត្យមើលអគ្គិសនីឱ្យបានម៉ត់ចត់

* អង្គប្រជុំសម្រេចនឹងចុះពិនិត្យបន្ថែមលើទីតាំងផ្ទាល់នាថ្ងៃដដែល។

កិច្ចប្រជុំបានណែនាំ និងសំណូមពរដល់គ្រប់ខេត្តទាំងអស់ សហការឱ្យបានល្អ ជាពិសេសត្រូវយកចិត្តទុកដាក់រឿងអនាម័យ វេចខ្ចប់សំរាមឱ្យបានល្អ ដើម្បីងាយស្រួលក្រុមការងារ ក្នុងការប្រមូល៕