(សៀមរាប)៖ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប តាមរយៈកិច្ចសម្ភាសជាមួយបណ្ដាញព័ត៌មាន Fresh News បានបង្ហាញអំពីសមិទ្ធផលលេចធ្លាសំខាន់ៗមួយចំនួន ក្នុងរយៈពេល៦ខែ ដែលលោកមកកាន់តំណែងជាស្នងការនគរបាលខេត្តទេសចរណ៍មួយនេះ។
លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តសៀមរាប បានគូសបញ្ជាក់ថា ចំពោះបទល្មើសព្រហ្មទណ្ឌ, ក្មេងទំនើង, ល្បែងស៉ីសង, អាជីវកម្មផ្លូវភេទ និងជួញដូរមនុស្ស និងបទល្មើសគ្រឿងញៀន ដែលបានកើតមានឡើងតែងតែបង្ក្រាបបានជាបន្ដបន្ទាប់។ ដោយឡែក ចំពោះបញ្ហាសន្ដិសុខ សណ្ដាប់ធ្នាប់ទូទៅវិញ គឺត្រូវធានាបានយ៉ាងល្អប្រសើរ ដែលជាការបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរ អ្នកវិនិយោគ និងប្រជាពលរដ្ឋផងដែរ។
ក្រៅពីការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសដែលកើតមានហើយនោះ លោកឧត្តមសេនីយ៍ទោ ហួត សុធី ក៏បានកែលម្អ និងកសាងបន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ពិសេសអគារបំពេញការងាររបស់មន្ដ្រីនគរបាលផងដែរ ក្នុងនោះដូចជាការកសាងប៉ុស្ដិ៍គោលដៅប្រចាំការអចិន្ដ្រៃយ៍ បានចំនួន៦គោលដៅ ដែលសុទ្ធតែជាគោលដៅសំខាន់ៗក្នុងមូលដ្ឋានខេត្តសៀមរាប។
ខាងក្រោមនេះ ជាវីដេអូទាំងស្រុងនៃការរៀបរាប់របស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប៖