(សេអ៊ូល,កូរ៉េខាងត្បូង)៖ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ ប្រធានក្រុមទីប្រឹក្សារដ្ឋសភា និងជាអគ្គលេខាធិការរងរដ្ឋសភា នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមសន្និសីទអន្តរជាតិឆ្នាំ២០២៤ ស្តីពីភាពជាដៃគូអាស៊ាន-កូរ៉េ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។
លោកបណ្ឌិត ឈាង វណ្ណារិទ្ធ បានធ្វើការចែករំលែកទស្សនៈនៅក្នុងអង្គសន្និសីទថា ក្នុងបរិបទនៃការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស នៃទិដ្ឋភាពភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ច ជាមួយនឹងការកើនឡើងនៃការប្រកួតប្រជែងក្នុងចំណោមមហាអំណាចធំៗ ភាពឆាប់ប្រែប្រួល និងការកើនឡើងនៃភាពស្មុគស្មាញអន្តរជាតិ បានបង្ខំឱ្យមហាអំណាចកណ្តាល និងរដ្ឋតូចៗស្វែងរកជំហរដើម្បីអភិវឌ្ឍន៍ជាតិខ្លួន។
លោកបណ្ឌិត បានបន្ថែមថា ភាពជាដៃគូរវាងអាស៊ាន-កូរ៉េ គឺជាសសរស្តម្ភមួយក្នុងការលើកកម្ពស់សន្តិភាព និងវិបុលភាពក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ នៅក្នុងអំឡុងពេលដែលមានការរីកចម្រើនគួរឱ្យកត់សម្គាល់ អាស៊ាន និងកូរ៉េ ចាំបាច់ត្រូវពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ដោយផ្តោតលើមនុស្ស សន្តិភាព ភពផែនដី និងវិបុលភាព។
លោកបានមានប្រសាសន៍ទៀតថា ការពង្រឹងពហុភាគីនិយមបើកចំហ និងបរិយាបន្ន និងសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ គឺជាគោលបំណងរួមរបស់យើង ដោយតម្កល់នូវផលប្រយោជន៍ និងសេចក្តីប្រាថ្នារបស់ប្រជាជនជាស្នូលក្នុងទំនាក់ទំនងភាពជាដៃគូ។ ម្យ៉ាងទៀត សេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចបៃតង គឺជាវិស័យដែលកំពុងរីកចម្រើនពីរ ដែលទាមទារការខិតខំប្រឹងប្រែង និងប្រើធនធានបន្ថែមទៀត។
លោកបណ្ឌិត ឈាង វណ្ណារិទ្ធ ក៏បានស្នើឱ្យប្រទេសកូរ៉េ វិនិយោគធនធានបន្ថែមទៀត ក្នុងការគាំទ្ររដ្ឋសមាជិកអាស៊ាន ក្នុងការកសាងសមត្ថភាពនវានុវត្តន៍នៅទូទាំងវិស័យសាធារណៈ ឯកជន និងសង្គមផងដែរ៕