(ភ្នំពេញ)៖ សន្និសីទអន្តរជាតិស្តីពី «ប្រវត្តិសាស្ត្រប្រទេសកម្ពុជា៖ កម្ពុជាក្នុងសម័យអាណានិគមបារាំង» ត្រូវបានរៀបចំដោយ រាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធក៏ដូចជាការរៀនសូត្រពីគ្នាទៅវិញទៅមក។

សន្និសីទអន្តរជាតិនេះ មានការអញ្ជើញចូលរួមជាអធិបតីភាពដោយ ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ឯកអគ្គរដ្ឋទូត Julio A. Jeldres អ្នកឯកទេសប្រវត្តិសាស្ត្រការទូតរបស់កម្ពុជា និងជាអតីតលេខារបស់ សម្តេចព្រះនរោត្តមសីហនុ និងបច្ចុប្បន្នជា សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Griffith University ប្រទេសអូស្ត្រាលី ព្រមទាំងថ្នាក់ដឹងនាំជាន់ខ្ពស់ និងសិស្សនិស្សិតជាច្រើនរូប។

សន្និសីទអន្តរជាតិ​ដែលនឹងធ្វើឡើងរយៈពេល២ថ្ងៃនេះ មានគោលបំណងសំខាន់ៗ ៨ចំណុចរួមមាន៖
ទី១៖ ស្វែងរកធាតុចូលពីអ្នកជំនាញជាតិនិងអន្តរជាតិ ដើម្បីឱ្យអត្ថបទដែលបានសរសេររួចហើយ បានគ្រប់ជ្រុងជ្រោយពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រប្រទេសកម្ពុជា
ទី២៖ ពង្រឹងនិងការពារនិរន្តរភាពនៃការស្រាវជ្រាវប្រវត្តិសាស្ត្រប្រទេសកម្ពុជា
ទី៣៖ បញ្ជ្រាបចំណេះដឹងប្រវត្តិសាស្ត្រខ្មែរទៅដល់អ្នកសិក្សាស្រាវជ្រាវ សិស្ស និស្សិត សាធារណជន និងយុវជនឱ្យយល់កាន់តែច្បាស់ អំពីប្រវត្តិសាស្ត្រប្រទេសកម្ពុជាជា ពិសេសក្នុងសម័យអាណានិគមបារាំង
ទី៤៖ លើកកម្ពស់ការយល់ដឹង និងកសាងបណ្តាញប្រវត្តិសាស្ត្រកម្ពុជា ក្នុងចំណោមអ្នក ស្រាវជ្រាវជាតិនិងអន្តរជាតិ
ទី៥៖ ពិនិត្យទស្សនៈផ្សេងគ្នាលើប្រវត្តិសាស្ត្រកម្ពុជាក្នុងសម័យអាណានិគមបារាំង

ទី៦៖ ពង្រឹងនិងជំរុញការស្រាវជ្រាវប្រកបដោយនិរន្តរភាពលើប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា
ទី៧៖ រួមចំណែកក្នុងជំរុញការសិក្សាប្រវត្តិសាស្ត្រខ្មែរ
និងទី៨៖ ផ្ទៀងផ្ទាត់ខ្លឹមសារនិងទិន្នន័យអំពីប្រវត្តិសាស្ត្រខ្មែររវាង អ្នកស្រាវជ្រាវមកពីប្រភពនានា៕