(ឧត្តរមានជ័យ)៖ ក្រសួងងបរិស្ថាន នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤​ បានរៀបចំដំណេីរទស្សនកិច្ចជូន​គណៈប្រតិភូស្ថានទូតសាធារណរដ្ឋអ៉ីស្លាមប៉ាគីស្ថាន​ ដឹកនាំដោយលោក Zaheeruddin Babar Thaheem​ ​ឯកអគ្គរដ្ឋទូត​ ប្រចាំនៅប្រទេសកម្ពុជា​ ដើម្បីចុះទៅមេីលដំរីខាវ៉ាន​ ដែលបាននាំយកពីប្រទេសប៉ាគីស្ថានមករស់នៅប្រទេសកម្ពុជា​ នៅដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព​ ខេត្តឧត្ដរមានជ័យ​ កាលពីឆ្នាំ២០២០។

ដំណេីរទស្សនកិច្ចនេះ​ ដឹកនាំដោយ​លោក ហាវ​ វិសិដ្ឋ​ អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ ដោយមានការអញ្ជេីញចូលរួមពីលោក អ៊ុន សុភ័ក្រ អភិបាលរងខេត្ត ប្រធានមន្ទីរបរិស្ថានខេត្តឧត្ដរមានជ័យ​ លោក នន់ ថា អភិបាលរងស្រុកអន្លង់វែង​ សមាជិកក្រុមប្រឹក្សាស្រុកអន្លង់វែង​ និងអធិការរងនៃអធិការដ្ឋានស្រុកអន្លង់វែង។

ក្នុងដំណេីរទស្សនកិច្ចនេះ ឯកអគ្គរដ្ឋទូត​ បានកោតសរសេីរដល់ថ្នាក់ដឹកនាំក្រសួងបរិស្ថាន​ មន្ទីរបរិស្ថានខេត្ត​ មន្រ្តីឧទ្យានុរក្ស​ អង្គការអភិរក្សជម្រកសត្វព្រៃកម្ពុជា(Cambodia Wildlife Habitat Conservation Organisation )​ និងមូលនិធិ​ Save Elephant Foundation ព្រមទាំងអ្នកស្ម័គ្រចិត្តមេីលថែរក្សាដំរីខាវ៉ាន់បានយ៉ាងល្អ​ និងមានសុខភាពមាំមួន។

ជាមួយគ្នានេះ​ ​ឯកអគ្គរដ្ឋទូត​ បានផ្ដាំផ្ញេីគោរពថ្លែងអំណរគុណដល់​លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ ដែលបានផ្ដល់ឱកាសដល់រូបលោកនិងគណៈប្រតិភូមបានមកមេីលពីស្ថានភាពរស់នៅរបស់ដំរីខាវ៉ាន់ នៅទីតាំងដោយផ្ទាល់។

សូមបញ្ជាក់ថា​ បច្ចុប្បន្នដំរីខាវ៉ាន់​ មានដំរីញី​ចំនួន​២ក្បាល​ នៅជាមួយផងដែរ​ គឺឈ្មោះ​ ស្រីអៀន​ និងជីប្លក់​ តែដំរីខាវ៉ាន់​ ហាក់ចាប់ចិត្តតែជាមួយស្រីអៀនប៉ុណ្ណោះ៕