(ពោធិ៍សាត់)៖ ក្រសួងបរិស្ថានដាក់ចេញនូវយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ មកដល់ពេលនេះ មានអ្នកចូលរួមប្រមាណជិត ៩,៧លាននាក់ (គិតត្រឹមខែតុលា ឆ្នាំ២០២៤) ដែលស្មើនឹងជាងពាក់កណ្តាលនៃចំនួនប្រជាពលរដ្ឋសរុបទូទាំងប្រទេស ដែលបានចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកក្នុង ១ថ្ងៃ ប្រមាណជាង ៣០លានថង់។

នេះជាជោគជ័យមួយដែលលើសពីការរំពឹងទុកពីព្រោះថា រយៈពេលជាង ១ឆ្នាំ ប្រទេសកម្ពុជាអាចកាត់បន្ថយថង់ប្លាស្ទិកបានយ៉ាងច្រើនសន្ធឹកសន្ធាប់ តាមរយៈការសាមគ្គីភាព និងការចូលរួមពីសំណាក់ប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ កម្មករ កម្មការិនី លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។ បច្ចុប្បន្ននេះ នៅមានសាលារៀន រោងចក្រ សហគ្រាស ក្រុមហ៊ុនឯកជន និងវត្តអារាមនានាបានកំពុងចូលរួមនៅក្នុងយុទ្ធនាការនេះជាបន្តបន្ទាប់។

ជាក់ស្តែងនាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ម្សិលមិញ ក្រសួងបរិស្ថានសហការជាមួយរដ្ឋបាលខេត្តពោធិ៍សាត់ តាមរយៈមន្ទីរបរិស្ថានខេត្ត និងរដ្ឋបាលក្រុងពោធិ៍សាត់ បានរៀបចំយុទ្ធនាការបណ្តុះផ្នត់គំនិតស្អាត «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដោយមានមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងប្រជាពលរដ្ឋ ចេញរើសសំរាម សំណល់ប្លាស្ទិកព្រមគ្នា នៅតាមផ្លូវទាំងអស់ ក្នុងក្រុងពោធិ៍សាត់។

ការរៀបចំឱ្យមានយុទ្ធនាការនេះឡើង ដើម្បីឱ្យកម្ពុជាមានបរិស្ថានស្អាត និងស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ដែលជាយុទ្ធសាស្ត្របានរៀបចំឡើងអនុលោមទៅតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ឆ្នាំ២០២៣-២០២៨ ដែលបានគូសបញ្ជាក់ពីបេសកកម្ម និង ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងវិស័យ បរិស្ថាន ដើម្បីឆ្លើយតបទៅនឹងបំណងប្រាថ្នាប្រជាពលរដ្ឋទូទៅ សំដៅឈានឆ្ពោះទៅកាន់ការអភិវឌ្ឍប្រកបដោយចីរភាព។

បច្ចុប្បន្ននេះយុទ្ធនាការ «ថ្ងៃនេះខ្ញុំមិនប្រើប្លាស្ទិកទេ» បាននឹងកំពុងបន្តអនុវត្តយុទ្ធនាការនេះជារៀងរាល់ថ្ងៃ នៅតាមបណ្តាខេត្តទាំងអស់នៅក្នុងប្រទេសកម្ពុជា។ ជាមួយគ្នាដើម្បីជំរុញឱ្យយុទ្ធនាការនេះអនុវត្តទៅទទួលបានជោគជ័យ ក្រសួងបរិស្ថាន បានចុះអនុស្សរណៈយោគយល់ ជាមួយនិងរដ្ឋបាលខេត្តទាំងអស់ ស្ដីពីយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»។ អនុស្សរណៈយោគយល់នេះ បង្កើតឡើងក្នុងគោលបំណងដើម្បីអនុវត្តកិច្ចសហប្រតិបត្តិការរវាងក្រសួងបរិស្ថាន និងរដ្ឋបាល ថ្នាក់ក្រោមជាតិក្នុងការជំរុញ និងអនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល៕