(យូណាន, ចិន)៖ ក្រុមហ៊ុន Sailun Group ដែលជាក្រុមហ៊ុនផលិតសំបកកង់រថយន្តដ៏ល្បីមួយលើពិភពលោក និងកំពុងដំណើរការច្រវាក់ផលិតកម្មរបស់ខ្លួននៅកម្ពុជាផងដែរនោះ បានបង្ហាញបំណងពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមនៅកម្ពុជា ដើម្បីពង្រឹងសមត្ថភាពផលិតកម្មនៅក្នុងតំបន់។
បំណងនេះត្រូវបានបង្ហាញដោយលោក Yuan Zhongxue ប្រធានកិត្តិយសក្រុមហ៊ុន Sailun Group ក្នុងពេលចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នារសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន ប្រទេសចិន។
ក្នុងឱកាសនៃជំនួប លោកប្រធានកិត្តិយសក្រុមហ៊ុនបានគោរពជម្រាបសម្ដេចបវរធិបតី អំពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅតាមបណ្ដាប្រទេសមួយចំនួន និងវឌ្ឍនភាពនៃការវិនិយោគ ក៏ដូចជាកិច្ចសហការរបស់ក្រុមហ៊ុនជាមួយនឹងស្ថានប័នមួយចំនួននៅកម្ពុជាផងដែរ។ ទន្ទឹមនឹងនោះ លោកប្រធានកិត្តិយសក្រុមហ៊ុន ក៏បានគូសបញ្ជាក់អំពីគោលបំណងរបស់ក្រុមហ៊ុនក្នុងការពង្រីកការវិនិយោគរបស់ខ្លួននៅម្ពុជា ដោយផ្ដោតទៅលើ ១) ការកែច្នៃផលិតផលកៅស៊ូ ដើម្បីផលិតចេញជាផលិតផលផ្សេងៗ ដែលមានដូចជាសំបកកង់រថយន្តជាដើម ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងបម្រើដល់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ និង២) ការបង្កើតសួនឧស្សាហកម្មសម្រាប់ខ្សែច្រវាក់ផលិតកម្មនៃឧស្សាហកម្មកែច្នៃកៅស៊ូ ក៏ដូចជាសមត្ថភាពផលិតរបស់ក្រុមហ៊ុននៅក្នុងតំបន់ផងដែរ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្ដែងការអបអរសាទរចំពោះភាពជោគជ័យរបស់ក្រុមហ៊ុននៅក្នុងទីផ្សារពិភពលោក ក៏ដូចជាការរីកចម្រើនរបស់ក្រុមហ៊ុននៅកម្ពុជា។ សម្ដេចមហាបវរធិបតី ក៏បានសម្ដែងការស្វាគមន៍ និងគាំទ្រចំពោះបំណងរបស់ក្រុមហ៊ុនក្នុងការពង្រីកការវិនិយោគរបស់ខ្លួន ក្នុងការបង្កើតឱ្យមានប្រព័ន្ធអេកូស៊ីស្ទឹមពេញលេញនៅក្នុងការផលិតសំបកកង់រថយន្តនៅក្នុងសួនឧស្សាហកម្មនេះ គឺជាចំណុចមួយដ៏ល្អ ដែលស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកទឹកចិត្តដល់បណ្ដាក្រុមហ៊ុនវិនិយោគនៅក្នុងប្រទេសកម្ពុជា ឱ្យគិតគូរទៅដល់ការបង្កើតខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក ក៏ដូជាទីផ្សារអន្តរជាតិផងដែរ។ សម្ដេចបវរធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តសហការ និងពិភាក្សាបន្ថែមទៀតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ដើម្បីប្រែក្លាយគោលបំណងពង្រីកការវិនិយោគនេះឱ្យទៅជាសកម្មភាពជាក់ស្ដែងផងដែរ៕