(ថៃ)៖ តបតាមការអញ្ជើញរបស់លោក Tawee Sodsong រដ្ឋមន្ត្រីក្រសួងយុត្តិធម៌នៃព្រះរាជាណាចក្រថៃ, លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានដឹកនាំគណៈប្រតិភូ លេខាធិការដ្ឋានអាស៊ាន មកបំពេញទស្សនកិច្ចការងារ នៅប្រទេសថៃ។

នៅព្រឹកទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងបាងកក លោកបណ្ឌិត កៅ គឹមហួន បានជួបពិភាក្សាការងារជាមួយ លោក Tawee Sodsong រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៃព្រះរាជាណាចក្រថៃ។

កិច្ចពិភាក្សាបានផ្តោតលើតួនាទីបុរេសកម្មរបស់ប្រទេសថៃ ក្នុងការអនុវត្តច្បាប់អាស៊ាន និងវិស័យយុត្តិធម៌ នៅក្រោមយន្តការកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន (AMMTC) និងកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានស្តីពីបញ្ហាពាក់ព័ន្ធនឹងគ្រឿងញៀន (AMMD) ព្រមទាំង កិច្ចប្រជុំរដ្ឋមន្ត្រីច្បាប់អាស៊ានផងដែរ។

នៅព្រឹកថ្ងៃដដែល លោកបណ្ឌិត កៅ គឹមហួន បានជួបពិភាក្សាការងារជាមួយ ឧត្តមសេនីយ៍ Prachuap Wongsuk អគ្គស្នងការរងស្តីទីប៉ូលីសថៃ។

នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីនិន្នាការ ព្រមទាំងការប្រឈមពេលបច្ចុប្បន្ន ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆ្លងដែនក្នុងប្រទេសថៃ និងការចូលរួមចំណែករបស់ថៃ នៅក្នុងកិច្ចខិតខំប្រឹងប្រែងថ្នាក់តំបន់ ក្នុងយន្តការកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន ដើម្បីដោះស្រាយការគំរាមកំហែងនានា។
ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈអំពីការគំរាមកំហែង កំពុងកើនឡើងនៅក្នុងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺរណែតផងដែរ។

ដោយឡែក នៅរសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងបាងកក លោកបណ្ឌិត កៅ គឹមហួន បានចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី Paetongtarn Shinawatra នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ។

នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈលើកិច្ចការអាទិភាពជាច្រើន នៅក្នុងអាស៊ាន រួមទាំង ការចូលរួមរបស់ប្រទេសថៃនៅក្នុងកិច្ចការថ្នាក់តំបន់។ អគ្គលេខាធិការអាស៊ាន បានសំដែងនូវអំណរគុណចំពោះការប្តេជ្ញាចិត្តរបស់ប្រទេសថៃ ចំពោះការជម្រុញសមាហរណកម្មតំបន់ និងការកសាងសហគមន៍អាស៊ាន។

នៅរសៀលថ្ងៃដដែល បណ្ឌិត កៅ គឹមហួន បានជួបពិភាក្សាការងារជាមួយ ឧត្តមសេនីយ៍ Phanurat Lukboon អគ្គលេខាធិការនៃក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនប្រទេសថៃ។
នៅក្នុងឱកាសនោះ ភាគីទាំងពីរ បានពិភាក្សាអំពីគំនិតផ្តួចផ្តើម ជាយុទ្ធសាស្ត្រនានារបស់ប្រទេសថៃ ក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់ និងបានបញ្ជាក់ឡើងវិញ នូវការប្តេជ្ញាចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងរួម របស់អាស៊ាន ក្នុងការដោះស្រាយបញ្ហាគ្រឿងញៀនខុសច្បាប់។

លុះដល់ព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងបាងកក លោកបណ្ឌិត កៅ គឹមហួន បានទស្សនានៅស្ថាប័នអប់រំកែប្រែស្ត្រីកណ្តាល និងមន្ទីរពេទ្យអប់រំកែប្រែវេជ្ជសាស្ត្រ។
ទស្សនកិច្ចនេះ បានផ្តល់ឱកាសពិនិត្យមើលនូវកម្មវិធីធ្វើនីតិសម្បទា និងសមាហរណកម្មឡើងវិញ របស់ប្រទេសថៃ ដែលគាំទ្រដល់បុគ្គលជាប់ឃុំ ជាពិសេសស្ត្រី នៅក្នុងដំណើរឆ្ពោះទៅរកការធ្វើសមាហរណកម្មទៅក្នុងសង្គមឡើងវិញ។

នៅរសៀលថ្ងៃដដែល បណ្ឌិត កៅ គឹមហួន បានទស្សនានៅស្ថាប័នអប់រំក្រែប្រែអនីតិជនកណ្ដាល។

អគ្គលេខាធិការអាស៊ាន បានធ្វើបាឋកថាពិសេស ស្តីពី «អប់រំសម្រាប់ជីវិតកាន់តែប្រសើរ ៖ ពង្រឹងពលរដ្ឋដែលមានគុណភាព» ដែលគាត់បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការអប់រំ ការកែលម្អខ្លួនឯង និងភាពធន់ ដែលជាផ្លូវសម្រាប់អនាគតកាន់តែភ្លឺស្វាង។

លោកបានលើកទឹកចិត្តឱ្យយុវជនប្រើប្រាស់ឱកាស សន្តិភាព និងភាពអត់ធ្មត់ ក៏ដូចជា បង្កើតជំនាញក្នុងជីវិត ក្នុងការត្រៀមខ្លួនចូលក្នុងសង្គមឡើងវិញ ក្នុងនាមជាពលរដ្ឋប្រកប ដោយការទទួលខុសត្រូវ។ បាឋកថានេះ ឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តរបស់អាស៊ាន ក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងស្តារនីតិសម្បទា និងអប់រំ នៅក្នុងស្ថាប័នអប់រំកែប្រែ៕