(យូណាន, ចិន)៖ ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone ដែលក្រុមហ៊ុនផ្នែកកសិកម្មដ៏ធំមួយរបស់ចិន បានបង្ហាញ​បំណង​ពង្រីក​ការវិនិយោគរបស់ខ្លួនលើដំណាំដំឡូងមី ស្វាយចន្ទី ព្រមទាំងដំឡើងរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី​នៅកម្ពុជា។

បំណងនេះត្រូវបានបង្ហាញ ក្នុងជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក Wu Yu Jie ប្រធានក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone នៅរសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅទីក្រុងគុនមិញ ខេត្តយូណាន ប្រទេសចិន។

ក្នុងជំនួបនេះលោកប្រធានក្រុមហ៊ុន បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើគ្រប់វិស័យ​នៅ​កម្ពុជា ព្រមទាំងបានបង្ហាញជំនឿជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ​របស់​សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍកាន់តែខ្លាំងក្លាថែមទៀត។ លោកប្រធានក្រុមហ៊ុន បាន​គោរព​​ជម្រាបជូនសម្តេចបវរធិបតីអំពីសកម្មភាពវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា ដែលបានចាប់​ផ្តើមតាំងពីឆ្នាំ២០១២មក លើវិស័យកសិកម្ម ដោយផ្ដោតលើដំណាំដំឡូងមី និងស្វាយចន្ទី ហើយ​ក្រុមហ៊ុនមានគម្រោងពង្រីកការវិនិយោគលើដំណាំដំឡូងមី និងគ្រាប់ស្វាយចន្ទី និងដំឡើង​រោង​ចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា។

សម្តេចមហាបវរធិបតី បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ដែលបានបោះទុនវិនិយោគនៅកម្ពុជា និង​បានសម្ដែងការស្វាគមន៍ និងលើកទឹកចិត្តចំពោះបំណងបង្កើតរោងចក្រកែច្នៃគ្រាប់​ស្វាយ​ចន្ទីនៅ​កម្ពុជា។ សម្ដេចបានបញ្ជាក់ថា រាជរដ្ឋាភិបាលចង់ឃើញក្រុមហ៊ុនវិនិយោគ មានទាំងលើការដាំដុះ ការកែច្នៃ និងការនាំចេញដោយផ្ទាល់ពីប្រទេសកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន និងទីផ្សារដទៃទៀត​ក្នុង​ពិភពលោក។

សម្តេចបវរធិបតី បានគូសបញ្ជាក់ទៀតថា គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្ត​ផ្ដល់អាទិភាព និងលើកទឹកចិត្តចំពោះការវិនិយោគក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ។ សម្ដេចបវរធិបតី ក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុនឱ្យបន្តធ្វើការជាមួយនឹងក្រសួងពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីទទួលបាននូវការលើកទឹកចិត្តបន្ថែមទៀត៕