(ភ្នំពេញ)៖ ក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានបើកសវនាការជំនុំជម្រះសំណុំរឿងជនសង្ស័យឈ្មោះ ហ័ង ថឹងយ៉ាវ (HUANG TENG YAO) ជនជាតិចិនតៃវ៉ាន់ ដែលជាអ្នកដំណើរតាមជើងយន្តហោះពីកម្ពុជាទៅកាន់ប្រទេសជប៉ុន ដែលកាលនោះវត្ថុតាងចាប់យកបា​ន គឺមានសារធាតុញៀនប្រភេទមេតំហ្វេតាមីន (ICE) ៣៥ដុំដែលរុំជាប់ខ្លួនជនល្មើស ទម្ងន់សរុប៤៩៦៥.៣០ក្រាម។

សមាសភាពចៅក្រមប្រឹក្សា ចៅក្រមជំនុំជម្រះ លើរឿងក្តីឧក្រិដ្ឋជនឆ្លងដែនជនជាតិតៃវ៉ាន់ (HUANG TENG YAO) ជួញគ្រឿងឆ្លងដែនតាមអាកាសនេះ រួមមាន លោក លិ សុខា ជាប្រធានក្រុមប្រឹក្សារជំនុំជម្រះ និងមានលោក សេង ម៉េងស្រ៊ុន ជាតំណាងអយ្យការ។

ក្រោយបញ្ចប់សវនាការសួរដេញដោលលើឧក្រិដ្ឋជនគ្រឿងញៀនបានបញ្ចប់តំណាងអយ្យការ លោក សេង ម៉េងស៊្រុន បានធ្វើសេចក្តីសន្និដ្ឋាន ដោយសម្រេចតម្កល់បទចោទលើឧក្រិដ្ឋជនឆ្លងដែនជនជាតិតៃវ៉ាន់ (HUANG TENG YAO) ពីបទ ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនដោយខុសច្បាប់។

សូមរំលឹកថា សំណុំរឿងខាងលើនេះ ត្រូវបានព្រះរាជអាជ្ញាសម្រេចចោទប្រកាន់ចិនតៃវ៉ាន់ម្នាក់ ក្រោយចាប់ខ្លួននៅព្រលានយន្តហោះអន្តរជាតិ ជាមួយថ្នាំញៀនប្រមាណ៥គីឡូក្រាម។

ការបង្ក្រាបនេះធ្វើឡើងនាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ សមត្ថកិច្ចគយ និងរដ្ឋាករប្រចាំអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សហការជាមួយកម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលពីលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៕