(យូណាន, ចិន)៖ ប្រធានក្រុមប្រឹក្សារដ្ឋរបស់មីយ៉ាន់ម៉ា លោក មីង អោង ឡាំង បានថ្លែងអំណរ​គុណ​កម្ពុជា ដែលបានចែករំលែកបទពិសោធន៍ និងទស្សនទាននានា ដើម្បីជាវិភាគទានក្នុងការ​ដោះ​ស្រាយវិបត្តិនៅមីយ៉ាន់ម៉ា។

ការអរគុណនេះ បានធ្វើឡើងក្នុងជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា និងលោក មីង អោង ឡាំង នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្នុងឱកាសមេដឹកនាំទាំង អញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ នៅទីក្រុងគុនមិញ ខេត្តយូណាន ប្រទេសចិន។

ក្នុងជំនួបនោះលោកប្រធានក្រុមប្រឹក្សារដ្ឋ បានជម្រាបជូនសម្ដេចបវរធិបតី អំពីស្ថានការណ៍នយោ​បាយ​ទូទៅ និងការត្រៀមរៀបចំការបោះឆ្នោតសកលនាពេលខាងមុខ។ លោក មីង អោង ឡាំង ក៏បាន​អរគុណ​កម្ពុជា ដែលបានចែករំលែកបទពិសោធន៍ និងទស្សនទានមួយចំនួន​ក្នុងការ​ដោះ​ស្រាយវិបត្តិមីយ៉ាន់ម៉ា។

ជាការឆ្លើយតប សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណលោក មីង អោង ឡាំង ដែលបានជម្រាបអំពីបច្ចុប្បន្នភាពនៃស្ថានការណ៍នយោបាយរបស់មីយ៉ាន់ម៉ា និងសង្ឃឹមថា វិបត្តិនៅមីយ៉ាន់ម៉ា នឹងត្រូវបានដោះស្រាយដោយសន្តិវិធី ក្នុងអនាគតដ៏ខ្លីខាងមុខ។

សម្តេចបវរធិបតី ក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចសន្ទនាប្រកបដោយបរិយាប័ន្ន និងការ​អនុវត្ត​កិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច (5-Point Conensus) របស់អាស៊ាន។

សម្ដេចបវរធិបតី និងលោកប្រធានក្រុមប្រឹក្សារដ្ឋ ក៏បានពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី ដោយផ្តោត​លើវិស័យសំខាន់ៗមួយចំនួន ដូចជា វិស័យពាណិជ្ជកម្ម និង ការតភ្ជាប់ប្រជាជន និងប្រជាជន៕