(ពោធិ៍សាត់)៖ ក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្តពោធិ៍សាត់ តាមរយៈមន្ទីរបរិស្ថានខេត្ត និងរដ្ឋបាលក្រុងពោធិ៍សាត់ បានរៀបចំយុទ្ធនាការបណ្តុះផ្នត់គំនិតស្អាត «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដោយមានមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋ ចេញរើសសំរាម សំណល់ប្លាស្ទិកព្រមគ្នានៅតាមផ្លូវទាំងអស់ ក្នុងក្រុងពោធិ៍សាត់ នៅព្រឹកថ្ងៃពុធ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

ព្រឹត្តិការណ៍នេះ បានបង្ហាញពីការចូលរួមសាមគ្គីគ្នា ដើម្បីមូលដ្ឋានស្អាត ទីក្រុង ទីប្រជុំជនស្អាត ជាពិសេសសារៈសំខាន់នៃការគ្រប់គ្រងសំរាមប្រកបដោយនិរន្តរភាព ឆ្ពោះទៅកម្ពុជាមានភាពស្អាត នៅក្នុងប្រទេស និងលើឆាកអន្តរជាតិ។ ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន, ថ្នាក់ដឹកនាំក្រសួងបរិស្ថាន តំណាងលោកអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់អង្គការដៃគូ អភិបាលរងក្រុងពោធិ៍សាត់ មន្ត្រីមន្ទីរបរិស្ថាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ជាច្រើនកុះករ ដោយរួមគ្នាដើររើសសំរាម នៅតាមទីសាធារណៈ ក្នុងក្រុងពោធិ៍សាត់ជាដើម។

នាឱកាសនោះដែរ លោក ខ្វៃ អាទិត្យា បានឱ្យដឹងថា យុទ្ធនាការនេះធ្វើឡើងដើម្បីឱ្យជំរុញឱ្យទីប្រជុំជនមានយល់ដឹង មានសកម្មភាព ទុកដាក់ និងប្រមូលសំរាម នៅតាមមូលដ្ឋានឱ្យមានស្អាត ហើយការជ្រើសរើសយកក្រុងពោធិ៍សាត់ ដោយសារតែកក្តាភូមិសាស្រ្តក្រុង មួយតាមផ្លូវជាតិលេខ៥ និងនៅជាប់បឹងទន្លេសាប ដែលបឹងមួយសំបូរដោយធនធានធម្មជាតិ ជាពិសេសត្រីទឹកសាប។ ខេត្ដពោធិ៍អំណោយផលធម្មជាតិ ដែលចន្លោះសមុទ្រ និងបឹងទន្លេសាប មានខ្យល់អាកាសល្អ មានទេសភាព និងសោភ័ណភាព ប្រសើរបំផុតនៃសុដុមនីយកម្មនៃការរស់រស់នៅរបស់មនុស្សជាមួយធម្មជាតិ។

អ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា កម្មវិធីបណ្តុះគំនិតស្អាតនៅក្នុងក្រុងពោធិ៍សាត់ ដែលមានបំណងប្រែក្លាយទីក្រុងកាន់តែស្អាត មានភាពទាក់ទាញ និងគ្មានសំរាម សំណល់ប្លាស្ទិក ហូរចូលទៅក្នុងបឹងទន្លេសាប និងគ្មាននៅតាមដងផ្លូវ ឆ្ពោះទៅសម្រេចការកំណត់ផែនការសកម្មភាពឆ្នាំ២០២៥។ កន្លងមករដ្ឋបាលខេត្តពោធិ៍សាត់ ក៏ដូចជាខេត្តនានាមានឆន្ទៈខ្ពស់ក្នុងការចូលរួមសម្អាតបរិស្ថានឱ្យស្អាតមុនគេ តាមរយៈការចុះអនុស្សណៈជាមួយក្រសួងបរិស្ថាន ក្នុងការអនុវត្តយុទ្ធនាការ «ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ទទួលបានជោគជ័យ និងបន្តអនុវត្តយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន»

លោក កេង ចាន់ធឿន អភិបាលរងក្រុងពោធិ៍សាត់ បានលើកឡើងពីការជំរុញការផ្សព្វផ្សាយនិងអនុវត្តយ៉ាងទូលំទូលាយនៃ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន!» ក្នុងចំណោមសិស្សានុសិស្សនៅតាមសង្កាត់ទាំង៧ នៅក្នុងក្រុងពោធិ៍សាត់។ លោកបានប្តេជ្ញាជំរុញយុទ្ធនាការឆ្ពោះទៅរកទីក្រុងស្អាត ដោយលើកទឹកចិត្តប្រជាពលរដ្ឋ ចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន ថែរក្សាបរិស្ថានស្អាត និងគ្រប់គ្រងកាកសំណល់ ប្រកបដោយការទទួលខុសត្រូវ។

លោក សឿង សារឿន នាយកប្រតិបត្តិនៃ និងវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា NGO Forum ដែលបានសហការរៀបចំការផ្សព្វផ្សាយនៅក្នុងថ្ងៃនេះ បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង របស់ក្រសួងបរិស្ថាន ក្នុងការរក្សាកម្ពុជាឱ្យស្អាត និងបានអំពាវនាវឱ្យមានការចូលរួមបន្ថែមទៀត ក្នុងគោលបំណងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្នុងជីវិតប្រចាំថ្ងៃ។

លោកបានបន្តថា៖ «យើងត្រូវការភាពស្អាតក្នុងចិត្តរបស់យើង ក៏ដូចជានៅជុំវិញខ្លួនយើងដែរ» ។ ដូចនេះត្រូវចាប់ផ្តើម ដោយការប្តេជ្ញាចិត្តរបស់បុគ្គលម្នាក់ៗ។

បើតាមលោក សាយ សុជាតិ អភិបាលរងខេត្តពោធិ៍សាត់ បានសំដែងការគាំទ្រយ៉ាងមុតមាំចំពោះយុទ្ធនាការនេះ ហើយប្តេជ្ញាធ្វើឲ្យវាទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។ ឯកឧត្តម បានបន្ថែមថា យុទ្ធនាការបានចូលរួមកែប្រែឥរិយាបថសាធារណជន ឱ្យមានអនាម័យតាមភូមិដ្ឋាន ទីក្រុងស្អាត ព្រមទាំងមានការគ្រប់គ្រងទុកដាក់សំរាម សំណល់ប្លាស្ទិកឱ្យបានត្រឹមត្រូវជាបណ្តើរៗ។ ឯកឧត្តម បានអះអាងថា យុទ្ធនាការនេះ អាចជោគជ័យបាននៅក្នុងពេលអនាគត លុះត្រាតែមានការចូលរួមពីគ្រប់ស្ថាប័ន និងសហគមន៍។

សម្រាប់យុវជន លីង ជីមិញ ជាសិស្សសិក្សានៅថ្នាក់ទី១១M នៃវិទ្យាល័យពោធិ៍សាត់ បានបង្ហាញការសប្បាយរីករាយជាខ្លាំងបន្ទាប់ពីទទួលបានការពន្យល់ និងផ្សព្វផ្សាយពីសារៈសំខាន់នៃសោភ័ណភាពបរិស្ថាន និងផលលប៉ះពាល់នានាដែលបណ្តាលមកពីថង់ប្លាស្ទិក ជាពិសេសការណែននាំឱ្យរួមគ្នាកាត់បន្ថយការប្រើប្រើប្រាស់ថង់ប្លាស្ទិកជាដើម។

យុវសិស្ស លីង ជីមិញ បានបន្តថា បន្ទាប់ពីយល់ដឹងពីគុណវិបត្តិចំពោះសុខភាពមនុស្ស សត្វ ​និងបរិស្ថានជុំវិញខ្លួន ដែលបណ្តាលមកពីថង់ប្លាស្ទិក ក្នុងនាមជាយុវជនមួយរូប សូមប្តេជ្ញាចិត្តចូលរួមអនុវត្តតាមវិធានការណែនាំរបស់ក្រសួងបរិស្ថាន អាជ្ញាធរ ដើម្បីធ្វើយ៉ាងណាកាត់បន្ថយ ឬឈានទៅលុបបំបាត់ការប្រើប្រាស់ថង់ប្លាស្ទិក ដែលខ្លួនធ្លាប់ប្រើប្រាស់ប្រចាំថ្ងៃ ដោយជំនួសសម្ភារៈ ឬឧបករណ៍ដែលផលិតពីកែវថ្មី ឬផលិតផលិតផលជំនួសប្លាស្ទិកផងដែរ។

យុវត្តី សឹស ចាន់ដា ជាសិស្សនៃវិទ្យាល័យពោធិ៍សាត់ បានចាត់ទុកថាយុទ្ធនាការនេះ ជាគំរូល្អសម្រាប់ប្រជាជនក្នុងការអនុវត្តតាម ជាពិសេសការព្រួយបារម្ភអំពីបរិស្ថាន និងហានិភ័យសុខភាព ដែលបង្ករឡើងដោយសំណល់ប្លាស្ទិក។ សម្រាប់សិស្សានុសិស្សដែលសិក្សានៅវិទ្យាល័យពោធិ៍សាត់ទាំង គឺបានចូលរួមជាច្រើនក្នុងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ជាក់ស្តែង រាល់ពេលដែលពួកគាត់យកថង់ប្លាស្ទិក វេចខ្ចប់នំចំណី ឬសម្ភារៈផ្សេងទៀត គឺសិស្សានុសិស្សបានរៀបចំទុកដាក់សំរាមដែលបន្សល់ពីថង់ប្លាស្ទិកនេះ ដើម្បីយកទៅបោះចោលនៅតាមទៅតាំងដែលអាជ្ញាធរមានរៀបចំធុងសំរាម ដោយបានបែងចែកទៅតាមប្រភេទសំរាមនានាជាដើម។

យុវត្តីរូបនេះ បានបញ្ជាក់ថា នៅក្នុងបរិវេណវិទ្យាល័យពោធិ៍សាត់ គឺមិនមានសំរាម ឬថង់ប្លាស្ទិក ត្រូវបានបោះចោលពាសវាលពាសកាលនោះទេ ទាំងនេះគឺដោយសារតែសិស្សានុសិស្ស រួមទាំងលោកគ្រូ អ្នកគ្រូ បានយល់ដឹងពីគុណវិបត្តិរបស់ថង់ប្លាស្ទិកចំពោះបរិស្ថាន និងសុខភាពរបស់មនុស្សជាដើម។

«ខ្ញុំនឹងផ្សព្វផ្សាយទៅកាន់មិត្តភ័ក្តិ សិស្សរួមថ្នាក់ និងគ្រួសាររបស់ខ្ញុំ ដើម្បីជួយកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកចាប់ពីថ្ងៃនេះតទៅ»។ នេះតាមការលើកឡើងបន្ថែមរបស់យុវត្តី សឹស ចាន់ដា នៅក្នុងពេលកមពុងដើរើសសំរាម។

កន្លងមកសិស្សានុសិស្សប្រមាណ៣,៧លាននាក់ បានដើរតួយ៉ាងសកម្មនៅក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» របស់ក្រសួងបរិស្ថាន ដែលមានអ្នកចូលរួមសរុប៩,៧នាក់។ ជាមួយគ្នានេះ ក្រសួងបរិស្ថានបានបង្ហាញថាយុទ្ធនាការជាជំហានៗ ពីយុទ្ធនាការនៃការប្តេជ្ញាចិត្ត មកជាការអនុវត្តសកម្មភាព ការប្រមូលទុកដាក់សំរាម សំណល់ប្លាស្ទិក ដែលមានយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដែលមានអ្នកចូលរួមប្រមាណជាង៣លាននាក់រួចមកហើយ បន្ទាប់មកបន្តជំរុញឱ្យសកម្មភាពនៃយុទ្ធនាការក្លាយទៅជាចលនា ឆ្ពោះទៅប្រជាជនកម្ពុជាមានទម្លាប់រស់នៅស្អាត។

ក្រសួងបរិស្ថានដាក់ចេញនូវយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ មកដល់ពេលនេះ មានអ្នកចូលរួមប្រមាណជិត ៩,៧លាននាក់ (គិតត្រឹមខែតុលា ឆ្នាំ២០២៤) ដែលស្មើនឹងជាងពាក់កណ្តាលនៃចំនួនប្រជាពលរដ្ឋសរុបទូទាំងប្រទេស ដែលបានចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកក្នុង ១ថ្ងៃ ប្រមាណជាង ៣០លានថង់។ នេះជាជោគជ័យមួយដែលលើសពីការរំពឹងទុកពីព្រោះថា រយៈពេលជាង១ឆ្នាំ ប្រទេសកម្ពុជាអាចកាត់បន្ថយថង់ប្លាស្ទិកបានយ៉ាងច្រើនសន្ធឹកសន្ធាប់ តាមរយៈការសាមគ្គីភាព និងការចូលរួមពីសំណាក់ប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ កម្មករ កម្មការនី លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។ បច្ចុប្បន្ននេះ នៅមានសាលារៀន រោងចក្រ សហគ្រាស ក្រុមហ៊ុនឯកជន និងវត្តអារាមនានា បានកំពុងចូលរួមនៅក្នុងយុទ្ធនាការនេះជាបន្តបន្ទាប់។

ការរៀបចំឱ្យមានយុទ្ធនាការនេះឡើង ដើម្បីឱ្យកម្ពុជាមានបរិស្ថានស្អាត និងស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ដែលជាយុទ្ធសាស្ត្របានរៀបចំឡើងអនុលោមទៅតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ឆ្នាំ២០២៣-២០២៨ ដែលបានគូសបញ្ជាក់ពីបេសកកម្ម និង ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងវិស័យ បរិស្ថាន ដើម្បីឆ្លើយតបទៅនឹងបំណងប្រាថ្នាប្រជាពលរដ្ឋទូទៅសំដៅឈានឆ្ពោះទៅកាន់ការអភិវឌ្ឍប្រកបដោយចីរភាព។ យុទ្ធសាស្ត្រនេះបានរៀបចំឡើង ដើម្បីតម្រង់ទិស និងចង្អុលបង្ហាញពីអាទិភាព ការងារក្នុងការលើកកម្ពស់កិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងមុំចំនួនបី គឺ «ភាពស្អាត» «ភាពបៃតង» និង «ចីរភាព» សំដៅឆ្ពោះទៅសម្រេចការអភិវឌ្ឍប្រកបដោយអព្យាក្រឹត្យកាបូននៅឆ្នាំ២០៥០៕