(យូណាន, ចិន)៖ ក្រុមហ៊ុន Zhongjiao Tongli ដែលជាក្រុមហ៊ុនកំពុងវិនិយោគលើការដាំចេក និងស្វាយនៅកម្ពុជា បានបង្ហាញបំណងពង្រីការវិនិយោគរបស់ខ្លួនបន្ថែមទៀត នៅក្នុងខេត្តរតនគិរី និងខេត្តមណ្ឌលគិរី។
ការគូសបញ្ជាក់នេះ បានធ្វើឡើងក្នុងជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយលោក Zhongdi Sun ប្រធានក្រុមហ៊ុន ZhongJiao Tongli នៅទីក្រុងគុនមិញ ខេត្តយូណាន ប្រទេសចិន នាព្រឹកថ្ងៃពុធ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។
ក្នុងជំនួបនោះ លោកប្រធានក្រុមហ៊ុនបានគូសរំលេចថា កម្ពុជា គឺជាប្រទេសមានសុខសន្តិភាព ស្ថិរភាពនយោបាយ ដែលជាកាលានុវត្តភាព និងកត្តាអំណោយផលខ្ពស់សម្រាប់ការវិនិយោគ។ លោកប្រធានក្រុមហ៊ុនបានជម្រាបសម្ដេចបវរធិបតីថា ក្រុមហ៊ុន Zhongjiao Tongli មានមូលដ្ឋាននៅក្រុងស៊ីអាន (Xi'an) និងមានប្រតិបត្តិការអាជីវកម្មលើវិស័យពាណិជ្ជកម្ម កសិកម្ម ថាមពលស្អាត និងប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ។
ក្រុមហ៊ុនក៏បាននិងកំពុងវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា មានដូចជា ដំណាំចេក និងស្វាយ នៅតាមបណ្ដាខេត្តមួយចំនួន ដូចជា ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងខេត្តស្ទឹងត្រែង។ បន្ថែមពីលើនេះ ក្រុមហ៊ុនក៏មានបំណងពង្រីកការវិនិយោគលើវិស័យកសិកម្ម នៅក្នុងខេត្តរតនគិរី និងខេត្តមណ្ឌលគិរីបន្ថែមទៀតផងដែរ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្ដែងក្តីសោមន្សរីករាយ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ដែលបានវិនិយោគ និងបង្ហាញចំណាប់អារម្មណ៍ពង្រីកការវិនិយោគនៅកម្ពុជាបន្ថែមទៀត។ សម្ដេចមហាបវរធិបតី ក៏បានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលនៅតែផ្ដល់អាទិភាពទៅលើវិស័យកសិកម្ម និងបន្តគាំទ្រការវិនិយោគលើវិស័យនេះនៅកម្ពុជា។
ជាមួយគ្នានោះ សម្ដេចបវរធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងដាក់ចេញគោលនយោបាយលេីកទឹកចិត្តការវិនិយោគនៅខេត្តភាគឦសាន ហើយផ្អែកតាមគោលនយោបាយនេះ ក្រុមហ៊ុនអាចពិនិត្យលទ្ធភាពវិនិយោគលើវិស័យផ្សេងៗទៀតនៅតំបន់នោះ។ ពាក់ព័ន្ធនឹងលទ្ធភាពនៃការពង្រីការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា សម្ដេចបវរធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តសហការ និងពិភាក្សាបន្ថែមទៀតជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕