(ភ្នំពេញ)៖ ក្រសួងរ៉ែ និងថាមពល បានបន្តចាត់វិធានការបង្ក្រាប សកម្មភាពធ្វើអាជីវកម្មរ៉ែអនាធិបតេយ្យ ស្ថិតនៅភូមិសាស្ត្រ តំបន់មេសំឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបានបង្ហាញនៅក្នុងសន្និសីទសារព័ត៌មាន «អំពីយុទ្ធនាការបង្ក្រាបអាជីវកម្មរ៉ែអនាធិបតេយ្យ» ស្ថិតនៅភូមិសាស្រ្តតំបន់មេសំ នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤។
ការបើកប្រតិបត្តិការបង្ក្រាបនេះ បានចាប់ផ្តើមអនុវត្តកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលមានមន្ទីររ៉ែ និងថាមពល ខេត្តមណ្ឌលគិរី ជាសេនាធិការ ដោយមានកិច្ចសហការ ជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី មន្ទីរបរិស្ថានខេត្ត មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ក្រោមកិច្ចសម្របសម្រួលរបស់ស្ថាប័ន អយ្យការអមសាលាដំបូង ខេត្តមណ្ឌលគិរី និងមានការចូលរួមអង្កេតការ ដោយអង្គភាពប្រឆាំងអំពើពុករលួយ។
ក្នុងតំបន់មេសំ ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរីនេះ គឺជាតំបន់អាជីវកម្មរ៉ែមាស បែបលក្ខណៈគ្រួសារតាំងពីអំឡុងឆ្នាំ១៩៨៧ ដែលមានប្រជាពលរដ្ឋប្រកបរបរ ជីកយក និងរែងមាសដោយដៃតាមលក្ខណៈគ្រួសារ។ ប៉ុន្តែនៅប៉ុន្មានឆ្នាំចុងក្រោយនេះ មានការប្រែប្រួលពីលក្ខណៈគ្រួសារ ដែលធ្វើដោយដៃ និងឧបករណ៍សាមញ្ញ ទៅជាប្រើគ្រឿងចក្រ រំសេវជាតិផ្ទុះ និងសារធាតុគីមី ដោយមានការជីករូងជាអណ្ដូងរ៉ក្រោមដី។
យោងតាមសំណូមពរពីអាជ្ញាធរដែនដី និងប្រជាពលរដ្ឋដែលធ្វើអាជីវកម្មរ៉ែអនាធិបតេយ្យទាំងអស់នោះ និងក្នុងគោលបំណង ដើម្បីឱ្យអាជីវកម្មរ៉ែមាសអនាធិបតេយ្យ ជ្រកក្រោមដំបូល ច្បាប់វិញនៅឆ្នាំ២០១៥ ក្រសួងបានសិក្សា និងរៀបចំបង្កើតជាសហគមន៍រ៉ែមាសស្របច្បាប់ ដោយកំណត់តំបន់សហគមន៍រ៉ែចុងផ្លាស់ទំហំ ៤៣ហិកតា និងកំណត់លក្ខខណ្ឌបច្ចេកទេស ដោយមិនអនុញ្ញាតឱ្យធ្វើលើសពីជម្រៅ២០ម៉ែត្រ និងមិនឱ្យប្រើប្រាស់សារធាតុគីមីក្នុងការចម្រាញ់រ៉ែ។
នៅឆ្នាំ២០១៨ ក្រសួងបានសម្រេចបញ្ចប់ការធ្វើអាជីវកម្មរ៉ែមាស របស់សហគមន៍ចុងផ្លាស់ជាស្ថាពរ ដោយសហគមន៍មិនគោរពតាមលក្ខខណ្ឌ និងបានធ្វើសកម្មភាព កាន់តែគ្រោះថ្នាក់ទៅៗ ដោយការជីកយករ៉ែមាសជម្រៅជាង១០០ម៉ែត្រ និងបានប្រើប្រាស់សារធាតុគីមី ចម្រាញ់យករ៉ែយ៉ាងអនាធិបតេយ្យ។ ទោះបីជាមន្ទីររ៉ែ និងថាមពលខេត្តមណ្ឌលគិរី បានសហការជាមួយអាជ្ញាធរដែនដីចុះអប់រំ ទប់ស្កាត់ ហើយក្រសួងបានបញ្ចប់សិទ្ធិ ក្នុងការធ្វើអាជីវកម្មរ៉ែមាស របស់សហគមន៍ក៏ដោយ ក៏សកម្មភាពអនាធិបតេយ្យនេះ នៅតែបន្តរីកកាន់តែធំទៅៗ។
នៅអំឡុងឆ្នាំ២០១៨-២០១៩ ដោយមានកិច្ចគាំទ្រពីគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិថ្នាក់ជាតិ ក្រសួងបានចុះបង្ក្រាបជាទ្រង់ទ្រាយធំចំនួន២លើក និងបានបន្តចុះណែនាំ និងបង្ក្រាបជាបន្តបន្ទាប់ តាមរយៈយន្តការអនុគណៈកម្មការដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិថ្នាក់ក្រោមជាតិ។ សកម្មភាពជីករ៉ែអនាធិបតេយ្យ នៅក្នុងតំបន់នេះ នៅតែបន្តមានកាន់តែធ្ងន់ធ្ងរ ជាមួយនឹងការប្រើប្រាស់សារធាតុគីមី រំសេវជាតិផ្ទុះ និងជីករូងអណ្ដូងរ៉ែក្រោមដី ដែលអាចបង្កគ្រោះថ្នាក់បំផុត។
ក្រៅពីនេះ សកម្មភាពអាជីវកម្មអនាធិបតេយ្យទាំងនេះ បន្តបង្កឱ្យមានការបាត់បង់ទ្រព្យសម្បត្តិជាតិ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់បរិស្ថាន បង្កជាហានិភ័យខ្ពស់ ដល់សុខភាព និងសុវត្ថិភាពរបស់អ្នកធ្វើអាជីវកម្មរ៉ែអនាធិបតេយ្យខ្លួនឯង ព្រមទាំងប្រជាពលរដ្ឋនៅក្នុង និងក្រៅមូលដ្ឋាន។ ក្រសួងរ៉ែ និងថាមពល ប្តេជ្ញាបញ្ចប់នូវសកម្មភាពរ៉ែអនាធិបតេយ្យ និងជំរុញឱ្យមានការធ្វើអាជីវកម្មរ៉ែ ដោយស្របច្បាប់ដែលនាំមកនូវផលប្រយោជន៍ជាតិជាច្រើនមានជាអាទិ៍៖
* ការបង្កើតឱ្យមានឱកាសការងារ នៅនឹងកន្លែងនិងប្រយោល
* ការចូលរួមចំណែកដល់ការបង្កើតប្រភពចំណូលថវិកាជាតិបន្ថែម
* និងការបំបាត់នូវផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាននិងសង្គម ព្រមទាំងចូលរួមចំណែកអភិវឌ្ឍសហគមន៍មូលដ្ឋាន តាមរយៈការធ្វើអាជីវកម្មរ៉ែប្រកបដោយចីរភាព។
ការបង្ក្រាបលើកនេះ ក្រសួងរ៉ែ និងថាមពល បានដាក់ចេញនូវវិធានការតឹងរឹងចំពោះជនល្មើស ដែលមិនរាងចាល និងបានកាត់ផ្តាច់មធ្យោបាយនានា ដែលគាំទ្រដល់សកម្មភាពល្មើសច្បាប់។
ឆ្លៀតឱកាសនេះ ក្រសួងរ៉ែ និងថាមពល សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វើអាជីវកម្មរ៉ែមាសអនាធិបតេយ្យ បញ្ឈប់នូវរាល់សកម្មភាពខុសច្បាប់ទាំងនេះ ហើយចូលរួមទប់ស្កាត់ដោយ ធ្វើការជូនដំណឹងអំពីសកម្មភាពអនាធិបតេយ្យ មកក្រសួងរ៉ែ និងថាមពល តាមរយៈប្រព័ន្ធទូរស័ព្ទលេខ ០៩៥ ៧២៧ ៧២៧៕