(ភ្នំពេញ)៖ លោកបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានដឹកនាំគណៈប្រតិភូអន្តរក្រសួងរួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារស្ថាបនាស្ពានបេតុងចំនួន ១កន្លែង ប្រវែង ១០៨ម៉ែត្រ ទទឹង ១០ម៉ែត្រ និងការស្ថាបនាផ្លូវក្រាលបេតុងសងខាងក្បាលស្ពានប្រវែងសរុប ៥៦០ម៉ែត្រ និងមានសមិទ្ធផលផ្សេងៗទៀតជុំវិញបរិវេណស្ពាននេះ នៅភូមិគហ៊េរ ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម។
នាឱកាសនោះអាជ្ញាធរ និងប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាននេះ បានសម្តែងនូវការសប្បាយរីករាយ និងថ្លែងនូវដឹងគុណជានិច្ចចំពោះរាជរដ្ឋាភិបាល ដែលបានផ្តល់សមិទ្ធផលជាប្រវត្តិសាស្រ្តមួយនេះ នៅក្នុងមូលដ្ឋានរបស់ពួគគាត់ ដែលនេះគឺជាការចូលរួមចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់ការរស់នៅ ខណៈដែលកន្លងមកប្រជាពលរដ្ឋនៅមូលដ្ឋាននេះ តែងតែជួបការលំបាកជាច្រើន នៅក្នុងការធ្វើដំណើរ ការដឹកជញ្ជូនកសិផល ជាពិសេសនៅពេលដែលមានបញ្ហា ជំងឺដង្កាត់ ដែលត្រូវការដឹកជញ្ជូនទៅកាន់មន្ទីរពេទ្យជាដើម។
ជុំវិញគម្រោងស្ពាននិងផ្លូវខាងលើនេះ លោកឧត្តមសេនីយ៍ឯក គង់ អៀង អនុរដ្ឋលេខាធិការក្រសួងការពាជាតិ លើកឡើងថាបន្ទាប់ពីបានគោលការណ៍ឯកភាពពីក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរួចមក នាយកដ្ឋានវិស្វកម្ម នៃក្រសួងការពារជាតិ បានអនុវត្តការងារនេះភ្លាម ព្រោះការងារស្ថាបនាផ្លូវ និងស្ពាន នៅតាមមូលដ្ឋាន គឺមានសារៈសំខាន់ណាស់ មានផ្លូវ មានស្ពានសម្រាប់ធ្វើដំណើរ ដើម្បីបង្កើតបរិយាកាសដល់ការរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ។
នាឱកាសនោះដែរលោកបណ្ឌិត នួន ដាញ៉ិល បានលើកឡើងថា ជុំវិញការអភិវឌ្ឍនៅតាមជនបទនេះថា ក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បាននឹងកំពុងផ្ដោតការយកចិត្តទុកដាក់យ៉ាងខ្លាំង នៅលើការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានា នៅតាមមូលដ្ឋាន ជាក់ស្តែងផ្លូវជនបទជាច្រើនដូចជា ផ្លូវដីស ផ្លូវល្បាយក្រួស ផ្លូវកៅស៊ូពីរជាន់ (DBST) និងផ្លូវក្រាលបេតុង ដែលស្ថិតនៅក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ បាននឹងកំពុងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជន នៅតាមសហគមន៍ មានផ្លូវល្អ និងស្ពានល្អ ដោយបាននឹងកំពុងបង្កើតបរិយាកាសអំណោយផលដល់ការរស់នៅរបស់ពួកគាត់។
ជាមួយគ្នានោះលោកបណ្ឌិត នួន ដាញ៉ិល និងក្រុមគណៈកម្មាធិការអន្តរក្រសួង បានចុះជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជាច្រើនគ្រួសារ ដោយក្នុងនោះលោកបណ្ឌិតរដ្ឋលេខាធិការ បានសំណូមពរដល់អាជ្ញាធរ និងប្រជាពលរដ្ឋនៅមូលដ្ឋាន សូមចូលរួមថែទាំសមិទ្ធផលទាំងនេះទាំងអស់គ្នាដូចជា ការហាមឃាត់ឡានដែលដឹកលើសទម្ងន់កម្រិត និងការកាប់គោះដែលប៉ះពាល់ទ្រូងផ្លូវជាដើម។
ក្នុងជំនួបនេះដែរ, លោកបណ្ឌិតរដ្ឋលេខាធិការ ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចែកជូនដល់ប្រជាពលរដ្ឋជាច្រើននាក់ ដោយម្នាក់ៗទទួលបានក្រម៉ា១ ផងដែរ៕