(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បង្ហាញសមិទ្ធផលដ៏ធំធេងរបស់កងយោធពលខេមរភូមិន្ទ ដែលបានចូលរួមចំណែកបង្ក្រាបបទល្មើស ការពារបូរណភាពទឹកដី ព្រមទាំងទប់ស្កាត់នូវការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលផងដែរ។
តាមរយៈ សារលិខិតជូនពរដល់ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទ ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៧១ ថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ និងទិវាបុណ្យឯករាជ្យជាតិ (៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៤) ដែល Fresh News ទទួលបាន នាយឧត្តមសេនីយ៍ វង្ស ពិសេន បានគូសរំលេចថា «សមិទ្ធផលដ៏ធំធេងដែលសម្រេចបានកន្លងមក គឺអាស្រ័យដោយការខិតខំប្រឹងប្រែងពុំខ្លាចនឿយហត់ និងការធ្វើពលិកម្មដ៏ថ្លៃថ្លារបស់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា»។
ក្នុងរយៈពេល៧១ឆ្នាំនេះ នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា កងយោធពលខេមរភូមិន្ទ បានសម្រេចនូវសមិទ្ធផលសំខាន់ៗរួមមាន៖
* កន្លងទៅនេះ កងយោធពលខេមរភូមិន្ទ បានរួមចំណែកយ៉ាងសកម្មអនុវត្តរាល់បទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការបង្ក្រាបសកម្មភាពខុសច្បាប់នានា ជាពិសេស កងយោធពលខេមរភូមិន្ទ បានសហការទប់ស្កាត់រាល់ការប៉ុនប៉ង ធ្វើបដិវត្តន៍ពណ៌ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ទប់ស្កាត់ការញុះញង់បំផុសបំផុលបង្កចលាចល តាមគ្រប់រូបភាព ព្រមទាំងបានបង្ក្រាបអំពើឃាតកម្ម ចោរកម្ម ឆក់ ប្លន់ ការប្រើប្រាស់ នឹងជួញដូរគ្រឿងញៀន ការជួញដូរ មនុស្ស ការជួញដូរអាវុធ បទល្មើសធនធានធម្មជាតិនានា និងអំពើគេចពន្ធជាដើម។
* កងយោធពលខេមរភូមិន្ទ បានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការការពារព្រៃឈើ និងបង្ក្រាបក្រុមអនាធិបតេយ្យដែលទន្ទ្រានដីព្រៃកាន់កាប់ខុសច្បាប់ ដោយដកហូតដី បានរាប់ម៉ឺនហិកតាប្រគល់ជូនរាជរដ្ឋាភិបាល ព្រមទាំងបានពង្រាយកម្លាំងតាមព្រំដែនកម្ពុជា-ឡាវ ដើម្បីទប់ស្កាត់ ការជួញដូរគ្រឿងញៀន និងបទល្មើសនានា។
* កងយោធពលខេមរភូមិន្ទ ចូលរួមការពារសន្តិសុខ សុវត្ថិភាព ថ្វាយ ព្រះមហាក្សត្រ ជូនថ្នាក់ដឹកនាំជាតិនិងអន្តរជាតិ ព្រមទាំងសហការការពារសន្តិសុខក្នុងដំណើរការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ត-ក្រុង-ស្រុក-ខណ្ឌ ឱ្យដំណើរការបានដោយជោគជ័យ។
* កងយោធពលខេមរភូមិន្ទ ក៏បានរួមចំណែកកសាងអភិវឌ្ឍប្រទេសជាតិ កសាងហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាសាស្ត្រ ដាំកូនឈើ និងការពារព្រៃឈើ បរិស្ថាន សត្វព្រៃ ដោះបំផ្លាញគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះ រំដោះដីស្រែជូនប្រជាពលរដ្ឋ ជួយបង្កបង្កើនផល សង្គ្រោះប្រជាជនពិគ្រោះធម្មជាតិ និងគ្រោះមហន្តរាយនានា ព្រមទាំងបានអនុវត្តវិធានការគន្លឹះក្នុងការប្រយុទ្ធប្រឆាំងជំងឺឆ្លងផ្សេងៗ តាមការណែនាំរបស់ក្រសួងសុខាភិបាលនិងរាជរដ្ឋាភិបាល ដើម្បីសង្គ្រោះជីវិតប្រជាពលរដ្ឋ។
* កងយោធពលខេមរភូមិន្ទ បានសហការជួយដល់គ្រួសារយោធិនពលី មរណៈ និវត្តជន ជនបាត់បង់សមត្ថភាពការងារ ជួយគ្រួសារ យោធិនដែលជួបការលំបាក និងពង្រឹងការចងសម្ព័ន្ធមេត្រីភាពរវាងអង្គភាពកងទ័ព ជាមួយក្រសួងស្ថាប័នស៊ីវិល ក្នុងគោលដៅកសាងពង្រឹងខឿនការពារជាតិឱ្យកាន់តែរឹងមាំ។
* កងយោធពលខេមរភូមិន្ទ បានចូលរួមអនុវត្តភារកិច្ចអន្តរជាតិលើវិស័យមនុស្សធម៌ និងការរក្សាសន្តិភាពក្នុងក្របខ័ណ្ឌរបស់អង្គការសហប្រជាជាតិ ដែលជាមោទនភាព របស់កងយោធពលខេមរភូមិន្ទ ក៏ដូចជាប្រទេសជាតិ ធ្វើឱ្យកិត្យានុភាពជាតិ កាន់តែល្បីរន្ទឺលើឆាកអន្តរជាតិ៕