(ភ្នំពេញ)៖ លោក អ៉ឺង អៀង រដ្ឋលេខាធិការក្រសួងរ៉ែ​ និង​ថាមពល នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ ដែលកំពុងធ្វើអាជីវកម្មរ៉ែមាសយ៉ាងអាណាធិបតេយ្យ ពិសេសនៅខេត្តមណ្ឌលគិរី សូមបញ្ឈប់សកម្មភាពរប​ស់ខ្លួន ព្រោះការធ្វើអាជីវកម្មរ៉ែមាសអាណាធិបតេយ្យនេះ បានបង្កនូវការបាត់បង់ទ្រព្យសម្បត្តិជាតិ ប៉ះពាល់ដល់សុខភាព និងសុវត្ថិភាព ព្រមទាំងប៉ះពាល់ដល់បរិស្ថានផងដែរ។

ការអំពាវនាវរបស់លោក អ៉ឹង អៀង ធ្វើឡើងក្នុងកម្មវិធីសន្និសីទសារព័ត៌មាន រៀបចំឡើងដោយក្រសួងរ៉ែ និងថាមពល អំពីយុទ្ធនាការបង្គ្រាបអាជីវកម្មរ៉ែមាសអាណាធិបតេយ្យ ក្នុងភូមិសាស្រ្តតំបន់មេសំ ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

លោក អ៉ឹង អៀង បានថ្លែងថា សកម្មភាពនៃការធ្វើអាជីវកម្មរ៉ែមាស យ៉ាងអាណាធិបតេយ្យនេះ បានបង្កនូវការបាត់បង់ទ្រព្យសម្បត្តិជាតិ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន បង្កហានិភ័យខ្ពស់ដល់សុខភាពទាំងខ្លួនឯង និងប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន និងក្រៅមូលដ្ឋាន និងមានហានិភ័យខ្ពស់ ចំពោះសុវត្ថិភាពរបស់ខ្លួន ។

លោកបានបញ្ជាក់ថា «ចំពោះការចុះបង្ក្រាបលើនេះ គឺក្រសួងរ៉ែ និងថាមពល បានដាក់ចេញនូវវិធានការយ៉ាងតឹងរឹងបំផុត និងកាត់ផ្ដាច់នូវមធ្យោបាយនានា ដែលគាំទ្រដល់សកម្មភាពល្មើសច្បាប់។ ដូច្នេះខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងតែធ្វើអាជីវកម្មរ៉ែមាស យ៉ាងអាណាធិបតេយ្យទាំងអស់ សូមមេត្តាបញ្ឈប់នូវរាល់សកម្មភាពខុសច្បាប់ទាំងនេះ និងសូមចូលរួមទប់ស្កាត់ ព្រមទាំងផ្ដល់ការជូនដំណឹង រាល់សកម្មការធ្វើអាជីវកម្មរ៉ែ មកកាន់ក្រសួងរ៉ែ និងថាមពល តាមរយៈប្រព័ន្ធទូរស័ព្ទ ០៩៥ ៧២៧ ៧២៧»

លោក អ៉ឹង អៀង បានបញ្ជាក់បន្ថែមថា ក្រសួងរ៉ែ និងថាមពល បានប្ដេជ្ញាបញ្ចប់នូវសកម្មភាពរ៉ែមាសអាណាធិបតេយ្យ និងជំរុញឲ្យការធ្វើអាជីវកម្មរ៉ែមាស ដោយស្រប់ច្បាប់ នាំមកនូវផលប្រយោជន៍ជាតិ, បង្កើនឲ្យមានការងារទាំងនៅកន្លែង និងប្រយោល ព្រមទាំងបង្កើតប្រភពចំណូលរបស់ជាតិបន្ថែមមួយទៀត និងបំបាត់ផលប៉ះពាល់ដល់បរិស្ថានការងារ និងសង្គម៕