(ភ្នំពេញ)៖ លោក អ៉ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានបញ្ជាក់ឲ្យដឹងថា ក្រសួងរ៉ែ និងថាមពល មិនដែលបានចេញអាជ្ញាប័ណ្ណណាមួយ ដើម្បីធ្វើអាជីវកម្មរ៉ែថ្ម នៅតំបន់ប្រវត្ដិសាស្ដ្រ ឈើកាច់បាភ្នំ ដែលស្ថិតនៅក្នុងស្រុកបាភ្នំ ខេត្តព្រៃវែងនោះទេ។
ការចេញបញ្ជាក់បែបនេះ ក្រោយពេលថ្មីៗនេះឃើញថា មានការចុះផ្សព្វផ្សាយថា ក្រសួងរ៉ែ និងថាមពល ឬមួយអាជ្ញាធរខេត្ដ បានចេញអាជ្ញាប័ណ្ណ ធ្វើអាជីវកម្មរ៉ែ ថ្ម សំណង់ ឬខ្សាច់ ប៉ះពាល់ដល់តំបន់ប្រវិត្ដសាស្ដ្រ «ឈើកាច់បាភ្នំ»។
ក្នុងសន្និសីទសារព័ត៌មាន «អំពីយុទ្ធនាការបង្ក្រាបអាជីវកម្មរ៉ែអនាធិបតេយ្យ» ស្ថិតនៅភូមិសាស្រ្តតំបន់មេសំ ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក អ៉ឹង ឌីប៉ូឡា បានបញ្ជាក់ថា «ក្រសួងរ៉ែ និងថាមពល មិនដែលបានចេញអាជ្ញាប័ណ្ណណាមួយ ទៅក្នុងតំបន់ប្រវិត្ដសាស្ដ្រ ឈើកាច់បាភ្នំនោះទេ»។
លោក អ៉ឹង ឌីប៉ូឡា បានគូសបញ្ជាក់ថា តំបន់ប្រវត្ដិសាស្ដ្រ ឈើកាច់បាភ្នំនេះ ត្រូវបានចងក្រង តាមរយៈអនុក្រឹត្យ លេខ២២៤ ស្ដីពី ការបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ និងការកំណត់ ទីតាំងបេតិកភណ្ឌ វប្បធម៌ប្រវត្ដិសាស្ដ្រ នគរភ្នំឈើកាច់បាភ្នំ។
ពាក់ព័ន្ធនឹងករណី តំបន់ប្រវិត្ដសាស្ដ្រ ឈើកាច់បាភ្នំ, ក្រសួងរ៉ែ និងថាមពល សូមធ្វើការបញ្ជាក់ជូនសាធារណជនដូចតទៅ៖
១៖ តំបន់ប្រវត្តិសាស្ត្រភ្នំបាភ្នំ ស្ថិតក្នុងតំបន់បេតិកភណ្ឌធម្មជាតិ នគរភ្នំឈើកាច់ រីឯទីតាំងធ្វើ អាជីវកម្មថ្មភ្នំ ជាទីតាំងដាច់ដោយឡែកពីគ្នា មានចំងាយពីគ្នាប្រមាណ៣គីឡូម៉ែត្រ ស្ថិតនៅតំបន់ភ្នំស្វាយសាមសិប មិនដូចព័ត៌មាន ដែលលើកឡើងថា ការធ្វើអាជីវកម្មថ្មភ្នំ ស្ថិតនៅខាងក្រោយជាប់ភ្នំប្រវត្តិសាស្ត្រ ភ្នំបាភ្នំ នោះទេ។
ភ្នំដែលក្រសួងអនុញ្ញាតឱ្យធ្វើអាជីវកម្មវាយថ្ម នៅខេត្តព្រៃវែង មានឈ្មោះថា ភ្នំស្វាយសាមសិប ក្នុងភូមិស្វាយសាមសិប ឃុំជើងភ្នំ ស្រុកបាភ្នំ។
២៖ ចំពោះតំបន់បេតិកភណ្ឌធម្មជាតិ នគរភ្នំឈើកាច់ ជាតំបន់ប្រវត្តិសាស្ត្រ ត្រូវបានបង្កើតឡើង ដោយអនុក្រឹត្យលេខ២២៤ អនក្រ.បក ចុះថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ ដោយរួមបញ្ចូល ភ្នំបាភ្នំ ភ្នំវត្តកំពូល ភ្នំឈើកាច់ មណ្ឌលមុនីស្ថានតាបសភ្នំតូច ព្រមទាំងទីតាំងមួយចំនួនទៀត ស្ថិតនៅឃុំឈើកាច់ ឃុំរោងដំរី និងមួយភាគតូចជាប់ឃុំជើងភ្នំ ស្រុកបាភ្នំ។
តំបន់នេះ នៅរក្សាសភាពដើមធម្មតា មិនមានការធ្វើអាជីវកម្មថ្មនោះឡើយ។ បន្ថែមពីនេះ អាជ្ញាធរ និងប្រជាពលរដ្ឋ តែងតែប្រារព្ធពិធីបុណ្យផ្សេងៗ ជាពិសេសបុណ្យឡើងអ្នកតាមេសរ ជារៀងរាល់ឆ្នាំ ដោយមានប្រជាពលរដ្ឋ ចូលរួមជាច្រើនកុះករ។
៣៖ សូមបញ្ជាក់ជាថ្មីថា គិតមកទល់ពេលបច្ចុប្បន្ននេះ ក្នុងខេត្តព្រៃវែង គឺមានការដ្ឋានថ្មសំណង់ តែនៅតំបន់ភ្នំស្វាយសាមសិប ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង ប៉ុណ្ណោះ គឺពុំមាននៅតំបន់ណាផ្សេងទៀតនោះទេ។
ក្រសួងរ៉ែ និងថាមពល បានយកចិត្តទុកដាក់ខ្ពស់លើការការពារ ការប៉ះពាល់សង្គម និងបរិស្ថានដោយមិនអនុញ្ញាត ឱ្យធ្វើអាជីវកម្មរ៉ែជាដាច់ខាត នៅតំបន់ហាមឃាត់ រមណីយដ្ឋានទេសចរណ៍ និងប្រវត្តិសាស្ត្រនានា។
បច្ចុប្បន្នក្រសួងបានចាត់ ក្រុមការងារអគ្គនាយកដ្ឋានធនធានរ៉ែ ចុះធ្វើការវាយតម្លៃលើទិដ្ឋភាពសេដ្ឋកិច្ច បរិស្ថាន សង្គម ទេសចរណ៍ និងវប្បធម៌ប្រវត្តិសាស្ត្រ ដើម្បីកំណត់តំបន់ ដែលអាចបន្តអនុញ្ញាត តំបន់ដែលត្រូវផ្អាក និងតំបន់ដែលត្រូវបើកថ្មី ឱ្យធ្វើប្រតិបត្តិការធនធានរ៉ែថ្មសំណង់ នៅទូទាំងប្រទេស ដោយបច្ចុប្បន្នក្រសួងបានបញ្ចប់ការវាយតម្លៃ និងកំណត់តំបន់នៅខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង។
៤៖ ធនធានរ៉ែថ្មសំណង់នៅតំបន់ភ្នំស្វាយសាមសិប ត្រូវបានប្រើប្រាស់សម្រាប់ផ្គត់ផ្គង់ទូទាំងខេត្តព្រៃវែង ខេត្តស្វាយរៀង និងស្រុកលើកដែក ខេត្តកណ្តាល សម្រាប់បម្រើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរដ្ឋ និងឯកជន៕