(សិង្ហបុរី)៖ នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទគ្រួសារអាស៊ីលើកទី៤ ដែលរៀបចំឡើងនៅប្រទេសសិង្ហបុរី។
សន្និសីទគ្រួសារអាស៊ីលើកទី៤ ត្រូវបានធ្វើឡើងក្រោមមូលបទ «គ្រួសារអាស៊ីដែលមានភាពរឹងមាំ និង ភាពធន់៖ បញ្ហាប្រឈម និងកាលានុវត្តភាព» មានរយៈពេលពីរថ្ងៃគឺថ្ងៃទី៦-៧ ខែវិច្ឆិកា។ ពិធីបើកសន្និសីទនាព្រឹកនេះ ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក Tharman Shanmugaratnam ប្រធានាធិបតីសិង្ហបុរី។ ក្នុងសន្និសីទនេះ មានការអញ្ជើញចូលរួមពីមន្ត្រី និងអង្គការពាក់ព័ន្ធមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ី។
សន្និសីទ ត្រូវបានបានរៀបចំឡើងដើម្បីពង្រឹងការអនុវត្ត ការស្រាវជ្រាវគោលនយោបាយ ទាក់ទងការពង្រឹងគ្រួសារអាស៊ី តាមរយៈការស្វែងរកវិធានគន្លឹះ និងការស្រាវជ្រាវពីគ្រួសារ ដែលមានភាពធន់ វិធីសាស្ត្រផ្តោតលើគុណតម្លៃគ្រួសារចំពោះបញ្ហាសង្គម និងការបង្កើតបណ្តាញសម្រាប់អ្នកអនុវត្តទាំងអស់ក្នុងតំបន់អាស៊ី។
សន្និសីទគ្រួសារអាស៊ីលើកទី៤ ជាវេទិកាមួយសម្រាប់អ្នកចូលរួម បានចែករំលែក និងរៀនសូត្រពី បទពិសោធន៍ និងវិធីសាស្ត្រផ្សេងៗ អំពីការពង្រឹងគ្រួសារក្នុងតំបន់រួមមាន៖ ការពង្រឹងទំនាក់ទំនងគ្រួសារ, ការគាំទ្រមនុស្សវ័យចាស់ និងការពង្រឹងការគាំទ្រអន្តរជំនាន់, ជីវភាព និងសុខុមាលភាពគ្រួសារ និងការកើនឡើងនៃការថែទាំជាលក្ខណៈគ្រួសារធម៌នៅអាស៊ី។
សូមបញ្ជាក់ថា នៅមុនពេលចាប់ផ្តើមសន្និសីតនេះ លោក ជា សុមេធី ត្រូវបានអញ្ជើញចូលរួមចូលរួមពិធីសំណេះសំណាល ជាមួយលោក Tharman Shanmugaratnam ផងដែរ៕