(ភ្នំពេញ)៖ លោក ប្រាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានស្នើឱ្យសមាគម និងហសគមន៍ដែលផ្គត់ផ្គង់ លើវិស័យទេសចរណ៍ ពិសេសគ្រប់ម្ចាស់អាជីវកម្មទាំងអស់នៅកម្ពុជា ត្រូវយកចិត្តទុកដាក់បន្ថែមទៀត លើការងារពង្រឹងសមត្ថភាព និងការបណ្តុះបណ្តាលធនធានមនុស្ស លើវិស័យម្ហូបអាហារ ភេសជ្ជៈ សណ្ឋាគារ និងការរៀបចំបដិសណ្ឋាកិច្ចជាដើមនេះ ដើម្បីធ្វើយ៉ាងណាឱ្យយុវជន និងប្រជាពលរដ្ឋ អាចមានឱកាសប្រកួតប្រជែងទីផ្សារការងារជាលក្ខណៈតំបន់ និងអន្តរជាតិ។
ថ្លែងនៅក្នុងវេទិកា នៃការរៀបចំពិព័រណ៍វិស័យផ្គត់ផ្គង់ម្ហូបអាហារ និងបដិសណ្ឋាកិច្ចនៅកម្ពុជា លោក ប្រាក់ សុខុម បានជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់ ត្រូវផ្តោតសំខាន់លើការ បណ្តុះបណ្តាលធនធានមនុស្ស និងការពង្រឹងសមត្ថភាព លើវិស័យបដិសណ្ឋាកិច្ចទេសចរណ៍នៅកម្ពុជា ព្រោះវិស័យនេះ បានផ្តល់ឱកាសការងារច្រើន សម្រាប់ប្រជាពលរដ្ឋយុវជនទាំង នៅក្នុងប្រទេស និងក្រៅប្រទេសផងដែរ។
លោកបានឱ្យដឹងថា វិស័យផ្គត់ផ្កង់ម្ហូបអាហារ ភេសជ្ជៈ សណ្ឋាគារនិងបដិសណ្ឋាកិច្ច មានសារៈសំខាន់ណាស់ ដែលត្រូវទាមទារ ឱ្យមានការបន្តច្នៃប្រឌិត និងសម្របខ្លួន ដើម្បីបំពេញតម្រូវការ ដែលកំពុងរីកចម្រើន និងផ្តល់ទៅវិញទៅមកលើការរំពឹងទុករបស់ភ្ញៀវ។
លោកបានថ្លែងថា «ការចាប់យកបច្ចេកវិទ្យាធ្វើម្ហូបបែបទំនើប និងការអភិរក្សម្ហូបដែលជាអត្តសញ្ញាណជាតិ និងការចូលរួមនិន្នាការពិភពលោក គឺជាកត្តាដែលជំរុញកំណើន និងភាពជោគជ័យនៃវិស័យផ្គត់ផ្គង់ម្ហូបអាហារ ភេសជ្ជៈ សណ្ឋាគារ និងបដិសណ្ឋាកិច្ចនៅកម្ពុជា»។
លោកបន្ថែមថា «ខ្ញុំសង្ឈឹមនិងជឿជាក់ថា វិស័យផ្គត់ផ្គង់ម្ហូបអាហារ ភេសជ្ជៈ សណ្ឋាគារ និងបដិសណ្ឋាកិច្ចនិងក្លាយទៅជាសសរស្តម្ភដ៏សំខាន់មួយ ក្នុងការជំរុញកំណើនភ្ញៀវទេសចរ និងសេដ្ឋកិច្ចប្រកបដោយចិរភាពនិងបរិយាបន្ន ក្នុងន័យនេះ ខ្ញុំសូមសំណូមពរដល់ប្រធាន ឬក៏តំណាងសមាគមឧស្សាហ៍កម្មទេសចរណ៍ទាំងអស់ ម្ចាស់មូលដ្ឋានអាជីវកម្ម សូមគិតគូរ អំពីការបណ្តុះបណ្តាលធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ទាំងមូល ទាំងមូលធនមនុស្សថ្មី និងពង្រឹងសមត្ថភាពជំនាញបច្ចុប្បន្ន ក៏ដូចជាការតម្រង់ទិសអាជីវកម្ម ជាអាជីពនៅក្នុង វិស័យទេសចរណ៍ ដល់យុវជនដើម្បីកម្ពុជាមានធនធានមនុស្ស មូលធនមនុស្សដែលមានសមត្ថភាពគុណភាព និងការផលិតផលិតភាព ការងារខ្ពស់អាចប្រកួតប្រជែង ទៅនឹងទីផ្សារ ការងារក្នុងតំបន់និងអន្តរជាតិ»។
សូមបញ្ជាក់ថា វិស័យផ្គត់ផ្គង់អាហារនិងភេសជ្ជៈ សណ្ឋាគារ និងបដិសណ្ឋាកិច្ចដើរតួយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍឧស្សាហ៍កម្មទេសចរណ៍ទាំងមូល និងបានផ្តល់នូវបទពិសោធន៍រសជាតិ នៃម្ហូបអាហារដ៏សំបូរបែបសេវាកម្មល្អ និងបដិសណ្ឋាកិច្ចល្អ៕