(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងអំណរគុណសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានប្រឹងប្រែងរួមគ្នាដង្ហែកឋិនទានមហាសាមគ្គីគ្រួសារឆ្ពោះទៅកាន់វត្តខ្មែរក្រោមប្រកបដោយជោគជ័យ និងការសាទរខ្លាំងក្លាពីប្រជាពលរដ្ឋខ្មែរក្រោម និងពលរដ្ឋខ្មែរគ្រប់ទីកន្លែង។
ការកោតសរសើររបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយសមាជិកបក្សប្រជាជនកម្ពុជាមកពីបណ្តាគណបក្សនយោបាយនានាជាង២ពាន់នាក់ នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិមាន៧មករា ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា។
សូមរំលឹកថា អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដង្ហែឆ្ពោះទៅកាន់វត្តខ្មែរក្រោម វត្តពោធិគិរីវង្សារាម ត្រូវបានផ្តួចផ្តើមឡើងដោយសម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។ អង្គកឋិនទាននេះ ត្រូវបានគាំទ្រយ៉ាងខ្លាំងក្លាពីខ្មែរគ្រប់មជ្ឈដ្ឋាន និងគ្រប់ស្រទាប់វណ្ណៈរួមមានគណៈសង្ឃទាំងពីរគណៈ ព្រះមហាក្សត្រ សម្តេចព្រះវររាជជាតិខ្មែរ មន្ត្រីរាជការ និងប្រជាពលរដ្ឋទូទៅ។
អង្គកឋិនទានមហាសាមគ្គីគ្រួសារ ត្រូវបានរៀបចំពិធីក្រុងពាលី និងសូត្រមន្តតាមបែបបទប្រពៃណីខ្មែរនៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា។ លុះព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ត្រូវបានដង្ហែឆ្ពោះទៅកាន់វត្តខ្មែរក្រោម ដោយចំណាយពេលវេលាប្រមាណជា៥ម៉ោង។ នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា អង្គកឋិនទានជាប្រវត្តិសាស្ត្រសម្រាប់គ្រួសារខ្មែរ ជាពិសេសបងប្អូនខ្មែរក្រោម ក៏ត្រូវបានដង្ហែប្រទក្សិណ និងវេប្រគេនព្រះសង្ឃវត្តពោធិគិរីវង្សារាម ហៅវត្តស្វាយសៀមថ្មី។
កឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ទទួលបានបច្ច័យសង្កត់ត្រ័យសរុបជាង ២លាន ៤សែនដុល្លារអាមេរិក។ ក្នុងនោះបច្ច័យជាង ៩០ម៉ឺនដុល្លារត្រូវបានប្រគេនដល់វត្តពោធិគិរីវង្សារាម ហើយវត្ត ១៤២វត្តផ្សេងទៀត នៅក្នុងខេត្តព្រះត្រពាំង ត្រូវបានប្រគេនបច្ច័យមួយវត្តចំនួន ១ម៉ឺនដុល្លារអាមេរិក។
ការរៀបចំកឋិនទានដង្ហែទៅកាន់ខ្មែរក្រោម ជាការគិតប៉ងរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត រយៈពេល១២ឆ្នាំមកហើយ។ កឋិនទានមហាសាមគ្គីគ្រួសារខ្មែរ គឺជាការសម្រេចបំណងប្រាថ្នារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ហើយក៏ជាការសម្រេចក្តីសុបិនរបស់បងប្អូនខ្មែរនៅកម្ពុជា និងនៅខ្មែរក្រោមផងដែរ។
អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ បានផ្តល់នូវក្តីរំភើប ផ្តល់ក្តីត្រេកអរគ្មានអ្វីផ្ទឹមសម្រាប់ខ្មែរក្រោម។ អង្គកឋិនទាននេះ ប្រៀបបានទឹកសន្សើមបន្តកម្លាំងដង្ហើមនៃការប្រឹងប្រែងជ្រោងព្រះពុទ្ធសាសនានៅខ្មែរក្រោមឱ្យរឹងមាំទៅមុខ ជាជង្រុកវប្បធម៌ប្រពៃណី ទំនៀមទម្លាប់ និងអក្សរសាស្ត្ររបស់ខ្មែរក្រោម៕