Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការ ក្រោយចាប់ខ្លួនពាក់ព័ន្ធគ្រឿងញៀននៅក្រុងប៉ោយប៉ែត

06-11-2024 14:49

(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានចុះល្បាតការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត។

នៅចំណុចម្តុំការ៉ាស់សាំងភ្នំ១០០ បានប្រទះឃើញជនសង្ស័យម្នាក់ ឈ្មោះ សុខ តុលា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ដោយមានការសង្ស័យ កម្លាំងបានហៅមកសួរនាំ ព្រមទាំង ធ្វើការឆែកឆេររកឃើញមានវត្ថុតាង គ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង (WY) ចំនួន០១ថង់កិប ស្មើនឹង៦គ្រាប់ ទម្ងន់១.២៦ក្រាម (លាក់ក្នុងកញ្ចប់បារី)។

បន្ទាប់មកកម្លាំងកងរាជអាវុធហត្ថក្រុង បានធ្វើការឃាត់ខ្លួនជនសង្ស័យ ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីចាត់ការតាមនីតិវិធី និងបានធ្វើតេស្តរកសារធាតុញៀន ក្នុងទឹកនោមជាលទ្ធផលវិជ្ជមាន (+)។

ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានទិញគ្រឿងញៀនមកទុក សម្រាប់ប្រើប្រាស់ពិតប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី។

ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។

បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធី៕