(សៀមរាប)៖ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប បានស្នើដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាធ្វើ និងផ្សព្វផ្សាយពីគោលដៅទេសចរណ៍ឲ្យបានច្រើន ដើម្បីទាក់ទាញដល់ភ្ញៀវទេសចរ ឲ្យមកទស្សនាកាន់តែច្រើន។ លោកបន្តថា នៅខេត្តសៀមរាប រាល់ការអភិវឌ្ឍ និងការរៀបចំទៅលើផែនការនីមួយៗ ភាគច្រើនគឺមានការចូលរួមពីវិស័យឯកជនទាំអស់ ដើម្បីរកវិធានការ និងយន្តការ ក្នុងការដោះស្រាយការងារនៅក្នុងខេត្តរបស់យើង ឲ្យកាន់តែប្រសើរឡើង។

លោកបានបន្តថា យើងតែងបានជួយគ្នាក្នុងការគាំទ្រនូវព័ត៌មានទាំងឡាយណា ដែលជាព័ត៌មានអវិជ្ជមាន ដែលបំផ្លាញខេត្តសៀមរាប និងតែងតែជួយគ្នាស្រាយបំភ្លឺ ឬក៏លុបបំបាត់នូវព័ត៌មានដែលផ្សាយពីខេត្តរបស់យើង ដែលធ្វើឲ្យប៉ះពាល់ដល់វិស័យទេសចរណ៍ផងដែរ។

ការស្នើយ៉ាងដូច្នេះរបស់លោក ង៉ូវ សេងកាក់ នៅក្នុងទិវាសហគ្រិនភាពកម្ពុជា ២០២៤ ស្តីពី «ទេសចរណ៍ប្រកបដោយនិរន្តភាព ខេត្តសៀមរាប» ដែលរៀបចំឡើងដោយសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តសៀមរាប សហការជាមួយអង្គការបណ្តាញសហគ្រិនភាពសកល-កម្ពុជា (GEN Cambodia) ដោយមានការចូលរួមពីលោក ឡាយ គីមសួរ អនុប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងលោក លួន អានចំណេះ ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តសៀមរាប ព្រមទាំងលោក លោកស្រី តំណាងមន្ទីរ អង្គភាព សមាគម ក្លឹបទេសចរណ៍ និងសិស្សានុសិស្ស នារសៀលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារ Landing Gold by AMATAK។

លោកបានបន្តថា នៅខេត្តសៀមរាប រាល់ការអភិវឌ្ឍ និងការរៀបចំទៅលើផែនការនីមួយៗ ភាគច្រើនគឺមានការចូលរួមពីវិស័យឯកជនទាំអស់ ដើម្បីរកវិធានការ និងយន្តការ ក្នុងការដោះស្រាយបញ្ហានៅក្នុងខេត្តរបស់យើងឲ្យកាន់តែប្រសើរឡើង។ លោកបានបន្តថា យើងតែងបានជួយគ្នាក្នុងការគាំទ្រ និងផ្សព្វផ្សាយនូវព័ត៌មានទាំងឡាយណា ដែលជាព័ត៌មានវិជ្ជមាន ដែលជួយលើកមុខមាត់ខេត្តសៀមរាប និងតែងតែជួយគ្នាស្រាយបំភ្លឺ ក៏ដូចជាលុបបំបាត់នូវព័ត៌មានអវិជ្ជមានដែលប៉ះពាល់ដល់វិស័យទេសចរណ៍នៅក្នុងខេត្តរបស់យើងផងដែរ។

លោក លួន អានចំណេះ បានលើកឡើងថា ទិវាសហគ្រិនភាពកម្ពុជា គឺជាការអបអរសាទរដ៏ធំបំផុត នៅលើពិភពលោកដល់អ្នកដែលមានគំនិតផ្តួចផ្តើមល្អៗ និងសហគ្រិន ឬម្ចាស់អាជីវកម្មដែលបាននិងកំពុងបង្កើតឱកាសការងារថ្មី ព្រមទាំងអ្នកដែលជួយផ្សព្វផ្សាយនូវគំនិតល្អៗ សម្រាប់ដឹកនាំឱ្យមានការរីកចម្រើនលើវិស័យសេដ្ឋកិច្ចកម្ពុជាទាំងមូល។

លោកបានបន្តថា ទិវានេះត្រូវបានរៀបចំឡើងនៅទូទាំងពិភពលោក ជារៀងរាល់ឆ្នាំក្នុងសប្តាហ៍ជាមួយគ្នានៃខែវិច្ឆិកាចាប់តាំងពីឆ្នាំ២០០៨ មក និងបានជួយមនុស្សជាង ៥០ លាននាក់ ស្វែងរកសក្តានុពលរបស់ខ្លួនក្នុងការចាប់ផ្តើម និងពង្រីកអាជីវកម្មថ្មី។ ក្នុងមួយឆ្នាំៗ ទិវានេះមានការរៀបចំជាព្រឹត្តិការណ៍ ឬកម្មវិធីសរុបទូទាំងសកលលោក ប្រមាណជាជាង ៤៣,៥០០ កម្មវិធីដោយមានដៃគូចូលរួមរៀបចំអបអរសាទរប្រមាណជា ១៩,៩០០ ដៃគូ។

លោក លួន អានចំណេះ បានបន្តថា អង្គការបណ្តាញសហគ្រិនភាពសកលកម្ពុជា និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា ជាស្ថាប័នផ្លូវការក្នុងការរៀបចំទិវានេះនៅកម្ពុជាតាំងពីឆ្នាំ២០១៣មក ហើយតែងទទួលបានការគាំទ្រ និងសហការពីស្ថាប័នរដ្ឋ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍សំខាន់ៗជាច្រើន។

លោកបានបន្ថែមថា នៅឆ្នាំ២០២៤ នេះ សម្រាប់សមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តសៀមរាប បានរៀបចំទិវានេះក្នុងវិសាលភាពធំជាងមុន ដើម្បីជាប្រយោជន៍ដល់សហគ្រិន និងយុវជន ក្រោមប្រធានបទ «ទេសចរណ៍ប្រកបដោយនិរន្តភាព ខេត្តសៀមរាប»។

លោក ឡាយ គីមសួរ បានលើកឡើងថា បច្ចុប្បន្ននេះ សមាគមសហគ្រិនវ័យក្មេងកម្ពុជា មាន ៨ សាខាខេត្ត ក្រុង ក្នុងនោះមាន៖ ភ្នំពេញ កំពង់ចាម-ត្បូងឃ្មុំ ក្រចេះ សៀមរាប បាត់ដំបង បន្ទាយមានជ័យ កំពត-កែប និងព្រះសីហនុ និងមានសមាជិកប្រហែល ៧០០ នាក់ តំណាងឲ្យជាង ១២០០ អាជីវកម្ម និងផ្តល់ឱកាសការងារប្រហែល ២៥០០០ កន្លែង។ លោកបន្តថា នៅក្នុងបេសកកម្មបន្ទាប់របស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា ក្នុងឆ្នាំ២០២៦ នឹងបើកគ្រប់សាខាខេត្ត ក្រុងទាំងអស់ ក្នុងប្រទេសកម្ពុជា។ ក្នុងនោះ គម្រោងនៅដើមឆ្នាំ ២០២៥ ខាងមុខនេះ នឹងបើកនៅខេត្តកំពង់ធំ និងពោធិ៍សាត់។

លោកបន្ថែមថា នៅពេលនេះក្នុងខែវិច្ឆិកានេះ បណ្តាញសហគ្រិនសកលកំពុងតែអបអរសាទរកម្មវិធីនេះ នៅតាមបណ្តាប្រទេសប្រហែលជា២០០ប្រទេស ដែលកំពុងពិភាក្សាអំពីបញ្ហាប្រឈម នៅក្នុតតំបន់ ឬប្រទេស ដើម្បីជំរុញជាស្មារតីសហគ្រិននៅលើពិភពលោក។

ទន្ទឹមនេះ សមាគមបានរៀបចំវេទិកាពិភាក្សាយ៉ាងស៊ីជម្រៅអំពីប្រធានបទ ទេសចរណ៍ប្រកបដោយនិរន្តភាពខេត្តសៀមរាប ដើម្បីបង្ហាញពីសក្តានុពល ការវិវត្តន៍ និងគោលដៅនៃវិស័យទេសចរណ៍ក្នុងខេត្តសៀមរាបដែលមានវាគ្មិនកិត្តិយសពីតំណាងក្នុងវិស័យ ទេសចរណ៍ រដ្ឋ GIZ និងម្ចាស់អាជីវកម្ម។

ជាមួយនេះ លោក ង៉ូវ សេងកាក់ បញ្ជាក់ថា ក្នុងរយៈពេល១០ខែក្នុងឆ្នាំ២០២៤នេះ ស្ថានភាពដែលព្យាករណ៍គឺចំនួន៧៧៤,០០០នាក់។ ក្នុងនោះ ទីផ្សារដែលមកខេត្តសៀមរាប មានដូចជា៖ ១-សហរដ្ឋអាមេរិក, ២- ចក្រភពអង់គ្លេស, ៣- បារាំង, ៤- កូរ៉េខាងត្បូង, ៥- ចិន, ៦- ជប៉ុន, ៧- អាល្លឺម៉ង់, ៨- អូស្ត្រាលី, ៩- ឥណ្ឌា, ១០- វៀតណាម, ១១- រុស្ស៊ី, ១២- អេស្ប៉ាញ, ១៣- អ៊ីតាលី, ១៤- ថៃ, ១៥- កាណាដា, ១៦- ប៉ូឡូញ, ១៧- នេហឺឡង់, ១៨- ហ្វីលីពីន, ១៩- ស្វីស, ២០-បែលហ្សិក និងប្រទេសផ្សេងៗទៀតផងដែរ៕