(ព្រះវិហារ)៖ ពុទ្ធបរស័ទចំណុះជើងវត្តឧត្តរគីរីជុំសែនជ័យ ហៅវត្តអានសេះ ស្ថិតក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានទទូចព្រះអនុគុណស្រុក និងព្រះមេគណខេត្តព្រះវិហារ ជួយរៀបចំឱ្យមានព្រះសង្ឃគង់ ក្នុងវត្តអានសេះនេះវិញ ក្រោយពីវត្តនេះមិនមានព្រះសង្ឃសូម្បីតែ១អង្គ គង់ក្នុងវត្តនេះសម្រាប់ប្រជាពុទ្ធបរិស័ទ ពិសេសពុទ្ធបរិស័ទចំណុះជើងវត្តបានទៅធ្វើបុណ្យទាននោះទេ។

បើតាមសំដីរបស់ពុទ្ធបរិស័ទចំណុះជើងវត្តមួយចំនួនបានថ្លែងប្រាប់ឱ្យដឹងថា មូលហេតុដែលវត្តអានសេះ គ្មានព្រះសង្ឃគង់នៅជាង១អាទិត្យមកនេះ សូម្បីតែ១អង្គនោះ ក៏ព្រោះតែមានបញ្ហាមួយចំនួនជាមួយគណៈកម្មាការវត្ត ដែលជាមូលហេតុធ្វើឱ្យប្រជាពលរដ្ឋមានការលំបាកក្នុងការទៅធ្វើបុណ្យទានផ្សេងៗនៅក្នុងវត្ត ដោយសារតែមិនមានព្រះសង្ឃគង់នៅ ហើយពួកគាត់ក៍អំពាវនាវឱ្យមានការបោះឆ្នោតរៀបចំគណៈកម្មាការ អាចារ្យឡើងវិញ ដើម្បីឱ្យវត្តនេះបានដំណើរការដោយស្រុះស្រួលគ្នា។

ព្រះសម្ភារ៍វិសុទ្ធិ ឡុង សុមុនី ព្រះរាជាថ្នាក់កិត្តិយស និងជាព្រះសីមាវិជិត ព្រះមេគណខេត្តព្រះវិហារ បានមានថេរដីកាឱ្យដឹងនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះថា ចំពោះបញ្ហាគ្មានព្រះសង្ឃគង់នៅវត្តអានសេះនេះ ព្រះអង្គនឹងពិភាក្សាជាមួយព្រះអនុគណស្រុក ដើម្បីរកព្រះសង្ឃមកគង់នៅក្នុងពេលឆាប់ៗនេះ បន្ទាប់ពីមានព្រះសង្ឃគង់នៅហើយនឹងរៀបចំបោះឆ្នោតជ្រើសរើសគណៈកម្មាការ អាចារ្យវត្តជាក្រោយ។

ដោយឡែកព្រះអនុគុណស្រុកជាំក្សាន្ត បានមានថេរដីកាថាព្រះសង្ឃដែលបាននិមន្តចាកចេញពីវត្តនេះ គឺបានមកថ្វាយបង្គំលាព្រះអង្គយ៉ាងត្រឹមត្រូវ ហើយមូលហេតុដោយសារព្រះអង្គគង់នៅវត្តនេះមិនបានក៏ដោយសារ មានបញ្ហាជាមួយគណៈកម្មាការ ហើយគណៈកម្មាការនេះទៀតសោធន៍មិនទាន់បានបោះឆ្នោតគាំទ្រនោះទេ។

ដោយឡែកគណៈកម្មាការដែលបានបោះឆ្នោតគាំទ្ររួចហើយនោះ គឺគាត់មានជំងឺ ដូច្នេះហើយទើបគណៈកម្មាការក្រោយមកគ្រប់គ្រងជាបណ្តោះអាសន្ន។ប៉ុន្យែទោះជាយ៉ាងណាព្រះអង្គថា វត្តនេះនឹងនិមន្តព្រះសង្ឃផ្សេងមកគង់នៅឆាប់ៗខាងមុខនេះហើយ៕