(កណ្តាល)៖ លោក រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ និងពុទ្ធបរិស័ទជិតឆ្ងាយ បានអញ្ជើញប្រារព្ធពិធីបុណ្យកឋិនទាននៅវត្តព្រះឥន្ទសាមគ្គីធម៌ ស្ថិតនៅ ស្រុកអង្គស្នូល ខេត្តកណ្ដាល ដោយបានប្រារព្ធពិធី ក្រុងពាលី បូជាគ្រឿងសក្ការៈថ្វាយព្រះពុទ្ធរូបនមស្ការថ្វាយបង្គំព្រះរតនត្រៃ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្ដែងព្រះធម៌ទេសនា។
លុះព្រឹកឡើង ថ្ងៃអាទិត្យ៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ប្រគេនយាគូដល់ព្រះសង្ឃ ដង្ហែរអង្គកឋិនទាន ប្រទក្សិណ៣ជុំព្រះវិហារ រួចវេរអង្គកឋិនប្រគេនព្រះសង្ឃក្រាលគ្រងទៅតាមព្រះវិន័យកិច្ច ក្នុងព្រះវិហារ ព្រមទាំងបវរណាបច្ច័យសង្កត់ ត្រៃដែលក្នុងនោះបច្ច័យត្រៃធំរបស់លោក និងលោកស្រី និងបច្ច័យប្រគេនព្រះសង្ឃក្នុងពិធីបុណ្យកឋិននេះ។
ឆ្លៀតក្នុងឱកាសនោះ លោក និងលោកស្រី អ្នកឧកញ៉ា ក៏បានប្រគេនបច្ច័យសម្រាប់កសាងដល់់សាកលវិទ្យាល័យសម្ដេចសង្ឃ បួរ គ្រី ដែលកំពុងកសាង និងខ្វះខាត ស្ថិតនៅក្នុងពីធីបុណ្យអង្គកឋិនទាននេះដែរបានចូលរួម បរិច្ចាគ ពុទ្ធបូជា ធម្មបូជា សង្ឃបូជា នៃអានិសង្ស បុណ្យកឋិនទាន ឧទ្ទិសកុសលផលបុណ្យថ្វាយ ប្រគេន និងជូនចំពោះបុព្វការីជន មានមាតាបិតា គ្រូបាអាចារ្យ ជីដូនជីតា ញាតិសន្តានទាំងឡាយ បានរួចចាកទុក្ខ និងបានបដិសន្ធិវិញ្ញាណ ក្នុងសុគតិភពមានមនុស្ស ទេវតា និងព្រះនិព្វាន និងសូមឱ្យផលបុណ្យដែលកើតឡើងពីអានិសង្សអង្គកឋិនទាននេះ បានផ្សព្វផ្សាយជូន លោក លោកស្រី ឧបាសក ឧបាសិកាមហាពុទ្ធបរិស័ទជិតឆ្ងាយជាម្ចាស់នៃទាន សូមបានសេចក្ដីសុខចម្រើនសម្រេចដោយព្រះពុទ្ធពរ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតទៅជាបការៈដទៃឡើយ ៕