(បាត់ដំបង)៖ សមាគម អ៊ី.អឹម.ឌី.អា កម្ពុជា បានសហការជាមួយមហាវិទ្យាល័យសង្គមសាស្រ្ត និងអភិវឌ្ឍន៍សហគមន៍ នៃសាកលវិទ្យាល័យជាតិបាត់ដំបង រៀបចំវេទិកាសុខភាពផ្លូវចិត្តក្រោមប្រធានបទ៖ «ការស្វែងយល់ពីសុខភាពផ្លូវចិត្ត និងការថែទាំ» ក្រោមអធិបតីភាពលោកបណ្ឌិត សំ រ៉ានី សាកលវិទ្យាធិការរង តំណាងលោក សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង។
នៅក្នុងវេទិកានេះរៀបចំឡើងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានប្រជាពលរដ្ឋ សិស្សានុសិស្ស និស្សិត បុគ្គលិកអប់រំ អាជ្ញាធរដែនដី អង្គការសង្គមស៊ីវិល និងស្ថាប័នពាក់ព័ន្ធដទៃទៀតបានចូលរួមចំនួន ១២៣នាក់។
វេទិកានេះមានគោលបំណងសំខាន់ចំនួនពីររួមមាន៖ ទីមួយ ចូលរួមអប់រំផ្សព្វផ្សាយពីបញ្ហាសុខភាពផ្លូវចិត្ត និងការប៉ះទង្គិចផ្លូវចិត្ត ដល់ប្រជាពលរដ្ឋ សិស្សនិស្សិត បុគ្គលិកអប់រំ អាជ្ញាធរ អង្គការសង្គមស៊ីវិល និងស្ថាប័នពាក់ព័ន្ធ។ ទីពីរ ចែករំលែកចំណេះដឹង និងព័ត៌មានជុំវិញសេវាថែទាំសុខភាពផ្លូវចិត្ត និងការបញ្ចូនប្រកបដោយសុវត្ថិភាព។
វេទិកានេះជាជំហានដ៏សំខាន់មួយ ក្នុងការស្វែងយល់ និងដោះស្រាយបញ្ហាដ៏សំខាន់បំផុតមួយទាក់ទងនឹងសុខភាពផ្លូវចិត្ត និងសុខុមាលភាពរបស់បុគ្គល ដែលបានជួបប្រទះនូវបទពិសោធននៃការប៉ះទង្គិចផ្លូវចិត្ត។ វាគ្មិនកិត្តិយស និងអ្នកចូលរួមទាំងអស់បានចែករំលែកចំណាប់អារម្មណ៍ និងបទពិសោធន៍ក្នុងការយល់ដឹងពីសុខភាពផ្លូវចិត្ត ដែលពួកគេមិនធ្លាប់ដឹងពីមុនមក ជាពិសេសប្រសិទ្ធភាពនៃការអនុវត្តបច្ចេកទេសលំនឹងផ្លូវចិត្តមួយចំនួន ដែលផ្ដល់ឱកាសឱ្យពួកគាត់បានសម្រាក និងកសាងភាពវិជ្ជមាននៅក្នុងជីវិតរបស់ខ្លួន។
លោក អ៊ុំ ផ្លាកទីន ប្រធានសមាគម អ៊ី.អឹម.ឌី.អា កម្ពុជាបានមានប្រសាសន៍ថា វេទិកានេះជាជំហានដ៏សំខាន់មួយក្នុងការស្វែងយល់ និងដោះស្រាយបញ្ហាដ៏សំខាន់បំផុតមួយ ទាក់ទងនឹងសុខភាពផ្លូវចិត្ត និងសុខមាលភាពរបស់បុគ្គល ដែលបានជួបប្រទះបទពិសោធននៃការប៉ះទង្គិចផ្លូវចិត្ត នៅតាមបណ្តាខេត្តនានាទូទាំងប្រទេស។
លោកបានបន្តទៀតថា សមាគម អ៊ី.អឹម.ឌី.អា កម្ពុជាបានសហការជាមួយអង្គភាពជំនាញពាក់ព័ន្ធជាពិសេសជាមួយគ្រឹះស្ថានសិក្សា និងមន្ទីរសុខាភិបាលខេត្ត ក្នុងការរៀបចំអង្គវេទិកា និងសិក្ខាសាលាបណ្តុះបណ្តាលនានា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខភាពផ្លូវចិត្ត ក្នុងចំណោមប្រជាជនទទួលរងការប៉ះទង្គិចផ្លូវចិត្ត។
លោកបានគូសបញ្ជាក់ទៀតថា ជំងឺផ្លូវចិត្តបង្កឱ្យមានផលប៉ះពាល់មិនត្រឹមតែបុគ្គល ដែលរងគ្រោះប៉ុណ្ណោះទេ ប៉ុន្តែជំងឺនេះក៏អាចប៉ះពាល់ថែមទៀតដល់ក្រុមគ្រួសារ មិត្តភក្តិ និងសង្គមជាតិទាំងមូលផងដែរ។
នេះគឺជាទំនួលខុសត្រូវរបស់យើងទាំងអស់គ្នា ក្នុងការស្វែងរកយុទ្ធសាស្រ្តដ៏មានប្រសិទ្ធភាពបំផុត សម្រាប់ផ្សព្វផ្សាយពីបញ្ហាសុខភាពផ្លូវចិត្ត ដល់ប្រជាជនទូទៅ និងពង្រឹងដល់ចំណេះដឹង និងព័ត៌មានស្តីពីសេវាកម្មសុខភាពផ្លូវចិត្ត ដល់សារធាណជនផងដែរ។
លោកបណ្ឌិតសំ រ៉ានី បានមានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំង លើការអភិវឌ្ឍធនធានមនុស្ស។ រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ នៃរដ្ឋសភា បាននឹងកំពុងអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ (២០២៤-២០២៨) ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាពក្នុងការកសាងមូលដ្ឋានគ្រឹះឆ្ពោះ ទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្នុងនោះដែរសម្រាប់ក្រសួងអបរំ យុវជន និងកីឡា បានផ្តោតយកចិត្តទុកដាក់លើបញ្ចកោណទី១ ក្នុងចំណោមបញ្ចកោណទាំង៥ គឺ៖ «ការអភិវឌ្ឍមូលធនមនុស្ស»។ ការអភិវឌ្ឍមូលធនមនុស្សកម្ពុជា គឺមិនអាចមើលរំលងទៅលើសុខភាពផ្លូវកាយ និងផ្លូវចិត្ត ដែលជាឆ្អឹងខ្នងដ៏សំខាន់ក្នុងការរួមចំណែកអភិវឌ្ឍប្រទេសជាតិ។ សុខភាពផ្លូវចិត្ត គឺជា «សិទ្ធិមនុស្សសកល»។ យើងទាំងអស់គ្នាយកចិត្តទុកដាក់លើសុខភាពផ្លូវចិត្ត របស់កុមារ ក្មេងជំទង់ និងយុវជនកម្ពុជាយើង។
លោកបណ្ឌិតបានគូសបញ្ជាក់ទៀតថា ដេប៉ាតឺម៉ង់សង្គមសាស្ត្រ នៃមហាវិទ្យាល័យសង្គមសាស្ត្រ និងអភិវឌ្ឍន៍សហគមន៍នៃសាកលវិទ្យាល័យជាតិបាត់ដំបង មានបណ្តុះបណ្តាលឯកទេសចិត្តវិទ្យា កម្រិតបរិញ្ញាបត្រ និងបានដើរតួយ៉ាងសំខាន់ ក្នុងការរួមចំណែកបណ្តុះបណ្តាលមូលធនមនុស្ស និងគាំទ្រដោះស្រាយបញ្ហាផ្លូវចិត្ត និងអភិវឌ្ឍវិស័យចិត្តសាស្ត្រនៅតំបន់ភាគពាយព្យនៃប្រទេសកម្ពុជា។ សាកលវិទ្យាល័យជាតិបាត់ដំបង មានកិច្ចប្រតិបត្តិការជាមួយនឹងដៃគូជាច្រើន ក្នុងនោះដែរ សមាគម អ៊ី.អឹម.ឌី.អា កម្ពុជា ជាដៃគូមួយដ៏ល្អបំផុតដែលបានធ្វើការជាមួយគ្នាយ៉ាងស្វិតស្វាញ និងយ៉ាងសកម្មបំផុត ក្នុងការសម្រេចបាននូវសមិទ្ធផល និងផ្លែផ្កាជាច្រើនជាពិសេសការគាំទ្រសុខភាពផ្លូវចិត្ត, ការផ្សព្វផ្សាយ, និងការអភិវឌ្ឍន៍ជំនាញចិត្តវិទ្យា នៅសាកលវិទ្យាល័យជាតិបាត់ដំបង។
យោងតាមការចុះផ្សាយរបស់គេហទំព័រ Our World In Data បានបង្ហាញថាមានប្រជាជនកម្ពុជាប្រមាណជា១២% ឬស្មើជាង២លាននាក់កំពុងមានបញ្ហាវិបត្តិផ្លូវចិត្ត។ នៅទូទាំងសកលលោកទាំងមូលអត្តឃាត គឺជាមូលហេតុនៃការស្លាប់នាំមុខគេទីបួន ក្នុងចំណោមមនុស្សវ័យក្មេង ដែលមានអាយុចន្លោះពី ១៥ទៅ ១៩ឆ្នាំ។នៅក្នុងឆ្នាំ២០២២ មនុស្សយ៉ាងតិច ៨៧៣ នាក់ បានស្លាប់ដោយសារការធ្វើអត្តឃាត ដែលភាគច្រើនមានអាយុចន្លោះពី ១៥ ទៅ ១៩ ឆ្នាំ ។ ប្រជាជនកម្ពុជាប្រមាណជាកន្លះលាននាក់បានទទួលរងផលប៉ះពាល់ដោយវិបត្តិបាក់ទឹកចិត្ត ឬការបាក់ស្បាត ដែលជាមូលហេតុដ៏ចម្បងមួយឈានដល់ការធ្វើអត្តឃាត។
យោងតាមការចុះផ្សាយរបស់គេហទំព័រ Our World In Data បានបង្ហាញថាមានប្រជាជនកម្ពុជាប្រមាណជា១២% ឬស្មើជាង២លាននាក់កំពុងមានបញ្ហាវិបត្តិផ្លូវចិត្ត។ តួលេខនេះខ្ពស់ជាងបណ្តាប្រទេសជា សមាជិកអាស៊ានផ្សេងទៀត។ ឡាវជាប្រទេសអាស៊ានស្ថិតចំណាត់ថ្នាក់ទី២ បន្ទាប់ពីកម្ពុជាដែលមានចំនួនពលរដ្ឋកើតវិបត្តិផ្លូវចិត្ត ប្រមាណ១១.៥៩% និងប្រទេសអាស៊ានស្ថិតចំណាត់ថ្នាក់លេខ ៣ គឺម៉ាឡេស៊ីដែលមានចំនួន១១,៥៣%។
គួរបញ្ជាក់ផងដែរថា វេទិកាលើកកម្ពស់ការយល់ដឹងអំពីសុខភាពផ្លូវចិត្តនេះ ជាផ្នែកមួយនៃសកម្មភាពរបស់គម្រោង៖ «ការលើកកម្ពស់សុខភាពផ្លូវចិត្ត ក្នុងចំណោមប្រជាជនទទួលរងការប៉ះទង្គិចផ្លូវចិត្ត (IMARP)» ដែលទទួលការគាំទ្រថវិកា ពីក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍អាល្លឺម៉ង់ (BMZ) តាមរយៈអង្គការយូហាន់នីធ័រអន្តរជាតិ (Johanniter)៕