(ភ្នំពេញ)៖ លោក អ៉ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានបញ្ជាក់ឲ្យដឹងថា គិតត្រឹមថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ កម្ពុជាចម្រាញ់រ៉ែមាស បានចំនួនជិត១៣តោន នៅក្នុងខេត្ដមណ្ឌលគិរី។
ការបញ្ជាក់ឲ្យដឹងបែបនេះ របស់លោក អ៉ឹង ឌីប៉ូឡា ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន «អំពីយុទ្ធនាការបង្ក្រាបអាជីវកម្មរ៉ែអនាធិបតេយ្យ» ស្ថិតនៅភូមិសាស្រ្តតំបន់មេសំ ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដែលរៀបចំដោយ ក្រសួងរ៉ែ និងថាមពល នាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។
លោក អ៉ឹង ឌីប៉ូឡា បានបញ្ជាក់យ៉ាងដូច្នេះថា «ចំពោះក្រុមហ៊ុន Renaissance Minerals គិតត្រឹមថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ផលិតបានមាស៨០៧ដុំ គិតជាទម្ងន់សរុប ប្រមាណ១២,៥៣៦គីឡូក្រាម រីឯក្រុមហ៊ុន Rong Cheng គិតមកដល់ថ្ងៃនេះ ផលិតបាន១២ដុំ ស្មើនឹងប្រមាណ២២គីឡូក្រាម»។
បើតាមការបញ្ជាក់របស់អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានរ៉ែ, ដំណើរការអាជីវកម្ម របស់ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd ស្ថិតក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី គឺដំណើរការទៅតាមផែនការល្អ មិនមានអ្វីជាបញ្ហានោះទេ។
ដោយឡែក ក្រុមហ៊ុន Rong Cheng ស្ថិតនៅតំបន់ចុងផ្លាស់ ខេត្ដមណ្ឌលគិរី គឺជួបបញ្ហា នៅមានដែលចាប់ផ្ដើមជីកចុះទៅ អណ្ដូងរបស់ក្រុមហ៊ុនលិចធ្លាយទឹក និងជួបជាមួយអណ្ដូងរ៉ែ អនាធិបតេយ្យ ដែលជាបញ្ហាធំ ធ្វើឲ្យមានការប៉ះពាល់ ទៅដល់សង្វាក់ផលិតកម្ម។ នេះជាការគូសបញ្ជាក់ របស់លោក អ៉ឹង ឌីប៉ូឡា។
លោក អ៉ឹង ឌីប៉ូឡា បានលើកឡើងថា ក្រសួងរ៉ែ និងថាមពល ប្តេជ្ញាបញ្ចប់នូវសកម្មភាពរ៉ែអនាធិបតេយ្យ និងជំរុញឱ្យមានការធ្វើអាជីវកម្មរ៉ែ ដោយស្របច្បាប់ដែលនាំមក នូវផលប្រយោជន៍ជាតិជាច្រើន មានជាអាទិ៍៖
* ការបង្កើតឱ្យមានឱកាសការងារ នៅនឹងកន្លែងនិងប្រយោល
* ការចូលរួមចំណែកដល់ការបង្កើតប្រភពចំណូលថវិកាជាតិបន្ថែម
* និងការបំបាត់នូវផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាននិងសង្គម ព្រមទាំងចូលរួមចំណែកអភិវឌ្ឍសហគមន៍មូលដ្ឋាន តាមរយៈការធ្វើអាជីវកម្មរ៉ែប្រកបដោយចីរភាព។
ការបង្ក្រាបលើកនេះ ក្រសួងរ៉ែ និងថាមពល បានដាក់ចេញនូវវិធានការតឹងរឹងចំពោះជនល្មើស ដែលមិនរាងចាល និងបានកាត់ផ្តាច់មធ្យោបាយនានា ដែលគាំទ្រដល់សកម្មភាពល្មើសច្បាប់។
សូមជម្រាបថា បច្ចុប្បន្ន មានក្រុមហ៊ុនចំនួន១០ ដែលកំពុងតែចម្រាញ់រ៉ែមាស នៅក្នុងប្រទេសកម្ពុជា រួមមាន៖
ទី១៖ ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd ស្ថិតក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី
ទី២៖ ក្រុមហ៊ុន Xinshan ស្ថិតនៅក្នុងតំបន់ភ្នំម្លុង ខេត្ដព្រះវិហារ
ទិ៣៖ ក្រុមហ៊ុន ឌែលខម (Delcom Cambodia) ស្ថិតនៅក្នុងតំបន់ភ្នំម្លុង ខេត្ដព្រះវិហារ
ទី៤៖ ក្រុមហ៊ុន Rong Cheng ស្ថិតនៅតំបន់ចុងផ្លាស់ ខេត្ដមណ្ឌលគិរី
ទី៥៖ ក្រុមហ៊ុន Jiangxia Mining Energy Development Co., Ltd. ស្ថិតនៅតំបន់អូរត្រូន ខេត្តក្រចេះ
ទី៦៖ ក្រុមហ៊ុន LATE CHENG MINING DEVELOPMENT CO., LTD ស្ថិតតំបន់ភ្នំជី ខេត្តកំពង់ធំ
ទី៧៖ ក្រុមហ៊ុន Phu Yuan ស្ថិតនៅភ្នំព្រឹក ខេត្ដបាត់ដំបង
ទី៨៖ ក្រុមហ៊ុន Cambodia K88 ស្ថិតនៅភ្នំជី ខេត្ដកំពង់ធំ
ទី៩៖ ក្រុមហ៊ុន Oriental Wisdow ស្ថិតនៅភ្នំប៉ាង ខេត្ដរតនគិរី
ទី១០៖ ក្រុមហ៊ុន Mesco Gold ស្ថិតនៅអូរយ៉ាវដាវ ខេត្ដរតនគិរី៕