(ភ្នំពេញ)៖ លោកស្រី ធឹម លន់ ប្រធានការិយាល័យរដ្ឋបាលនាយកដ្ឋានសុខភាពសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងបញ្ជាក់ថា ប្រទេសកម្ពុជា ក៏ដូចជាប្រទេសនានាលើឆាកអន្តរជាតិ តែងតែបាន​យកចិត្តទុកដាក់យ៉ាងខ្លាំង​​ ទៅលើសុខភាព​របស់ក្មេងស្រី ដែលជាកម្លាំងចលករមួយដ៏មានសារៈសំខាន់ ក្នុងការចូលរួមចំណែកជួយដល់ការអភិវឌ្ឍប្រទេសជាតិ ដែលមិនអាចខ្វះបាន។

លោកស្រី ធឹម លន់ បានលើកឡើងយ៉ាងដូចនេះ នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នាឱកាសអញ្ជើញជាអធីបតី នៅក្នុងទិវាក្មេងស្រីអន្តរជាតិ (IDG) ឆ្នាំ២០២៤ ដែលបានរៀបចំឡើងដោយអង្គការមូលនិធិថែទាំ​សុខភាព​អ្នកជំងឺអេដស៍ (AHF) កម្ពុជា ដោយមានការចូលរួមពីលោកវេជ្ជបណ្ឌិត ចន ផាន់ណា ប្រធានកម្មវិធី​ប្រចាំប្រទេស​អង្គការមូល​និធិថែទាំសុខភាពអ្នកជំងឺអេដស៍ លោក ញាញ់ ឌីកាណូ នាយកអនុវិទ្យាល័យទួលសុវណ្ណារ៉ាម និងមានការចូលរួមពីលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជាង ៤០០នាក់ និងមានការចែកអំណោយ​ជាសម្ភារសិក្សា និងសំឡីអនាម័យដោយឥតគិតថ្លៃផងដែរ។

ជាមួយគ្នានោះដែរលោកស្រី ធឹម លន់ ក៏បានលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ខិតខំរៀនសូត្រ ជៀសឱ្យឆ្ងាយពីអំពើអបាយមុខផ្សេងៗ ជៀសឱ្យឆ្ងាយពីគ្រឿងញៀន កុំសេពគ្រឿងស្រវឹង កុំប៉ះពាល់បារី អេឡិចត្រូនិច ជៀសវាងគ្រឿងភេសជ្ជៈផ្អែម ដែលនាំឱ្យមានផលប៉ះពាល់ដល់សុខភាព និងត្រូវខិតថែរក្សាសុខភាពរបស់ខ្លួនទាំងផ្លូវកាយ ផ្លូវចិត្ត និងផ្លូវភេទ តាមរយៈការការពារខ្លួន កុំឱ្យឆ្លងមេរោគអេដស៍ និងមេរោគផ្សេងៗផងដែរ។

នាឱកាសនោះដែរលោកវេជ្ជបណ្ឌិត ចន ផាន់ណា តំណាងឲ្យអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ ក៏បានបង្ហាញមោទនៈភាពជាមួយនឹងការចូលរួមរបស់លោក លោកស្រី ក្នុងឱកាសប្រារព្ធពិធីទិវា​ក្មេងស្រី​​អន្តរជាតិឆ្នាំ២០២៤ «លើកទឹកចិត្តដល់អនាគតស្ត្រីដែលជាអ្នកដឹកនាំ យកចិត្តទុកដាក់ពីសុខភាពជាចំបង ក្នុងទិវាក្មេងស្រីអន្តរជាតិ ឆ្នាំ២០២៤» ដែលរៀបចំឡើងដើម្បីបង្កើនសម្លេង និងចក្ខុវិស័យរបស់​ក្មេងស្រី និងយុវនារី ខណៈពេលស្វែងរកការគាំទ្រ និងគោលនយោបាយ សម្រាប់ការអប់រំសុខភាពបន្តពូជគ្រប់ជ្រុងជ្រោយឲ្យបានទូលំទូលាយ ។

លោកវេជ្ជបណ្ឌិត ចន ផាន់ណា បានឱ្យដឹងទៀតថា ការអប់រំសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងជាពិសេសការផ្តល់ការអប់រំសុខភាពពេលមករដូវ ដែលអាចជួយក្មេងស្រីមិនជួបផលវិបាកនៅពេលសិក្សា និងអាចជួយឲ្យក្មេងស្រីមានដំណើរជីវិតល្អប្រសើរ។ ក្មេងស្រី និងស្ត្រីវ័យក្មេងនៅទូទាំងពិភពលោកប្រឈមមុខនឹងឧបសគ្គជាច្រើន ចំពោះការទទួលការអប់រំ ការងារ និងការថែទាំសុខភាព។ យោងតាមអង្គការ​យូនីសេហ្វ បានបង្ហាញឲ្យឃើញថា ៧៥% នៃការឆ្លងមេរោគអេដស៍ថ្មីក្នុងចំណោមក្មេងស្រីវ័យជំទង់ ហើយប្រហែលក្មេងស្រី១ ក្នុងចំណោម៤នាក់ ដែលមានដៃគូ ឬរៀបការ បានជួបប្រទះការរំលោភបំពានផ្លូវភេទ ឬរាងកាយ។

លោកវេជ្ជបណ្ឌិត ចន ផាន់ណា បានបន្ថែមថា ការស្វែងរកការគាំទ្រ និងដំណោះស្រាយការគ្រប់គ្រងសុខភាពពេលមករដូវ និងការអប់រំសុខភាពបន្តពូជដែលសមស្របតាមវ័យនិងពង្រឹងសារៈសំខាន់​នៃក្មេងស្រី​ដែលកំពុងចូលរៀនចៀសវាង​ការមានផ្ទៃពោះ​​ដោយមិនបានគ្រោងទុក ការកសាងជំនាញជីវិត និងបញ្ហាសំខាន់ៗផ្សេងទៀតដែលប៉ះពាល់ដល់សុខភាពរបស់ពួកគេ។

សូមបញ្ជាដែរថា អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ គឺជាអង្គការសកលមិនរកប្រាក់កម្រៃនិងមិនគិតពីលទ្ធភាពនៃការបង់ប្រាក់ និងការស្វែងរកការគាំទ្រដល់៤៧ជុំវិញពិភពលោកក្នុងទ្វីបអាហ្រ្វិក អាមេរិក តំបន់អាស៊ីប៉ាស៊ីហ្វិក និងអឺរ៉ុប។ បច្ចុប្បន្នយើងគឺជាអ្នកផ្តល់សេវាថែទាំសុខភាពអេដស៍/ជំងឺអេដស៍មិនរកប្រាក់ចំណេញដ៏ធំបំផុតនៅក្នុងពិភពលោក៕