(វ៉ាស៊ីនតោន)៖ បេក្ខភាពប្រធានាធិបតីអាមេរិក មកពីគណបក្សសាធារណរដ្ឋ លោក Donald Trump ដែលគេស្គាល់តាមរយៈការប្រើពាក្យសម្ដីគំរោះគំរើយ នៅពេលនេះពាក្យគំរោះគំរើយរបស់លោក ចាប់ផ្ដើមជះឥទ្ធិពលអវិជ្ជមានជាបណ្ដើរហើយ ខណៈលោកកំពុងត្រូវបានគេរិះគន់យ៉ាងខ្លំាង ដោយសារការប្រើពាក្យសម្ដីមិនសមរម្យ ទៅលើស្រី្តនៅក្នុងវីដេអូមួយថតនៅឆ្នាំ២០០៥ ដែលត្រូវសារព័ត៌មានក្នុងស្រុកបង្ហោះកាលពីពេលថ្មីនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរុស្ស៊ី Sputnik នៅថ្ងៃអាទិត្យ ទី០៩ ខែតុលា ឆ្នាំ២០១៦។
នៅបន្ទាប់ពីមានរឿងអាស្រូវវីដេអូក្លីបនេះកើតឡើង ក្រុមថ្នាក់ដឹកនំាគណបក្សសាធារណៈរដ្ឋបានបង្ហាញក្ដីព្រួយបារម្ភរបស់ពួកគេ ដោយខ្លាចក្រែងវាអាចនឹងធ្វើឱ្យធ្លាក់ចុះការគំាទ្រ ដោយក្នុងនោះរហូតដល់មានអ្នកខ្លះ ដូចជា លោក John Thune បានស្នើឱ្យលោក Donald Trump ដកខ្លួនពីបេក្ខភាពប្រធានាធិបតី ដើម្បីទុកដំណែងនេះឱ្យទៅបេក្ខភាពអនុប្រធានាធិបតីរបស់លោកផ្ទាល់ គឺលោក Mike Pence។ លើសពីនេះទៅទៀត សូម្បីតែលោក John McCain ដែលជាអតីតបេក្ខភាពប្រធានាធិបតី នៃគណបក្សសាធារណៈរដ្ឋ និងអតីតអភិបាលរដ្ឋ California លោក Arnold Schwarzenegger, រួមទំាងលោកស្រី Condoleezza Rice ជាអតីតរដ្ឋមន្រ្តីការបរទេសអាមេរិក សុទ្ធតែបញ្ជាក់ថា ពួកគេនឹងមិនបោះឆ្នោតឱ្យលោក Donald Trump ឡើយ។
សូមជំរាបថា បើតាមសារព័ត៌មាន Politico ក្រុមមេធាវីនៃគណបក្សសាធារណរដ្ឋ បានចាប់ផ្ដើមសិក្សាលើមូលដ្ឋានច្បាប់ ដើម្បីអាចជំនួសលោក Donald Trump ដោយបេក្ខជនផ្សេងម្នាក់ទៀត តាមរយៈការអនុវត្តច្បាប់លេខ៩ ដែលចែងពីការតែងតំាងបេក្ខជនប្រធានាធិបតីសម្រាប់កន្លែងទំនេរ។ ក៏ប៉ុន្តែទោះជាយ៉ាង លោក Donald Trump នៅតែប្រកាន់ជំហរថា លោកនឹងមិនដកខ្លួនពីការប្រកួតប្រជែងនេះជាដាច់ខាត ហើយម្យ៉ាងវិញទៀត វាក៏មិនអាចទៅរួចដែរ ព្រោះថាសន្លឹកឆ្នោតត្រូវបានបោះពុម្ពរួចទៅហើយ រីឯការដកលោក Trump នៅត្រូវតែមានការភាពឯភាពគ្នាជាឯកច្ឆន្ទផងដែរ៕