(ភ្នំពេញ)៖ លោក សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្របញ្ចប់វគ្គបណ្តុះបណ្តាលជំនាញ «iOS App Development» ក្រោមគម្រោង «Cambodia Technology Talents Capacity Building and Development» របស់សាលាបច្ចេកវិទ្យាអាឌីទី (ADITI Academy) ដែលឧបត្ថម្ភគាំទ្រដោយមូលនិធិនៃការកសាងសមត្ថភាពនិងការស្រាវជ្រាវ និងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (មូលនិធិ ស.អ.) ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងអប់រំយុវជន និងកីឡា គ្រូបង្វឹក សិស្ស-និស្សិត និងអាណាព្យាបាល ប្រមាណ ៧០នាក់ នៅមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)។
វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងក្នុងគោលបំណងបណ្ដុះបណ្ដាលចំណេះដឹងនិងអភិវឌ្ឍជំនាញបន្ថែមដល់និស្សិតដើម្បីផ្សារភ្ជាប់នឹងតម្រូវការទេពកោសល្យឌីជីថលនៅកម្ពុជា និងត្រួសត្រាយផ្លូវសម្រាប់អាជីពរបស់និស្សិតឆ្ពោះទៅមុខ ដើម្បីជារួមចំណែកកសាងមូលធនមនុស្សឌីជីថល និងពន្លឿនបរិវត្តកម្មឌីជីថលនៅកម្ពុជា៕