(សៀមរាប)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំសិក្ខាសាលាស្តីពី «Future of Cybersecurity in Cambodia – Challenges and Opportunities» នៃគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ ដើម្បីជំរុញ និងលើកទឹកចិត្តនិស្សិតលើការចាប់យកជំនាញសន្តិសុខសាយប័រ។
សិក្ខាសាលានេះ បានរៀបចំឡើង ក្រោមអធិបតីភាព លោក ខូវ មករា រដ្ឋលេខាធិការនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារអង្គរមិរ៉ាខល ខេត្តសៀមរាប ដែលមានការអញ្ជើញចូលរួមពីសំណាក់លោកគ្រូ អ្នកគ្រូ និងនិស្សិតមកពីគ្រឹះស្ថានអប់រំឧត្តមសិក្សាចំនួន ៦។
សិក្ខាសាលានេះមានគោលបំណងបង្កើនចំណាប់អារម្មណ៍របស់និស្សិតលើការចាប់យកជំនាញសន្តិសុខសាយប័រ ក៏ដូចជាបង្កើនទស្សនាទានរបស់និស្សិតលើចំណេះដឹងអំពីការការពារទិន្នន័យរបស់ខ្លួនជាទូទៅនៅពេលប្រើប្រាស់អ៊ីនធឺណិត និងសេវាអនឡាញ ដោយមានការជជែកលើប្រធានមួយចំនួនដូចជា បញ្ញាសិប្បនិម្មិត (Artificial Intelligence - AI) នៅក្នុងវិស័យសន្តិសុខសាយប័រ ទិដ្ឋភាពទូទៅនៃសន្តិសុខសាយប័រនៅកម្ពុជាក្នុងពេលបច្ចុប្បន្ន និងទស្សនៈអន្តរជាតិលើទីផ្សារការងារនិងស្តង់ដារជំនាញសន្តិសុខសាយប័រ។
សិក្ខាសាលានេះ គឺជាសកម្មភាពមួយស្ថិតក្នុងគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រនៃព្រះរាជាណាចក្រកម្ពុជា ដែលទទួលបានជំនួយបច្ចេកទេស និងការគាំទ្រពីរដ្ឋាភិបាលជប៉ុនតាមរយៈភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា (JICA)៕