(ភ្នំពេញ)៖ លោកស្រី រស់ សូរក្ខា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពី «ការចុះតាមដានវាយតម្លៃ ការអនុវត្តអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ (CEDAW)» និង «ការលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពតាមប្រព័ន្ធអនឡាញ»។
កិច្ចប្រជុំនេះបានរៀបចំឡើងនៅខេត្តស្វាយរៀង នាថ្ងៃទី៣០-៣១ ខែតុលា ឆ្នាំ២០២៤ និង ខេត្តព្រៃវែង ថ្ងៃទី១-២ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពី មន្ត្រីរាជការមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តទាំងពីរ និងតំណាងសាខាប្រតិបត្តិករប្រៃសណីយ៍កម្ពុជា និងទូរគមនាគមន៍កម្ពុជា សរុបចំនួន ៣៧នាក់ ក្នុងនោះនារី ២០នាក់។
កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង (១). ស្វែងយល់ពីស្ថានភាពមន្ត្រីរាជការ និយោជិតជាស្ត្រី ដែលបម្រើការងារនៅមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ (២). តាមដានការអនុវត្តអនុសាសន៍ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងផ្សព្វផ្សាយអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ(CEDAW) (៣) ការលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពតាមប្រព័ន្ធអនឡាញ និង(៤)ប្រមូលធាតុចូលដើម្បីសរសេររបាយការណ៍ប្រចាំឆ្នាំ២០២៤៕