(ភ្នំពេញ)៖ អតីតរដ្ឋលេខាធិការយូរឆ្នាំនៅក្រសួងទេសចរណ៍ គឺលោក សូ ម៉ារ៉ា ត្រូវបានព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់តែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។ ការត្រាស់បង្គាប់តែងតាំងនេះ បានធ្វើឡើងតាមព្រះរាជក្រឹត្យកាលពីថ្ងៃទី១ ខែវិច្ឆិកា កន្លងទៅ។
សូមបញ្ជាក់ថា សូ ម៉ារ៉ា មានអតីតភាពជារដ្ឋលេខាធិការក្រសួងទេសចរណ៍ និងមានបទពិសោធក្នុងការងារវិស័យទេសចរណ៍រយៈពេល៣៥ឆ្នាំ គិតចាប់តាំងពីឆ្នាំ១៩៩០ ដល់ ឆ្នាំ២០២៤។
ក្នុងអាជីពជាមន្ត្រីក្រសួងទេសចរណ៍ ដែលធ្លាប់បានទទួលតំណែងតាមលំដាប់លំដោយជាអនុប្រធាន ប្រធាននាយកដ្ឋានឧស្សាហកម្មទេសចរណ៍ អគ្គនាយកទេសចរណ៍ អនុរដ្ឋលេខាធិការ និងជារដ្ឋលេខាធិការចំនួន ៣អាណត្តិ។
លោកបានសន្សំ និងទទួលបានបទពិសោធន៍ការងារជាក់ស្តែង និងធ្លាប់បានរួមចំណែកជាច្រើនក្នុងនាមជាស្ថានិកម្នាក់របស់អគ្គនាយកដ្ឋានទេសចរណ៍ក្នុងសម័យរដ្ឋកម្ពុជា។ គេនៅចាំបានថា កាលពីឆ្នាំ១៩៨០-១៩៩០ លោក សូ ម៉ារ៉ា ធ្លាប់បានបម្រើការងារនៅគណៈចាត់តាំងមជ្ឈឹមបក្សនៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដែលមានព្រឹទ្ធាចារ្យ សាយ ភូថង សម្តេចក្រឡាហោម ស ខេង និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាប្រធានគណៈចាត់តាំងមជ្ឈឹមបក្ស។
ក្នុងដំណាក់កាលនោះ លោកធ្លាប់បានទទួលតំណែងជាកម្មាភិបាល ជាអនុប្រធាននាយកដ្ឋានចាត់តាំងរដ្ឋអំណាច និងជាអនុប្រធានមន្ទីរនៃគណៈចាត់តាំងមជ្ឈឹមទទួលបន្ទុកការងារសរុប ដែលមាន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ជាអ្នកបណ្តុះបណ្តាល។ នានិទាឃរដូវឆ្នាំ១៩៧៩ យុវជន សូ ម៉ារ៉ា ក៏ដូចជាយុវជនកម្ពុជាជាច្រើនរូប (ជាប្រធានក្រុមសេនាជនឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង) បានក្រោកឈរឡើងរួមចំណែកវាយរំដោះមាតុភូមិកម្ពុជាពីពួកបនប្រល័យពូជសាសន៍ប៉ុល ពត នៅថ្ងៃទី៥ ខែមករា ឆ្នាំ១៩៧៩។
ឆ្លងកាត់រយៈពេល៤៥ឆ្នាំ លោក សូ ម៉ារ៉ា ក្នុងបុព្វហេតុបំរើជាតិ មាតុភូមិ បានរីកចំរើនធំធាត់ក្នុងចលនាមហាជន និងតាមរយៈការងារជាក់ស្តែង (ធ្វើផងរៀនផង)។ លោកធ្លាប់ត្រូវបានរដ្ឋាភិបាលចាត់បញ្ចូនចុះមូលដ្ឋានរយៈពេលវែង និងបានបន្តការសិក្សារហូតចប់ថ្នាក់ក្រោយមហាវិទ្យាល័យ (Postgraduate) ទាំងនៅប្រទេសសង្គមនិយម និងសហរដ្ឋអាមេរិកជាដើម៕