(ភ្នំពេញ)៖ មន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត និងវិទ្យាស្ថានរបស់បារាំង ប៉ាវលី កាល់ម៉ែត (Pali Calmettes) បានចុះកិច្ចព្រមព្រៀងលើអនុស្សរណៈយោគយល់គ្នា លើការជួយបណ្ដុះបណ្ដាលធនធានមនុស្ស និងបច្ចេកទេសព្យាបាល ថែទាំអ្នកជំងឺមហារីកនៅកម្ពុជា ប្រកបដោយស្ដង់ដារ។
ការចុះអនុស្សរណៈនេះបានធ្វើឡើងក្រោមវត្ដរបស់លោកសាស្ដ្រាចារ្យ ងី ម៉េង នាយកមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត និងលោកសាស្ដ្រាចារ្យ Norbert VEY នាយកចាត់ការទូទៅនៅវិទ្យាស្ថាន និងមានការចូលរួមពីថ្នាក់ដឹកនាំ និងបុគ្គលិកមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀតជាច្រើនរូបទៀត នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤។
លោកសាស្ដ្រាចារ្យ ងី ម៉េង បានថ្លែងបានបណ្ដាញព័ត៌មាន Fresh News ការចុះអនុស្សរណៈយោគយល់គ្នានេះ គោលដៅសំខាន់បំផុតទៅការបណ្ដុះបណ្ដាលដល់ក្រុមគ្រូពេទ្យ បុគ្គលិក និងមន្ដ្រីរាជការយើង តាមរយៈការបញ្ជូនក្រុមគ្រូពេទ្យយើងទៅសិក្សារៀនសូត្រនៅវិទ្យាស្ថាន ប៉ាវលី កាល់ម៉ែតដោយផ្ទាល់។
លោកសាស្ដ្រាចារ្យបានបន្ដថា «កន្លកមកយើងក៏បានបញ្ជូនក្រុមគ្រូពេទ្យយើងមួយចំនួនទៅបណ្ដុះបណ្ដាលនៅទីនោះរួចមកហើយ និងបានត្រលប់មកបំពេញការងារនៅកម្ពុជាវិញផងដែរ កាលពីកំលុងឆ្នាំ២០១៧មកម្លេះ។ តែដោយសារតែបញ្ហាជំងឺកូវីដ-១៩ ក៏បានខកខានបញ្ជូនក្រុមគ្រូពេទ្យទៅបណ្ដុះបណ្ដាលមួយរយៈ ដូច្នេះហើយនៅពេលនេះ យើងបានចុះកិច្ចព្រមព្រៀងលើអនុស្សរណៈជាថ្មីម្ដងទៀត ដែលមានរយៈពេល ៣ឆ្នាំ (២០២៤-២០២៧)»។
សម្រាប់ការចុះអនុស្សរណៈនាពេលនេះ គឺបានផ្ដោតសំខាន់ទៅលើ៥ចំណុចរួមមាន៖
១៖ ទៅលើការបណ្ដុះបណ្ដាលបុគ្គលិក ក្រុមគ្រូពេទ្យ ទៅសិក្សានៅប្រទេសបារាំង ផ្នែកជំងឺមហារីក
២៖ ទទួលបានការគាំទ្រផ្នែកបច្ចេកទេសពីវិទ្យាស្ថានបារាំងនេះ មកបណ្ដុះបណ្ដាលដោយផ្ទាល់នៅមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត ទាំងការងារបច្ចេកទេស ព្យាបាល និងថែទាំដល់អ្នកជំងឺរបស់
៣៖ ជួយឱ្យការព្យាបាលយើងមានកម្រិតស្ដង់ដារ ច្បាស់លាស់ក្នុងការព្យាបាលជំងឺមហារីក, ជួយរៀបចំនូវយុទ្ធសាស្ដ្រ សម្រាប់ការការពារ ធ្វើម៉េចរុករកឱ្យឆាប់ឃើញអ្នកជំងឺមហារីកក្នុងដំណាក់កាលដំបូង
៤៖ វិធីព្យាបាល ថែទាំអ្នកជំងឺធ្ងន់ធ្ងរ ដំណាក់កាលចុងក្រោយ រហូតដល់ជីវិតចុងក្រោយរបស់អ្នកជំងឺ
៥៖ ការសហការប្រតិបត្ដិការគ្នា ស្រាវជ្រាវទៅលើករណីជំងឺថ្មី អាចផ្លាស់ប្ដូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ពីស្ថានភាពអ្នកជំងឺមហារីកនៅកម្ពុជា
ក្រៅពីនោះវិទ្យាស្ថាន ប៉ាវលី កាល់ម៉ែត ដែលជាវិទ្យាស្ថានមួយផ្ដល់ការព្យាបាលថែទាំជំងឺមហារីកនេះ ក៏មានការជួយឧបត្ថម្ភសម្ភារៈឧបករណ៍ពេទ្យមួយចំនួនផងដែរក្នុងកម្រិតបច្ចេកទេស លើការព្យាបាលសម្រន់។ការបញ្ជាក់បន្ថែមរបស់លោកនាយកមន្ទីរពេទ្យ មិត្ដភាពខ្មែរ-សូវៀត។
ជំងឺមហារីកបាននឹងកំពុងកើនឡើង និងក្លាយជាឃាតករលាក់មុខ ដែលបានសម្លាប់មនុស្សប្រមាណ ៩,៧ លាននាក់ទូរទាំងសកលលោក បើផ្អែកទៅរបាយការណ៍របស់អង្គការសុខភាពពិភពលោក ឆ្នាំ២០២២។ ដោយឡែកនៅកម្ពុជា ជំងឺនេះបានកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ដែលក្លាយជាបញ្ហាប្រឈមផ្នែកសុខភាពសាធារណៈដ៏ធំមួយសម្រាប់កម្ពុជា៕