(ប៉េកាំង)៖ ស្របពេលប្រធានាធិបតីមហាអំណាចចិន ស៊ី ជិនពីង នឹងបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃនៅកម្ពុជា នាថ្ងៃទី១៣-១៤ ខែតុលា ឆ្នាំ២០១៦ប៉ុន្មានថ្ងៃខាងមុខនេះ។ នៅក្នុងដំណើរបំពេញទស្សនកិច្ចនេះ រាជរដ្ឋាភិបាលកម្ពុជា-ចិន នឹងចុះកិច្ចព្រមព្រៀង និងពិធីសារសំខាន់ៗយ៉ាងតិចចំនួន២៨។ នេះគឺជាគម្រោងទស្សនកិច្ចជាផ្លូវការលើកដំបូងសម្រាប់ លោក ស៊ី ជិនពីង ក្នុងនាមលោកជាប្រធានាធិបតីចិន។

ខាងក្រោមនេះជាប្រវត្តិខ្លះៗស្វែងយល់បន្ថែមពីប្រធានាធីបតីដ៏មានឥទ្ធិពលរូបនេះ៖

លោក Xi Jinping បច្ចុប្បន្នជាអគ្គលេខាធិការបក្ស​កុម្មុយនីស និងជាប្រធានាធិបតី​របស់សាធារណៈរដ្ឋប្រជាមានិតចិន ព្រមទាំងជាប្រធាន​​នៃកម្មាធិការយោធាមជ្ឈឹមរបស់​ប្រទេស ចិនផងដែរ។ ក្នុង​នាមជាប្រធានាធិបតី​ លោកធ្លាប់ទទួលបានងារក្រៅផ្លូវការមួយថាជា​ «មេដឹកនាំដ៏ខ្ពង់ខ្ពស់» ម្នាក់។

លោក Xi កើតនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៥៣ នៅទីក្រុង ប៉េកាំង។ លោកជាកូនទីពីរក្នុងគ្រួសារ ដោយឪពុករបស់លោកមានឈ្មោះថា Xi Zhongxun អតីតជាអ្នកធ្វើបដិវត្តន៍កុម្មុយនីសដ៏សំខាន់ម្នាក់ ដោយឡែកម្តាយមានឈ្មោះថា Qi Xin។ កាលពីអាយុ១០ឆ្នាំ ឪពុករបស់លោកត្រូវបានគេបណ្តេញចេញពីស្ថាប័ន ហើយបញ្ជូនទៅធ្វើការនៅរោងចក្រ Luoyang ក្នុងខេត្ត Henan។​ ក្រោយមកលោក Xi Zhongxum ត្រូវបានគេចាប់ដាក់ពន្ធធនាគារ​ក្នុងឆ្នាំ១៩៦៨ ជាពេលដែលប្រទេសចិន កំពុងស្ថិតនៅក្នុង​ដំណាក់កាលនៃបដិវត្តន៍វប្បធម៌។ ក្នុងនាមជាយុវជនដែលរស់នៅដោយ មិន​មានការមើលថែទាំខុសត្រូវពីសំណាក់​ឪពុក ជម្រុញឲ្យលោក Xi ត្រូវធ្វើការនៅ​ក្រុង Yanchuan ។

ភរិយាទីមួយ របស់លោកមានឈ្មោះថា Ke Lingling ជាកូនស្រីរបស់លោក Ke Hua មន្ត្រីអគ្គរដ្ឋទូត​ចិន ​ប្រចាំ​ចក្រភពអង់គ្លេស​ នៅដើមទសវត្សន៍ឆ្នាំ១៩៨០។ អ្នកទាំងពីរបានលែងលះគ្នា ក្នុងរយៈពេលប៉ុន្មាន​ឆ្នាំក្រោយម​កបន្ទាប់ពីការរៀបការ។ ក្រោយមក​ប្រធានាធិបតីរូបនេះ បានរៀបការជាមួយតារាចម្រៀង​ដ៏ល្បីឈ្មោះម្នាក់ ដែលមានឈ្មោះថា Peng Liyuan ក្នុងឆ្នាំ១៩៨៧។ ក្នុងពេលនោះលោកស្រី​មានឈ្មោះបោះសម្លេង ជាងលោក Xi ទៅទៀត។ អ្នកទាំងពីរ​​មានកូនស្រីម្នាក់​មានឈ្មោះថា Xi Mingze។ ដោយសារតែសម្ពាធការងារ ត្រូវបង្ខំឲ្យអ្នកទាំងពីរ​រស់នៅដាច់ឆ្ងាយពីគ្នាជាញឹកញាប់។ យ៉ាងនេះក្តីលោកស្រី​ Peng នៅតែលើកសរសើរស្វាមីរបស់ខ្លួនថា ជាមនុស្ស​ដែល​អំណត់ព្យាយាមក្នុងការងារ និងជាមនុស្សដាក់ខ្លួនម្នាក់។ លោកស្រីមិនដែលមានអារម្មណ៍ថា ក្នុងផ្ទះលោកស្រីមានអ្នកដឹកនាំកំពូលម្នាក់ឡើយ ផ្ទុយទៅវិញលោកស្រីគ្រាន់តែមានអារម្មណ៍ថា លោក Xi ជា​ស្វាមីដ៏សាមញ្ញម្នាក់តែប៉ុណ្ណោះ។
ក្នុងនាមជាភរិយារបស់មេដឹកនាំប្រទេសមហាអំណាច​ លោកស្រី បានដើរតួនាទីសំខាន់ៗ​ក្នុងនាមជា «First Lady» ច្រើនជាងអតិតភរិយារបស់មេដឹកនាំមុនៗ ។

អ្វីដែលជាចំណុចលេចធ្លោរបស់ប្រធានាធិបតីចិនរូបនេះ គឺលោកត្រូវបានគេចាត់ទុកថា ជាមនុស្សដែល​មានជំនាញក្នុងការដោះស្រាយបញ្ហា មិនចូលចិត្ត​ក្រាញននាលនឹង​មុខដំណែងខ្ពស់ៗ។ លោកក៏ជាមនុស្សស្រឡាញ់​ចូលចិត្តខ្សែភាពយន្តហោះ​ហូលីវ៉ូដម្នាក់ផងដែរ។ ប្រភពព័ត៌មានមួយបានឲ្យដឹងថា ប្រធានាធិបតីរូបនេះ ជាអ្នកគាំទ្រចំពោះភាពយន្តមួយដែលមានឈ្មោះថា The Godfather។

ចាប់ពីឆ្នាំ១៩៧៥ ដល់១៩៧៩ លោក Xi សិក្សាទៅលើផ្នែក វិស្វកម្មគីមីវិទ្យា (Chemical Engineering) នៅសកលវិទ្យាល័យ Tsinghua ក្នុងនាមជានិស្សិតផង និងជាកម្មករផងព្រោះថា ថ្នាក់សិក្សានេះមានលក្ខណៈនយោបាយ និងការអនុវត្តន៍ច្រើនជាងការសិក្សា ដោយ​និស្សិតត្រូវចំណាយពេលប្រហែល៨០ភាគរយ​ក្នុងការអនុវត្តន៍ និងធ្វើការ ដោយមានពេលត្រឹមតែ១៥ភាគរយប៉ុណ្ណោះ​សម្រាប់ការសិក្សា។
ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ ២០០២ លោកចាប់ផ្តើមសិក្សាអំពី​ទស្សនៈ វិទ្យាម៉ាកស៊ីសនិយម (Marxist philosophy) និងមនោគមន៍វិជ្ជាវិញម្តង។ បន្ទាប់ពីបញ្ចប់ការសិក្សា ចាប់ពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០០២ លោក​ជាប់ឈ្មោះជា​ចៅហ្វាយខេត្ត Fujian ។

ក្រោយមកក្នុងឆ្នាំ២០០២ ដល់២០០៧ ​លោកបានក្លាយជា​ចៅហ្វាយខេត្ត Zhejiang វិញម្តង ។ បន្ទាប់ពីលោក Chen Liangyu ត្រូវបានគេដកហូតដំណែងក្នុងឆ្នាំ២០០៧ ​លោក Xi ត្រូវបាន​គេបញ្ជូនទៅទីក្រុង សៀងហៃ ធ្វើជា​លេខាបក្ស​ក្នុងរយៈពេលខ្លីមួយ។ ពីឆ្នាំ២០០៨ ដល់ ​២០១៣ ​លោកបានជាប់ឈ្មោះជា​អនុប្រធានាធិបតី​របស់ប្រទេស ចិន បន្តពីលោក Jiang Zemin ដោយមានលោក Hu Jintao ជាប្រធានាធិបតី។​ នៅទីបំផុតថ្ងៃទី១៤ ខែ​មីនា ឆ្នាំ២០១៤ លោកបានជាប់ឆ្នោតធ្វើជាប្រធានាធិបតី នៃសាធារណៈរដ្ឋប្រជាមានិតចិន រហូតមកទល់បច្ចុប្បន្ន។ ក្នុងនាមជាប្រធានាធិបតីម្នាក់ លោក បានជម្រុញឲ្យប្រទេសយក្សនៅអាស៊ីមួយនេះ ក្លាយជា​មហាអំណាចសេដ្ឋកិច្ចទីមួយលើពិភពលោក៕