(ភ្នំពេញ)៖ គម្រោងវិនិយោគចំនួន៣១ ដែលមានទុនវិនិយោគសរុបប្រមាណ២២៦លានដុល្លារអាម៉េរិក ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងខែតុលា ឆ្នាំ២០២៤។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤។

សេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងថា ក្នុងខែតុលា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងថ្មីចំនួន៣០គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន១គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ២២៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ១៦ពាន់កន្លែង។

ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិត នៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន២១គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់
សេដ្ឋកិច្ចពិសេសមានចំនួន១០គម្រោង។

ជាការកត់សម្គាល់ គម្រោងវិនិយោគទាំង៣១ មានគម្រោងវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន ១, គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់, ស្បែកជើង និងកាបូប, គម្រោងបង្កើតរោងចកផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ, សម្ភារៈបរិក្ខាសម្រាប់បោះតង់, គ្រឿងសង្ហារឹម, គ្រឿងតុបតែងលម្អនិងគម្រោងផ្សេងៗដូចមានរាយលម្អិតតាមអនុវស័យខាងក្រោម។

គួរបញ្ជាក់ជូនផងដែរថា ក្នុងខែតុលា ឆ្នាំ២០២៤ នេះ ការវិនិយោគមកពីប្រទេសចិនស្ថិតនៅលំដាប់លេខរៀងទី១ ដោយបានរួមចំណែក៥៣.៣៩% នៃទុនវិនិយោគសរុប ខណៈពេលដែលការវិនិយោគក្នុងស្រុកគ្របដណ្តប់២៩.៤៧% នៃទុនវិនិយោគសរុប៕