(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំមួយដឹកនាំដោយអភិបាលរង៣រូប គឺលោក ឃ្លាំង ហួត, លោក សុខ ពេញវុធ និងលោក អ៊ីម រ៉នហាស្សាន់ ដើម្បីពង្រឹងការងារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ សង្គ្រោះទូកលិច និងសង្គ្រោះបន្ទាន់ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ ដោយប្រើប្រាស់កម្លាំងប្រមាណ១ម៉ឺននាក់ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងព្រះរាជពិធីបុណ្យ ប្រព្រឹត្តទៅប្រកបដោយភាពសប្បាយរីករាយ។

លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា គណៈបញ្ជាការឯកភាពរាជធានី បានដាក់កងកម្លាំងប្រដាប់អាវុធចម្រុះ នៅតាមគោលដៅសំខាន់ៗ ខណៈព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនៅឆ្នាំនេះ គឺចំនួនទូក និងកីឡាអុំទូកមានការកើនឡើង និងស្របពេលរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ បានរៀបចំព្រះរាជពិធីបុណ្យនេះ បានអធិកអធមជាងឆ្នាំកន្លងទៅ។

លោក ឃ្លាំង ហួត បានលើកឡើងថា ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការរៀបចំសោភណ្ឌភាពរាជធានីភ្នំពេញ ឲ្យកាន់តែមានភាពស្រស់ស្អាត ជារឿងដែលយើងក្នុងនាមជាអាជ្ញាធរ ត្រូវតែធ្វើអោយបានល្អបំផុត។ ចំពោះកីឡាករចំណុះទូក-ង ទាំងជាង២ម៉ឺននាក់ ត្រូវស្នាក់នៅទីតាំងចំនួន២ ដែលរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងនោះទីតាំងទី១ នៅឃ្លាំងសាំង ខណ្ឌឬស្សីកែវ និងទីតាំងទី២ នៅម្តុំរង្វង់មូលនាងមច្ឆា ក្នុងតំបន់អភិវឌ្ឍន៍ OCIC ខណ្ឌជ្រោយចង្វា ដើម្បីយើងងាយស្រួល ក្នុងការពារសន្តិសុខជូនពួកគាត់។

ក្នុងនោះលោក ឃ្លាំង ហួង បានថ្លែងថា ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ អាជ្ញាធររាជធានីភ្នំពេញ បានបង្កើនកម្លាំងត្រៀមការពារ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ។ ការរៀបចំផែនការទុកជាមុននេះ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីបង្កើនកិច្ចសហការគ្នាឲ្យបានម៉ត់ចត់ ក្នុងការទប់ស្កាត់ និងឆ្លើយតបបានទាន់ពេលវេលានៅពេលមានបញ្ហាមិនប្រក្រតីណាមួយកើតឡើង។

លោកបន្តថា សម្រាប់ផែនការការពារសន្តិសុខឆ្នាំនេះ ក៏ដូចឆ្នាំមុនៗដែរ គឺប្រើកម្លាំងសរុបពង្រាយ បណ្តាក់គ្នាតាមគោលដៅសំខាន់ៗ ដើម្បីងាយគ្រប់គ្រងស្ថានការណ៍ការ ការពារសណ្តាប់ធ្នាប់ចេញចូលឲ្យបានល្អ ជាពិសេស ហេតុការណ៍គ្រោះថ្នាក់ និងឧប្បទ្វវហេតុកើតឡើងដូចជា៖ ចោ លួច ឆក់ ប្លន់ ដាក់ថ្នាំ លូកហោប៉ៅ បទល្មើស ព្រហ្មទណ្ឌ បទល្មើសឧក្រិដ្ឋ ការបង្ករ ចលាចលផ្សេងៗ នៅតាមតំបន់សប្បាយភាព ដែលមានមនុស្សច្រើនជាដើម។
ក្រៅពីនេះ នៅតាមច្រកចេញចូលសំខាន់ៗក្នុងរាជធានីភ្នំពេញ ក៏ត្រូវបានដាក់កម្លាំងនគរបាលចរាចរណ៍ជាច្រើនផងដែរ ដើម្បីដោះស្រាយបញ្ហាកកស្ទះ ខណៈដែលប្រជាពលរដ្ឋមកពីខេត្តសម្រុកចូលរាជធានីភ្នំពេញ យ៉ាងច្រើនកុះករ រហូតដល់រាប់សែននាក់នោះ។   

នាឱកាសនោះលោក សុខ ពេញវុធ បានណែនាំកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវយកស្មារតីទទួលខុសត្រូវ ការពារនូវសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ថ្វាយអង្គព្រះមហាក្សត្រ ថ្នាក់ដឹកនាំជាតិកំពូលៗ ភ្ញៀវជាតិ និងអន្តរជាតិ និងប្រជាពលរដ្ឋ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដើម្បីឱ្យព្រះរាជពិធីនេះ ប្រព្រឹត្តទៅប្រកបដោយភាពសប្បាយរីករាយ។

សូមបញ្ញាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំនេះ នឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ គឺថ្ងៃព្រហស្បតិ៍ សុក្រ និងសៅរ៍ ទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ដោយមានទូក-ង ចូលរួមប្រកួនប្រជែងចំនួន៣៤៦ទូក លើសពីឆ្នាំកន្លងទៅ ៩ទូកនិងមានកីឡាករ ចំណុះទូកប្រមាណជាង២ម៉ឺននាក់ និងប្រទីបចំនួន៣៥ប្រទីប៕