(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅរសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៦ បានអញ្ជើញចូលជួបពិភាក្សា ការងារទ្វេភាគីជាមួយលោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីថៃ ដោយបានពិភាក្សាទៅលើបញ្ហាជាច្រើនសម្រាប់ជំរុញ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅលើទំព័រ Facebook របស់សម្តេចពីទីក្រុងបាងកក នៅមុននេះបន្តិចថា «រសៀលនេះ ខ្ញុំមានជំនួបទ្វេភាភីជាមួយ ឯកឧត្តម ប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្ត្រីថៃ។ បញ្ហាសហប្រត្តិការទ្វេភាគីលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគការតភ្ជាប់ផ្លូវដែក ផ្លូវគោក ការបើកច្រកព្រំដែន បញ្ហាពលករកម្ពុជានៅប្រទេសថៃ ជាពិសេសការនាំកសិផល ពីកម្ពុជាមកថៃ។ល។ គឺជារបៀបវារៈសំខាន់នៃការពិភាក្សា។
សម្តេចតេជោ បានបន្តថា «ភាពជាដៃគូដើម្បីសន្តិភាព និងវិបុលភាពរវាងប្រទេសទាំងពីរ ត្រូវបានពង្រឹង និងពង្រីកបន្ថែមតាមរយៈ នៃការសន្ទនាប្រកបដោយស្មារតីសាមគ្គីភាព មិត្តភាព និងសហប្រត្តិការនេះ»។
នៅនារសៀលថ្ងៃអាទិត្យនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្រៅពីជួបសម្ដែងការគួរសមនិងពិភាក្សាការងារខ្លះជាមួយ ឧត្ដមសេនីយ៍ ប្រាយុទ្ធ ចាន់អូចារ សម្តេចតេជោ ក៏នឹងជួបពិភាក្សាការងារជាមួយលោក វិក្រំ ប្រាណាឌីដ ដែលជាស្ថាបនិកនិងជានាយក ប្រតិបត្តិក្រុមហ៊ុនសាជីវកម្មអមតៈ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៦នេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដឹកនាំមន្រ្តីជាន់ខ្ពស់ កម្ពុជាជាច្រើនរូប អញ្ជើញទៅកាន់ទីក្រុងបាងកក ប្រទេសថៃ ដើម្បីចូលរួមកិច្ចប្រជុំកំពូលកិច្ចសន្ទនាកិច្ចសហប្រតិបត្តិការអាស៊ីលើកទី២ ហៅកាត់ថា ACD។
កិច្ចប្រជុំកំពូលនេះដែលធ្វើឡើងនៅថ្ងៃចន្ទ ទី១០ ខែតុលា ស្អែកនេះ នឹងផ្តោតលើបញ្ហាអទិភាពសំខាន់ចំនួន៦ រួមមាន៖ ទី១. ការតភ្ជាប់ សុវត្ថិភាពស្បៀងអាហារ ថាមពល និងទឹក, ទី២. ការតភ្ជាប់, ទី៣. វិស័យវិទ្យាសាស្ត្របច្ចេកទេ និងរបកគំហើញថ្មី, ទី៤. ការអប់រំ និងការអភិវឌ្ឍធនធានមនុស្ស , ទី៥. ទេសចរណ៍ និងវប្បធម៌ និងទី៦. ការលើកកម្ពស់នូវវិធីសាស្ត្រ ដើម្បីការរួមបញ្ចូល និងការអភិវឌ្ឍ ប្រកបដោយចីរភាព។
កិច្ចប្រជុំកំពូលនេះ មានប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃបណ្ដាប្រទេសដែលជាសមាជិកជាច្រើនរូប មានជាអាថ៌ ព្រះចៅស៊្សុលតង់ ប្រុយណេ, ប្រធានាធិបតីអ៉ីរ៉ង់, ប្រធានាធិបតីគុយវ៉េត ព្រមទាំងនាយករដ្ឋមន្ត្រីប្រទេសមួយចំនួនទៀតរួមមាន កម្ពុជា, ប៊ូតង, ឡាវ, បារ៉ែន, ម៉ាឡេស៊ី, សាធារណរដ្ឋកូរ៉េ, ថៃ, អនុប្រធានាធិបតីចិន និងគណៈប្រតិភូជាច្រើនទៀតតំណាងឲ្យប្រទេសជាសមាជិក៕