(ភ្នំពេញ)៖ សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានផ្ញើសារលិខិតសម្តែងនូវសេចក្តីសោមនស្សរីករាយ និងអបអរសាទរចំពោះ «អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ» ដង្ហែទៅកាន់ វត្តពោធិគិរីវង្សារាម ស្វាយសៀមថ្មី ដែលដឹកនាំដោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងថ្នាក់ដឹងនាំជាន់ខ្ពស់ ព្រមទាំងសមាជិក សមាជិកានៃរាជរដ្ឋាភិបាលជាច្រើននាក់។
ក្នុងសារលិខិតរបស់ សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «អង្គការសមាគមខ្មែរកម្ពុជាក្រោម មានសេចក្តីសោមនស្សរីករាយ និងអបអរសាទរ ប្រកបដោយសទ្ធាចិត្តជ្រះថ្លា យ៉ាងក្រៃលែងចំពោះ អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំដោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អមដំណើរដោយ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចរដ្ឋសភាធិបតី យួន សុដារី ប្រធានរដ្ឋសភា ព្រមទាំង ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា សមាជិក សមាជិកានៃរាជរដ្ឋាភិបាល បានដង្ហែទៅកាន់ វត្តពោធិគិរីវង្សារាម ស្វាយសៀមថ្មី ស្ថិតក្នុងស្រុកថ្កូវ ខេត្តព្រះត្រពាំង កម្ពុជាក្រោម នៅថ្ងៃចន្ទ ៤កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយសេចក្តីសុខ សុវត្ថិភាព មហោឡារិក អធិកអធ័ម ក្រោមបរិយាកាសស្រស់ស្រាយ រួសរាយរាក់ទាក់ រំភើបពោរពេញដោយក្តីគោរពស្រឡាញ់ពីព្រះសង្ឃ និងជនរួមជាតិខ្មែរក្រោម។ អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ត្រូវវេរប្រគេនព្រះសង្ឃដែលបានគ្រង់ចាំព្រះវស្សាអស់រយៈកាលត្រីមាស នៅអាវាសវត្តពោធិគិរីវង្សារាម ស្វាយសៀមថ្មី នៅថ្ងៃអង្គារ ៥កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ តាមប្រពៃណីនៃពុទ្ធសាសននិយមកិច្ច»។
សមាគមខ្មែរកម្ពុជាក្រោម បានបញ្ជាក់ថា នេះជាព្រឹត្តិការណ៍ដ៏កម្រ និងមានគុណតម្លៃជាប្រវត្តិសាស្ត្រក្នុងសង្គមជាតិខ្មែរយើងទាំងមូល។ ក្នុងនាម ពលរដ្ឋខ្មែរក្រោម សមាគមខ្មែរកម្ពុជាក្រោមតែងតែរំពឹង និងអំពាវនាវឲ្យមានព្រឹត្តិការណ៍បែបនេះជាយូរយារណាស់មកហើយដើម្បីផ្គាប់ចិត្តជនរួមជាតិខ្មែរនៅកម្ពុជាក្រោម ដែលតែងតែចាត់ទុក ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលកម្ពុជា ជាឪពុកម្តាយរបស់ខ្លួន ដូច្នោះដែរ ព្រោះជាឈាមជ័រកំណើតខ្មែរតែមួយ។ ការដែលរាជរដ្ឋាភិបាលសម្រេចដង្ហែអង្គកឋិនទានទៅកាន់ទឹកដីកម្ពុជាក្រោម គឺជាការបង្កើតនូវភាពកក់ក្តៅ និងបង្កើននូវការផ្សារភ្ជាប់ចំណងមនោសញ្ចេតនាកាន់តែស្អិតរមួតក្នុងនិស្ស័យបងប្អូនក្នុងគ្រួសារ សមដូចឈ្មោះអង្គកឋិនថា «អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ» ខ្មែរក្រោម ខ្មែរលើ ខ្មែរកណ្តាល គឺជាខ្មែរតែមួយ។
ជាថ្មីម្ដងទៀត ក្នុងនាមពលរដ្ឋខ្មែរក្រោម អង្គការ សមាគមខ្មែរកម្ពុជាក្រោម មានក្តីសង្ឃឹមថា រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ ឥស្សរជន ឧកញ៉ា និងបងប្អូនជនរួមជាតិខ្មែរទាំងអស់ គប្បីបង្កើតឲ្យមានពិធីដង្ហែអង្គកឋិនទាន ឬប្រារព្ធពិធីបុណ្យក្នុង ប្រពៃណីព្រះពុទ្ធសាសនាក្តី បុណ្យប្រពៃណីជាតិក្តី ឆ្ពោះទៅកាន់ទឹកដីកម្ពុជាក្រោមឲ្យបានជាប់ជាយូរអង្វែងថែមទៀត៕