(ភ្នំពេញ)៖ ក្រោមពាក្យប៉ុន្មានម៉ាត់ដែលលោក ហុង លីម តំណាងរាស្ត្រអូស្ត្រាលី មានដើមកំណើតខ្មែរអះអាងថា ខណៈរូបលោក និងពលរដ្ឋខ្មែររស់នៅទីក្រុងម៉ែលប៊ន កំពុងនាំគ្នាធ្វើបុណ្យកាន់ទុក្ខសព លោក កែម ឡី បែរជាលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដឹកនាំគណៈប្រតិភូមួយក្រុមទៅប្រារព្វពិធីជប់លៀង សប្បាយទទួលសមាជិកគណបក្សប្រជាជន ដែលទើបចូលថ្មីនៅទីនោះទៅវិញ។ ដូច្នេះពួកគាត់ និងពលរដ្ឋខ្មែរដែលមិនសប្បាយចិត្ត នឹងនាំគ្នាធ្វើបាតុកម្មប្រឆាំង លោក ហ៊ុន ម៉ាណែត...។
ខណៈក្រុមប្រតិភូដែលដឹកនាំដោយលោក ហ៊ុន ម៉ាណែត ទៅចូលរួមពិធីជប់លៀងអបអរទទួលសមាជិកបក្សថ្មី គេឃើញក្រុមលោក ហុង លីម ប្រមូលគ្នាបាន ជាង១៥០នាក់លើកបដាស្រែកមេក្រូប្រឆាំង និងក្រុមប្រតិភូនៅតាមដងផ្លូវដូចអ្វីដែលខ្លួនបានអះអាងមែន តែអ្វីដែលចំលែក លោក ហុង លីម និងគូកន មិនបានស្រែកទាមទារឲ្យក្រុមលោក ហ៊ុន ម៉ាណែត បញ្ឈប់សកម្មភាពជប់លៀងសប្បាយទៅតាមគោលបំណងរបស់ពួកគាត់ដែលថា ធ្វើឲ្យប៉ះពាល់អារម្មណ៍ពេលពួកគាត់កំពុងកាន់ទុក្ខនោះទេ។ ផ្ទុយទៅវិញបដាដែលពួកគាត់សរសេរ និងការស្រែកទាមទារ បែរជាមានពាក្យ «ហ៊ុន ម៉ាណែត ក្បត់ជាតិ CPP អាយ៉ងយួន ពួកអារដ្ឋាភិបាលក្បត់ជាតិ...ស្តេចសីហនុ នាំយួនចូលស្រុក សម្លាប់អ្នកស្នេហាជាតិ»។ល។ ទៅវិញ ។
នៅក្នុងនោះសូម្បីតែជនជាតិអូស្ត្រាលី និងកូនក្មេងមិនទាន់គ្រប់អាយុ ក៏ត្រូវបានលោក ហុង លីម អូសទាញឲ្យទៅចូលរួមធ្វើបាតុកម្មស្រែកជេរបញ្ចោនៅតាមដងផ្លូវសាធារណៈ ដែលជាសកម្មភាព និងរូបភាពពង្វក់ស្មារតីចងកំហឹងក្នុងផ្លូវអាក្រក់មួយ មិនសមជាអ្នកតំណាងរាស្ត្ររបស់ប្រទេសដែលមានអរិយធម៌រីកចំរើនសោះឡើយ។
ការចោទប្រកាន់យ៉ាងសាហាវ និងឃោឃៅបំផុតពីសំណាក់ ក្រុមបាតុកម្មដឹកនាំដោយបុគ្គល ហុង លីម ទៅលើអតីតព្រះមហាក្សត្រ មហាវិរក្សត្ររបស់កម្ពុជា សម្តេចព្រះបរម រតនកោដិ ដែលជាទីគោរពសក្ការៈបំផុតរបស់ប្រជារាស្រ្តខ្មែរទូទាំងនគរថា ក្បត់ជាតិ សម្លាប់អ្នកស្នេហាជាតិ នាំយួនចូលពេញស្រុក បានធ្វើឲ្យបងប្អូន ប្រជាពលរដ្ឋខ្មែរពេញផ្ទៃប្រទេសកម្ពុជា មើលឃើញពីការប្រមាថមួយដ៏ធ្ងន់ធ្ងរផុតលេខ ដែលមិនគួរនឹងអត់អោនឲ្យជាដាច់ខាត។ ការស្រែកប្រមាថដល់ អង្គព្រះមហាក្សត្របែបនេះ គឺជាទង្វើដ៏ផ្សៃព្រៃសម្លាប់ជាតិសាសន៍ឯង នៅលើទឹកដីរបស់គេ។ តើបងប្អូនយល់យ៉ាងណាដែរ ?
ដោយឡែកចំពោះការប្រមាថ លោក ហ៊ុន ម៉ាណែត ថា ជាជនក្បត់ជាតិវិញនោះ, យើងអាចនិយាយបានថា លោក ហ៊ុន ម៉ាណែត បើគេគិតមកដល់ពេលនេះ លោក ហ៊ុន ម៉ាណែត មានអាយុទើបនឹងជិត ៤០ឆ្នាំ គ្មានប្រវត្តិជាប់ចោទលក់ទឹកដីឲ្យបរទេស ឬក៏ជាប់ចោទធ្វើចារកម្មយកព័ត៌មានជាតិ ទៅលក់ឲ្យបរទេសនោះទេ ! ចុះហេតុអ្វីក៏អស់លោកដែលអួតខ្លួនថា សុទ្ធតែជាអ្នកស្នេហាជាតិ ជាអ្នកប្រជាធិបតេយ្យ ជាអ្នកមានចំណេះដឹងខ្ពង់ខ្ពស់ជាងអ្នករស់នៅក្នុងប្រទេស ហ៊ានលើក ដៃ សរសេរ ហ៊ានហាមាត់ខ្ជាក់ចេញនូវពាក្យ «ហ៊ុន ម៉ាណែត ក្បត់ជាតិ» មកខាងក្រៅទៅរួច។ តើទង្វើដ៏ឆ្កួតលីលារបស់អស់លោកអ្នកយ៉ាងមិចដែរ? សួរថា អស់លោកអ្នក ដែលកំពុងបាតុកម្មនៅប្រទសអូស្រ្តាលីនោះ បានជួយអ្វីសម្រាប់ជាតិ និងប្រជាពលរដ្ឋខ្មែរហើយឬនៅ? បើអស់លោកនៅតែក្រៅប្រទេសសោះហ្នឹង?
លោក ហុង លីម និងបក្ខពួកចោទលោក ហ៊ុន ម៉ាណែត ក្បត់ជាតិ នៅពេលដំណើរទស្សនកិច្ចរបស់ក្រុមគណៈប្រតិភូលោក ហ៊ុន ម៉ាណែត នៅក្នុងពិធីជប់លៀង ស្វាគមន៏សមាជិកថ្មី ត្រូវបានអញ្ជើញចូលរួមជាកិត្តិយសដោយលោក Bruce atkinson ប្រធានព្រឹទ្ធសភានៃរដ្ឋវិច តូរីយ៉ា របស់ប្រទេសអូស្ត្រាលី និងមន្ត្រីអ្នកមុខ អ្នកការជាច្រើនរូបទៀតនោះ វាស្មើនឹងលោក ហុង លីម ចោទប្រធានព្រឹទ្ធសភា និងមន្ត្រីរបស់រដ្ឋមួយរបស់ប្រទេសអូស្ត្រាលី ដែលខ្លួនផ្ញើជីវិតរស់នៅលើទឹកដី របស់គេឃុបឃិតចូលរួមជាមួយមនុស្សក្បត់ជាតិនឹងគេដែរ! ឬមួយលោក ហុង លីម និងបក្ខពួកមិននឹកស្មានថា ដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត មិនត្រូវបានស្វាគមន៏ដោយថ្នាក់ដឹកនាំរបស់ប្រទេសម្ចាស់ផ្ទះដូចអ្វីដែលលោកគិតឃើញ។
បើប្រៀបធៀបរវាងអាយុរបស់លោក ហុង លីម និងលោកហ៊ុន ម៉ាណែត ប្រៀបបានឪពុក និងកូន ដូចនេះការប្រកាន់ជំហរទៅឈ្លោះ និងចងអាឃាតជាមួយមនុស្ស ដែលមានអាយុស្មើនឹងកូនរបស់ខ្លួន វាមិនសមជាអ្នកនយោបាយដែលមានគំនិតចាស់ទុំសោះឡើយ។
ដូច្នេះសរុបសេចក្ដីមក ការចោទប្រកាន់ថា លោក ហ៊ុន ម៉ាណែត នាំគ្នាទៅសប្បាយចំថ្ងៃពួកគេកាន់ទុក្ខ វាគ្រាន់តែជាលេសប៉ុណ្ណោះ តាមពិតគោលដៅរបស់លោក ហុង លីម គឺធ្វើបាតុកម្ម ប្រឆាំងបំរើឲ្យមហិច្ឆតានយោបាយរបស់ក្រុមបក្ខពួកខ្លួនយ៉ាងពិតប្រាកដ៕