(Glasgow, ស្តុតឡែន)៖ ផ្អែកតាមកម្មវិធី និងរបៀបវារៈដែលបានកំណត់ នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានប្រតិភូអគ្គស្នងការដ្ឋាន នគរបាលជាតិកម្ពុជា បានអញ្ជើញចូលរួមពិធីបើកមហាសន្និបាតស្ថាប័ននគរបាលអន្តរជាតិលើកទី៩២ ប្រព្រឹត្តទៅនៅទីក្រុង Glasgow ប្រទេសស្តុតឡែន នៃចក្រភពអង់គ្លេស ដែលមានសមាជិកចូលរួម១៧៨/១៩៦ប្រទេស ប្រតិភូចូលរួមសរុបជាង៩០០នាក់។

អញ្ជើញជាគណៈអធិបតីនៅក្នុងពិធីបើកវេទិកាប្រចាំឆ្នាំរបស់ស្ថាប័ននគរបាលអន្តរជាតិឆ្នាំ២០២៤នេះរួមមាន៖ ប្រធានស្ថាប័ននគរបាលអន្តរជាតិ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាននគរបាលអន្តរជាតិ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងនាយករដ្ឋមន្ត្រី នៃចក្រភពអង់គ្លេស ដែលបានសម្តែងនូវមតិស្វាគមន៍ និងសុន្ទរកថា គន្លឹះផ្តោតសំខាន់លើតម្រូវការចាំបាច់ និងប្រសិទ្ធភាព នៃកិច្ចសហប្រតិបត្តិការក្នុងចំណោម អង្គភាពនគរបាលអន្តរជាតិ នៃប្រទេសជាសមាជិក ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ក្នុងបុព្វហេតុសន្តិសុខ និងសុវត្ថិភាពពិភពលោកទាំងមូល។

នៅក្នុងសុន្ទរកថា បើកមហាសន្និបាតនេះផងដែរ លោក Keir Starmer នាយករដ្ឋមន្ត្រី នៃចក្រភពអង់គ្លេស បានសង្កត់ធ្ងន់ទៅលើការរីករាលដាលគ្មានព្រំដែនកំណត់នូវប្រភេទបទល្មើសបច្ចេកវិទ្យា ដែលត្រូវបានប្រើប្រាស់ជា មធ្យោបាយប្រព្រឹត្ត អំពើភេរវកម្មការឆបោក ឆ្លងដែន ការរត់ពន្ធ និងជួញដូរមនុស្ស បទល្មើសគ្រឿងញៀន ដែលកិច្ចការទាំងនេះ ទាមទារឱ្យមានការលើកកម្ពស់ភាពជាដៃគូ និងកិច្ចសហការលើគ្រប់វិស័យក្នុងចំណោមប្រទេស ជាសមាជិក ដើម្បី កសាងបាននូវពិភពលោកប្រកបដោយសុវត្ថិភាព ជូនប្រជាពលរដ្ឋនៃប្រទេសជាសមាជិកទាំងអស់។

បន្ទាប់ពីបញ្ចប់កម្មវិធីបើក ប្រតិភូអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា ក៏ដូចជាបណ្តាប្រតិភូនៃប្រទេសជាសមាជិកផ្សេងទៀត បានបន្តចូលរួមអនុម័តរបៀបវារ: និងពិនិត្យលើសេចក្តីព្រាងខ្លឹមសារ នៃសេចក្តីសម្រេចមួយចំនួន ដែលនឹងត្រូវដាក់ជូនអង្គមហាសន្និបាតបោះឆ្នោតសម្រេចដោយសំឡេង ២/៣ នៃប្រទេសជាសមាជិកដែលមានវត្តមាន។

ក្នុងអំឡុងពេលមមាញឹកនេះដែរ ប្រធានប្រតិភូ ក៏បានទទួលជួបសំណេះសំណាលទ្វេភាគីជាមួយប្រតិភូនគរបាលជាតិប្រទេសតួកគី និងកាណាដា ដើម្បីជាការលើកកម្ពស់ទំនាក់ទំនងសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ និងសកម្មឡើងថែមទៀត៕