(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៦នេះ បានបើកឲ្យមានការប្រឡងជ្រើសរើស មន្រ្តីនគរបាលជាលើកដំបូង ក្នុងបំណងចម្រាញ់យកមន្រ្តីមានសមត្ថភាព និងមានឆន្ទៈក្នុងការបម្រើការងារជូនជាតិ។ ការប្រឡងនេះ ត្រូវបានអះអាងថា ធ្វើឡើង ប្រកបដោយតម្លាភាព សុក្រិត និងត្រឹមត្រូវគ្មានឡើយអំពើពុករលួយ។
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ នាយឧត្តមសេនីយ៍ គៀត ចាន់ថារិទ្ធ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ការប្រឡង ជ្រើសរើសមន្រ្តីនគរបាលនៅទូទាំង២៥ រាជធានី-ខេត្ត មានបេក្ខជនចូលរួមប្រកួតប្រជែងជាង ២ម៉ឺននាក់ ហើយការប្រឡងបានប្រព្រឹត្ត ទៅដោយភាពល្អប្រសើរ ហើយមិនទាន់មានរបាយការណ៍បង្ហាញពីភាព មិនប្រក្រតីណាមួយកើតឡើងនោះឡើយ។
បើតាមលោក គៀត ចាន់ថារិទ្ធ ក្នុងចំណោមបេក្ខជនជាង ២ម៉ឺននាក់ គឺចម្រាញ់យកតែជាង ៤ពាន់នាក់ប៉ុណ្ណោះ។ លោកនាយឧត្តមសេនីយ៍ គៀត ចាន់ថារិទ្ធ បានឲ្យដឹងថា បេក្ខជនដែលប្រឡងគឺជ្រើសយកចំណេះដឹង ចាប់ពីកម្រិតក្រោមមធ្យមសិក្សា រហូតដល់លើកម្រិត មធ្យមសិក្សា។ វិញ្ញាដែលប្រឡងរួមមាន វិញ្ញសារចំណេះដឹងទូទៅ ប្រវត្តិសាស្រ្ត វប្បធម៌ប្រពៃណី និងចំណេះដឹងពីមន្រ្តីនគរបាលផងដែរ។
នាយឧត្តមសេនីយ៍ គៀត ចាន់ថារិទ្ធ បានបញ្ជាក់ថា ការរៀបចំប្រឡងជ្រើសរើសមន្រ្តីនគរបាលបែបនេះ មិនធ្លាប់មានពីមុនមកឡើយ ហើយការប្រឡងនេះ បានធ្វើឡើងដូចការប្រឡងមធ្យមសិក្សាទុតិយភូមិផងដែរ គឺមានមន្រ្តីមកពីខាងក្រសួងអប់រំ រួមជាមួយមន្រ្តីនគរ បាលធ្វើអនុរក្សត្រួតពិនិត្យ ការប្រឡងត្រឹមត្រូវ។
លោកនាយឧត្តមសេនីយ៍ គៀត ចាន់ថារិទ្ធ បានអះអាងទៀតថា ដើម្បីធានាបាននូវភាពត្រឹមត្រូវ និងតម្លាភាព ក្រសួងមហាផ្ទៃបានបង្កើត គណៈជាច្រើនផ្នែក និងដាច់ដោយឡែកពីគ្នា ហើយគណៈកម្មការទាំងអស់នេះមានការចូលរួមពីមន្រ្តីក្រសួងអប់រំផងដែរ។ គណៈដែល បង្កើតឡើងសម្រាប់ការប្រឡងនេះ មានដូចជា៖ គណៈកម្មការទទួលពាក្យ គណៈកម្មកាប្រឡង គណៈកម្មការកាត់ក្បាលវិញ្ញាសារ គណៈកម្មការកែវិញ្ញាសារ គណៈកម្មការតភ្ជាប់វិញ្ញសារ គណៈកម្មការត្រួតពិនិត្យ គណៈកម្មការស្រង់ពិន្ទុ គណៈកម្មការបូកសរុបពិន្ទុ និង គណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃការប្រឡងផងដែរ។
នាយឧត្តសេនីយ៍ គៀត ចាន់ថារិទ្ធ បានអះអាងថា ការប្រឡងជ្រើសមន្រ្តីក្របខណ្ឌនគរបាលជាតិនេះ បានធ្វើឡើងយ៉ាងត្រឹមត្រូវ និងតម្លាភាព ដើម្បីផ្តល់ឱកាសដល់យុវជន យុវនារី ដែលមានបំណងចង់បម្រើជាតិ ជាពិសេសដើម្បីជ្រើសរើស បានអ្នកដែលមាន សមត្ថភាព និងឆន្ទៈពិតប្រាកដក្នុងការបម្រើការងារជាមន្រ្តីនគរបាលជាតិ៕