(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ មានបើកកិច្ចប្រជុំក្រោមអធិបតីភាព របស់លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើ សេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្ត សម្ភារ និងឯកសារពាក់ព័ន្ធ សម្រាប់បម្រើឱ្យការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើស ក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥។
បន្ទាប់ពីបានពិនិត្យ និងពិភាក្សាលើឯកសារតាមរបៀបវារៈយ៉ាងល្អិតល្អន់ម្តងមួយៗរួចមក អង្គប្រជុំ គ.ជ.ប បានធ្វើការកែសម្រួលខ្លឹមសារមួយចំនួន និងបានសម្រេចដូចខាងក្រោម៖
១៖ ឯកភាពលើសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្ត ចំនួន៧មុខ បម្រើឱ្យការចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោត សម្រាប់ការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥ រួមមាន៖
* សេចក្តីព្រាងលិខិតផ្ញើជូន លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ស្តីពីសំណើសុំកិច្ចសហការ និងអនុញ្ញាតឱ្យ គ.ជ.ប ធ្វើប្រតិភូកម្មអំណាច ដល់ក្រុមប្រឹក្សាសង្កាត់ឱ្យបំពេញតួនាទីជាតំណាង ក្នុងការចុះឈ្មោះបោះឆ្នោតជូនអ្នកបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាសង្កាត់នៅក្នុងមុខតំណែង។
* សេចក្តីព្រាងសេចក្តីសម្រេចការធ្វើប្រតិភូកម្មអំណាចដល់ក្រុមប្រឹក្សាសង្កាត់ សម្រាប់ការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥។ ក្រុមប្រឹក្សាសង្កាត់ដែល គ.ជ.ប ធ្វើប្រតិភូកម្មអំណាចនោះរួមមាន ក្រុមប្រឹក្សាសង្កាត់រាម សង្កាត់បិតត្រាំង សង្កាត់អូរឧកញ៉ាហេង សង្កាត់បឹងតាព្រហ្ម និងសង្កាត់អូរជ្រៅ នៃខេត្តព្រះសីហនុ។
* សេចក្តីព្រាងសេចក្តីណែនាំស្តីពី ការចុះឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោមនៃខេត្តព្រះសីហនុ ឆ្នាំ២០២៥ និងឯកសារពាក់ព័ន្ធ។
* សេចក្តីព្រាងសេចក្តីសម្រេចស្តីពី ការផលិត និងការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោត។
* សេចក្តីព្រាងសេចក្តីសម្រេចស្តីពី ការផ្តល់សុពលភាព និងការដាក់ឱ្យប្រើប្រាស់ បញ្ជីបោះឆ្នោតផ្លូវការ សម្រាប់ការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ)។
* សេចក្តីព្រាងសេចក្តីសម្រេចស្តីពី ការផលិត និងការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោត សេចក្តីព្រាងប្រតិទិនចែកបណ្ណព័ត៌មានអ្នកបោះឆ្នោត គំរូទម្រង់បណ្ណព័ត៌មានអ្នកបោះឆ្នោត និងឯកសារពាក់ព័ន្ធ។
* សេចក្តីព្រាងសេចក្តីសម្រេចស្តីពី ការបញ្ចូលឈ្មោះ និងការលុបឈ្មោះអ្នកបោះឆ្នោតសម្រាប់ការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) និងឯកសារពាក់ព័ន្ធ។
២៖ ឯកភាពលើសម្ភារ និងឯកសារពាក់ព័ន្ធ សម្រាប់បម្រើឱ្យការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥ រួមមាន៖
* កំណត់យកពណ៌សន្លឹកឆ្នោត សម្រាប់ប្រើក្នុងការបោះឆ្នោតលើកទី១ (ការបោះឆ្នោត ឡើងវិញ)
* គំរូសន្លឹកឆ្នោត
* ទម្រង់បែបបទពាក់ព័ន្ធ ចំនួន ៦ទម្រង់៕