(កំពង់ធំ)៖ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បាននាំយកអំណោយប្រព័ន្ធស្បៀងបម្រុងកម្ពុជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រគល់ជូនប្រជាពលរដ្ឋចំនួន ៧០៤គ្រួសារ ដែលមានជីវភាពខ្វះខាតនៅឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
នាឱកាសនោះលោក នួន ផារ័ត្ន បានថ្លែងថា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត តែងតែយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅ និងសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈហើយការផ្តល់ស្បៀងអាហារថ្ងៃនេះ គឺមិនបានបែងចែកវណ្ណៈពណ៌សម្បុរ ឬប្រកាន់បក្សនយោបាយអ្វីឡើយ គឺផ្តល់ជូនគ្រួសារជួបការលំបាកពិតប្រាកដជាក់ស្តែង។
លោកបានក្រើនរំលឹកដល់មន្ត្រីជំនាញទាំងអស់ ចូលរួមទប់ស្កាត់បទល្មើសនេសាទនៅបឹងទន្លេសាប ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ និងបង្កើនការទប់ស្កាត់ការនេសាទខុសច្បាប់ ព្រមទាំងចាត់វិធានការណ៍ម៉ឺងម៉ាត់ ចំពោះការផលិត និងការចែកចាយ និងការប្រើប្រាស់ឧបករណ៍នេសាទដែលមានលក្ខណៈបំផ្លិចបំផ្លាញខ្លាំង ដូចជាឧបករណ៍ឆក់ និងស្បៃមុងជាដើម។ លើសពីនេះទៀត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ ត្រូវបង្កើនការផ្សព្វផ្សាយ អប់រំ និងជំរុញការចូលរួមពីប្រជាពលរដ្ឋក្នុងការអភិរក្ស និងការធានានិរន្តរភាពធនធានជលផលសម្រាប់កូនចៅជំនាន់ក្រោយរបស់យើងផងដែរ។
លោក នួន ផារ័ត្ន បានអំពាវនាវប្រជាពលរដ្ឋទាំងអស់សូមយកចិត្តទុកដាក់ថែរក្សាសុខភពឱ្យបានល្អ ចៀសវាងកុំឱ្យមានជំងឺប៉ះពាល់ដល់សុខភាព ចៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញខ្លួនឯង គ្រួសារ និងសង្គមជាតិ។
លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយ បានបញ្ជាក់ថា ឃុំផាត់សណ្តាយ ជាឃុំមួយក្នុងចំណោមឃុំទាំង១១ នៃស្រុកកំពង់ស្វាយ ឃុំនេះមានភូមិសាស្ត្រស្ថិតនៅក្នុងតំបន់បឹងទន្លេសាប ដែលមានប្រជាពលរដ្ឋរស់នៅចំនួន ១.២៨២ គ្រួសារ ដែលរស់នៅពឹងផ្អែកលើការប្រកបមុខរបរនេសាទ។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋចំនួន៧០៤គ្រួសារ ដែលមានជីវភាពខ្វះខាតទទួលបានអំណោយក្នុង០១គ្រួសារទទួលបាន៖ អង្ករ២៥គីឡូក្រាម មី០១កេស ត្រីខកំប៉ុង០១យួរ ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ០១យួរ និង ទឹកបរិសុទ្ធ០១កេសផងដែរ៕