(កណ្តាល)៖ ឧកញ៉ា ទ្រី ភាព ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី២នៃ គណៈអចិន្រៃ្តយ៍គណៈពង្រឹងមូលដ្ឋាន ស្រុកកណ្តាលស្ទឹង បានថ្លែងគូសបញ្ជាក់ថា សមិទ្ធផលផ្លូវ ស្ពាន និងប្រឡាយបង្ហូទឹកដែលបាន សាងសង់ឡើងដោយ គណបក្សប្រជាជននៅតាមមូលដ្ឋាន គឺសម្រាប់បម្រើប្រជាពលរដ្ឋកម្ពុជាគ្រប់រូប និងគ្រប់និន្នាការនយោបាយ ទាំងអស់ ដោយគ្មានការរើសអើងនោះឡើយ។
ការថ្លែងបញ្ជាក់របស់ឧកញ៉ា ទ្រី ភាព បានធ្វើឡើងក្នុងកិច្ចសំណេះសំណាលជាមួយជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ជាង៣,០០០នាក់ នៅក្នុងឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៦នេះ។
ឧកញ៉ា ទ្រី ភាព នៅចំពោះសមាជិក សមាជិកាបក្សបានថ្លែងថា ដើម្បីដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋកម្ពុជានៅតាមមូល ដ្ឋានថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន ក៏ដូចជាគណៈពង្រឹងមូលដ្ឋាន បានប្រឹង ប្រែងសាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ មានជាផ្លូវ ស្ពាន និងប្រព័ន្ធប្រឡាយទឹកជាដើមនោះ គឺសម្រាប់បម្រើឲ្យប្រជាពលរដ្ឋគ្រប់ រូប និងគ្រប់និន្នាការនយោបាយដោយគ្មានការរើសអើងនោះឡើយ។
លោកឧកញ៉ា បានគូសបញ្ជាក់ថា ជាសក្ខីភាពនៅក្នុងស្រុកកណ្តាលស្ទឹងថ្នាក់ដឹកនាំគណៈពង្រឹងមូលដ្ឋាន ដែលរួមមានទាំងរូបលោក ផងនោះ បានសាងសង់ផ្លូវ ស្ពាន និងប្រឡាយទឹកជាដើម សម្រាប់សម្រួលការធ្វើដំណើរ និងការបង្កបង្កើនផល ហើយសមិទ្ធផលទាំងនេះ មិនដែលហាមឃាត់ប្រជាពលរដ្ឋគាំទ្របក្សនយោបាយដទៃមិនឲ្យប្រើប្រាស់នោះឡើយ។
ឧកញ៉ា ទ្រី ភាព ក៏បានអំពាវនាវដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ត្រូវរួបរួមសាមគ្គីជាមួយប្រជាពលរដ្ឋគ្រប់រូបដែលមាន ភូមិផងរបងជាប់គ្នា បើទោះបីគាំទ្រគណបក្សនយោបាយខុសគ្នាយ៉ាងណាក្តី។ លោកឧកញ៉ា សូមឲ្យប្រជាពលរដ្ឋនៅតាមមូលដ្ឋានត្រូវចេះ រួមគ្នាថែរក្សាសមិទ្ធផល ដែលត្រូវបានសាងសង់ឡើង ហើយត្រូវប្រឹងប្រែងរួមគ្នាកសាងនូវសមិទ្ធផលថ្មីៗបន្ថែមទៀត។
ឧញ៉ា ទ្រី ភាព បានបញ្ជាក់យ៉ាងដូច្នេះ «ទម្រាំសង្គមជាតិរបស់យើងមានដូចថ្ងៃនេះ យើងបានហែលឆ្លងទុក្ខលំបាកនិងឧបសគ្គ ច្រើនណាស់។ ជាពិសេសថ្នាក់ដឹកនាំប្រទេសរបស់យើង គឺសម្តេចតេជោ ហ៊ុន សែន លោកបានពលីកម្មកម្លាំងកាយចិត្តសព្វបែប យ៉ាងទម្រាំមានសមិទ្ធផលដូចបច្ចុប្បន្ន។ ដូច្នេះយើងត្រូវរួមថែរក្សាសមិទ្ធផលរបស់ពួកយើង រក្សាសន្តិភាពក្នុងសង្គមរបស់យើង ហើយត្រូវតែរួមគ្នាអភិវឌ្ឍន៍ជាតិឲ្យកាន់តែរីកចម្រើនថែមទៀត ជាមួយរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ»។
លោកឧកញ៉ា បានថ្លែងសុំសមាជិក សមាជិការគណបក្សប្រជាជនកម្ពុជា បើទោះបីគាំទ្រគណបក្សខុសគ្នាយ៉ាងណាក្តីត្រូវមានការ សាមគ្គីភាពថ្លែងក្នុងពិធីនេះដែរលោក ឧកញ៉ា បណ្ឌិត ក៏បានថ្លែងអំណរគុណ និងដឹងគុណចំពោះបងប្អូនដែលជ្រើសរើសគណបក្ស ប្រជាជនកម្ពុជា ជាជម្រើសរបស់បងប្អូន។នេះគឺជាសង្គមមួយដែលយើងទាំងអស់គ្នារួបរួមគ្នាដើម្បីអភិវឌ្ឍន៍ជាតិយើង និងរួមគ្នាបន្ត ថែរក្សាសម្មិទ្ធិផល ក៏ដូចជាហេដ្ឋារចនាសម្ព័ន្នដែលបានកសាងឡើងដើម្បីជាប្រយោជន៍ដល់យើងទាំងអស់គ្នា មិនថាគណបក្សណាទេ គឺបានផលប្រយោជន៍ពីការរីកចម្រើនទាំងនេះ។
មុននិងបញ្ចប់កិច្ចសំណេះសំណាលនាព្រឹកមិញ លោកឧកញ៉ាបណ្ឌិត ទ្រី ភាព ក៏បានអំពាវនាវដល់សមាជិកបក្ស និងប្រជាពលរដ្ឋ រួសរាន់ទៅចុះឈ្មោះបោះឆ្នោតអោយបានគ្រប់ៗគ្នា ដើម្បីមានសិទ្ធិទៅបោះឆ្នោតជ្រើសរើសមេដឹកនាំមូលដ្ឋាន ក៏ដូចមេដឹកនាំថ្នាក់ជាតិ ដែលខ្លួនពេញចិត្តនៅឆ្នាំ២០១៧ និង២០១៨។
ក្នុងឱកាសសំណេះសំណាលនាព្រឹកមិញនេះ ឧកញ៉ា ទ្រី ភាព ក៏បានឧបត្ថម្ភថវិកាមួយចំនួនដល់សមាជិក សមាជិកាបក្សព្រមទាំង កងកម្លាំងសមត្ថកិច្ចផងដែរ៕